Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកជំរុញ​ឲ្យ​មានកិច្ចព្រមព្រៀង​គ្រប់​គ្រង​នុយក្លេអ៊ែរ​ថ្មី ជាមួយ​រុស្ស៊ី​ និង​ចិន

បានផុស

នៅ

បន្ទាប់ពីកិច្ចព្រមព្រៀង New START បានផុតកំណត់កាលពីថ្ងៃទី៥ខែកុម្ភៈ​ឆ្នាំ២០២៦ សហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទីក្រុងហ្សឺណែវ ដើម្បីបង្កើតកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីមួយ​​ឲ្យ​កាន់តែទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Nikkie Asia)

តាម​ការ​ផ្សាយ​របស់​រ៉យទ័រ​ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Yeaw កាលពីថ្ងៃចន្ទ​ទី​២៣ខែ​​កុម្ភៈ បានជួបពិភាក្សាជាមួយប្រតិភូរុស្ស៊ី ហើយគ្រោងនឹងជួបជាមួយមន្ត្រីចិននៅថ្ងៃអង្គារនេះ។ គោលដៅរបស់អាមេរិកគឺចង់​ឲ្យ​មានកិច្ចព្រមព្រៀងពហុភាគីដែលរួមបញ្ចូលទាំង​ប្រទេសចិន​ផងដែរ ខណៈដែល​ក្រុង​វ៉ាស៊ីនតោនយល់ថា ចិនកំពុងពង្រីកឃ្លាំងអាវុធរបស់ខ្លួនយ៉ាងលឿន និងខ្វះតម្លាភាព។

ការចរចានេះកំពុងស្ថិតក្នុងស្ថានភាពតានតឹង។ នៅទីក្រុងហ្សឺណែវ អាមេរិកបានបញ្ចេញព័ត៌មានសម្ងាត់អំពីការសាកល្បងនុយក្លេអ៊ែរក្រោមដីរបស់ចិនកាលពីឆ្នាំ២០២០ ដើម្បីដាក់សម្ពាធ​ឲ្យ​ទីក្រុងប៉េកាំងបង្ហាញតម្លាភាព។ ឯកអគ្គរដ្ឋទូតចិន លោក Shen Jian បានទាត់ចោលការចោទប្រកាន់នេះ និងបដិសេធចូលរួមក្នុងការចរចាត្រីភាគី ដោយអះអាងថា ឃ្លាំងអាវុធរបស់ចិននៅមានកម្រិតតិចតួចបើធៀបនឹងអាមេរិក ឬរុស្ស៊ី។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទើបតែបានប្រកាសថា ការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីគឺជាអាទិភាពខ្ពស់បំផុត ដែលធ្វើ​ឲ្យ​ផ្លូវឈានទៅរកកិច្ចព្រមព្រៀងថ្មីកាន់តែស្មុគស្មាញ។

ទោះបីជាមានភាពរកាំរកូសក៏ដោយ ក្រសួងការបរទេសអាមេរិកនៅតែមានសុទិដ្ឋិនិយមក្នុងការពង្រីកការពិភាក្សាទៅកាន់សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (P5) រួមទាំងអង់គ្លេស និងបារាំងផងដែរ។ ខណៈ​​បច្ចុប្បន្នគ្មានកិច្ចព្រមព្រៀងណាមួយសម្រាប់កម្រិតអាវុធមហាប្រល័យលោក​ជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍ ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​យល់​ឃើញ​ថា កិច្ចព្រមព្រៀងទំនើបថ្មីមួយគឺចាំបាច់ណាស់ ដើម្បីបង្ការកុំ​ឲ្យមានការប្រកួតប្រជែងសព្វាវុធសកលជាថ្មីម្តងទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម