Connect with us

កីឡា

កឹម​ រតនា​ មាន​ក្ដី​ស្រមៃ​ចង់​ឈ្នះ​មេដាយ​អន្តរជាតិ​ ខណៈ​លេង​កីឡា​ប៊ូល​ ១០​ឆ្នាំ​ហើយ​មិន​ទាន់​មាន​មេដាយ​អន្តរជាតិ​ទេ​

បានផុស

នៅ

កីឡាការិនី​ កឹម​ រតនា​ ថា​ខ្លួន​នៅ​មាន​ក្ដី​ស្រមៃ​មួយ​មិន​ទាន់​បាន​សម្រេច​នោះ​គឺ​ចង់​ឈ្នះ​មេដាយ​អន្តរជាតិ​ឲ្យ​បាន​ ១គ្រឿង​ ព្រោះ​ចូល​ហ្វឹកហាត់​​កីឡា​ប៊ូល​ និង​ប៉េតង់​ នេះ​ប្រហែល​ ១០​ឆ្នាំ​មក​ហើយ​នៅ​មិន​ទាន់​បាន​ឈ្នះ​នៅ​ឡើយ​ទេ​ស្រប​ពេល​ក្ដី​ស្រមៃ​មួយចំនួន​បាន​សម្រេច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ការិនី​ កឹម​ រតនា

កឹម​ រតនា​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ចូល​ប្រឡូក​ក្នុង​កីឡា​ប៊ូល​ និង​ប៉េតង់​នេះ​គិត​ៗ​ទៅ​មាន​រយៈពេល​ប្រហែល​ ១០​ឆ្នាំ​មក​ហើយ។​ ចំពោះ​សមិទ្ធផល​មេដាយ​ក្នុង​ស្រុក​ដូច​ជា​ កីឡា​ជាតិ​ ជើងឯក​ថ្នាក់​ជាតិ​ផ្សេងៗ​គឺ​ធ្លាប់​ឈ្នះ​នា​ពេល​កន្លង​មក​ ប៉ុន្តែ​នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​គឺ​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ។​

កីឡា​ការិនី​ កឹម​ រតនា

ម្ចាស់​មេដាយ​មាស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥​ រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ធ្លាប់​បាន​ចេញ​ក្រៅ​ប្រកួត​តែ​ ១ដង​គត់​ក្នុង​អាជីព​ ១០​ឆ្នាំ​មក​នេះ​តែ​ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ​ដោយ​សារ​បទ​ពិសោធ​នៅ​ក្មេង​ខ្ចី​ពេក។​ រតនា​ បញ្ជាក់​ថា​ ការ​ដែល​មិន​សូវ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​នេះ​ដោយ​សារ​តែ​ធ្វើ​តេស្ត​មិន​ឈ្នះ​រៀមច្បង​ សមត្ថភាព​នៅ​ក្រោម​កីឡាការិនី​ឆ្នើមៗ​ដទៃ​ទៀត។​

កីឡា​ការិនី​ កឹម​ រតនា ពេលឈ្នះមេដាយមាសថ្នាក់ជាតិ​

កីឡាការិនី​តំណាង​ក្រសួង​មហាផ្ទៃ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ពី​មុន​ដោយ​សារ​មិន​មាន​ពេលវេលា​ហ្វឹកហាត់​បាន​គ្រប់គ្រាន់​ព្រោះ​ជាប់​រៀន។ ដូច្នេះការ​​ហ្វឹកហាត់​បាន​តិច​ អារម្មណ៍​ត្រូវ​បែងចែក​ច្រើន ​មិន​សូវ​មាន​ពេល​ផ្ដោត​ទាំង​ស្រុង​លើ​ការ​ពង្រឹង​សមត្ថភាព​លេង។​ ឥលូវ​នេះ​ការ​រៀន​សូត្រ​ក៏​បាន​បញ្ចប់​ ក្របខ័ណ្ឌ​ក៏​ទទួល​បាន ​អាច​ថា​ជា​ពេល​សម​ស្រប​មួយ​ដល់​ខ្លួន​ប្រឹងប្រែង​ហ្វឹកហាត់​ឡើង​វិញ​ដើម្បី​ក្ដាប់​ឱកាស​បាន​ចេញ​ក្រៅ​ស្រុក​ដណ្ដើម​មេដាយ​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ហើយ។​

កីឡា​ការិនី​ កឹម​ រតនា

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ កឹម​ រតនា​ ចូល​ហ្វឹកហាត់​កីឡា​ប៊ូល​ និង​ប៉េតង់​នេះ​ប្រហែល​ ១០​ឆ្នាំ​មក​ហើយ។​ រូប​គេ​កន្លង​ទៅ​ហ្វឹកហាត់​ និង​ប្រកួតលើ​​វិញ្ញាសា​ក្រុម​ និង​ទើប​តែ​ផ្លាស់​មក​លេង​លើ ​វិញ្ញសា​ឯកត្តជន​នារី​ បាន​ ៣លើក​នោះ​ទេ។​ កីឡាការិនី​តំណាង​ក្រសួង​មហាផ្ទៃ​រូប​នេះ​ទើប​ឈ្នះ​មេដាយ​មាស​ និង​ពាន​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ ដែល​ទើប​បញ្ចប់​ការកាល​ពី​ថ្ងៃ​ទី៣០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម