ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា ខិតខំប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ជាមួយបណ្តាប្រទេសជុំវិញពិភពលោក
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ មានប្រសាសន៍ថា កម្ពុជាដែលជាប្រទេសមានការអភិវឌ្ឍតិចតួចមួយ បានខិតខំធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពមិនរើសអើងគ្នា និងការស្តីបន្ទោសឱ្យគ្នាទៅវិញទៅមក ដែលអាចនាំមកនូវភាពបែកបាក់នៃការរួបរួម។

ការលើកឡើងរបស់លោក លី ធុជ បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការការណ៍តាមប្រព័ន្ធវីដេអូរ ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UNESCAP។
លោកទេសរដ្ឋមន្ត្រី លី ធុច បានថ្លែងទៀតថា កម្ពុជា មើលឃើញថា ការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នា ដោយប្រុងប្រយ័ត្ន នៅក្នុងក្របខ័ណ្ឌនៃពហុភាគី ដោយគោរពតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រជាជាតិនីមួយៗ ដោយមិនត្រូវគិតពីភាពមាន ឬក្រ។ ហើយសារៈសំខាន់ និងភាពបន្ទាន់ នៃការផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលជាទំនិញសាធារណៈសកល ត្រូវប្រព្រឹត្តទៅក្នុងស្មារតីមនុស្សធម៌សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះ។

ម្យ៉ាងទៀតកម្ពុជាជឿជាក់ថា បណ្តាប្រទេសនានា គួរចៀសវាងគោលនយោបាយគាំពារនិយម ហើយជួយគាំទ្រប្រទេសដែលងាយរងគ្រោះ ជាពិសេសគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បីធានាថាប្រទេសទាំងនោះមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់។
លោក លី ធុជ បានបន្តថា កម្ពុជាជំរុញដល់អ្នកតាក់តែងគោលនយោបាយ គួរអនុវត្តការប្តេជ្ញាចិត្តក្នុងការបញ្ចៀសផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយមើលឃើញនូវការធ្លាក់ចុះ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។

បើតាមលោកទេសរដ្ឋមន្ត្រីកម្ពុជាជំរុញសហគមន៍អន្តរជាតិ ត្រូវតែធ្វើសកម្មភាពភ្លាមៗ ដើម្បីចៀវវាងការកើតឡើងជាថ្មី នៃគ្រោះមហន្តរាយនេះ ដោយការបង្កើតនូវឃ្លាំងរក្សាសម្ភារៈចាំបាច់ និងឧបករណ៍ការពារ ការផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវ និងគាំទ្រប្រព័ន្ធសុខភាពសាធារណៈ និងការដាក់ចេញនូវគំរូប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អ្នកដែលត្រូវការបំផុត។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោចីរភាព។
សូមជម្រាបថា កិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UNESCAP មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ព្រមទាំងមានការអញ្ជើញចូលរួមថ្លែងការណ៍ពីតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច ជាច្រើនទៀត។
ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាក្រុមប្រទេសដែលមានស្ថានភាពភូមិសាស្ត្រចម្រុះ ដែលមានដូចជារដ្ឋដែលកំពុងអភិវឌ្ឍដែលជាកោះតូចៗ (គីរីបាទី, កោះSolomon, ទីម័រខាងកើត, ទូវ៉ាលូ និង វ៉ានូអាទូ) ប្រទេសកំពុងអភិវឌ្ឍដែលគ្មានដែនសមុទ្រ (អាហ្គានីស្ថាន, ប៊ូតាន, ឡាវ និងនេប៉ាល់) និងប្រទេសដទៃផ្សេងទៀត (បង់ក្លាដេស កម្ពុជា និង ម៉ាយ៉ាន់ម៉ា)៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


