Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប៊ីសាអូឌីត បាញ់កម្ទេចដ្រូនអ៊ីរ៉ង់ ៣គ្រឿង ខាងកើតរាជធានី រីយ៉ាដ

បានផុស

នៅ

សារព័ត៌មាន Times of Israel ចេញផ្សាយនៅថ្ងៃសុក្រទី៦ខែមីនាថា ស្តេចប្រេងអាស៊ីគឺអារ៉ាប៊ីសាអូឌីត បានបាញ់ស្ទាក់និងកម្ទេចដ្រូនអ៊ីរ៉ង់ចំនួន៣គ្រឿង ស្របពេលទីក្រុងតេហេរ៉ង់ បង្កើនការវាយប្រហារក្នុងតំបន់ កំណត់គោលដៅជាពិសេសលើមូលដ្ឋានទ័ពអាមេរិក នៅតាមប្រទេសជិតខាងខ្លួន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត, ដ្រូនទាំងនេះត្រូវបានបាញ់កម្ទេចនៅភាគខាងកើតទីក្រុងរីយ៉ាដ ប៉ុន្តែមិនបង្កការខូចខាតធ្ងន់ធ្ងរ ឬបណ្តាលឲ្យបាត់បង់ជីវិតមនុស្សនៅក្នុងការបាញ់ស្ទាក់នេះឡើយ។ 

ក្រៅពីដ្រូន អារ៉ាប៊ីសាអូឌីតក៏រាយការណ៍ពីការបាញ់ស្ទាក់មីស៊ីលបាលីស្ទីកចំនួន៣គ្រាប់ ដែលតម្រង់ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Prince Sultan ក្បែរទីក្រុងរីយ៉ាដផងដែរ។

ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានថ្កោលទោសទង្វើរបស់អ៊ីរ៉ង់ថាជា «សកម្មភាពដ៏កំសាក» និងជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន ហើយសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីត នឹងធ្វើគ្រប់យ៉ាងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធនិងប្រជាជនរបស់ខ្លួន។

(រូប៖ Reuters)

សូមជម្រាបថា អ៊ីរ៉ង់បានពង្រីកការវាយប្រហាររបស់ខ្លួនទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ រួមមានអារ៉ាប៊ីសាអូឌីត កាតា និងគុយវ៉ែត ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់។

មុននេះ អ៊ីរ៉ង់បានបើកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco នៅអារ៉ាប៊ីសាអូឌីតរួចទៅហើយ ក្នុងគោលបំណងរុញតម្លៃប្រេងពិភពលោកឲ្យហក់ឡើងខ្ពស់ ដើម្បីបង្ខំឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអាមេរិកឲ្យបញ្ឈប់ការវាយប្រហារលើខ្លួន។

យ៉ាងណា អារ៉ាប៊ីសាអូឌីតបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យចាត់វិធានការភ្លាមៗប្រឆាំងនឹងអ៊ីរ៉ង់ ហើយក្នុងពេលជាមួយគ្នានេះ ទីក្រុងរីយ៉ាដ ក៏បង្កើនកិច្ចសហការយោធាយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីចែករំលែកទិន្នន័យរ៉ាដា និងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Patriot និង THAAD បន្ថែម៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម