Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​ឡើង​ជា​ប្រធានាធិបតីមីយ៉ាន់​ម៉ា មីន ​អ៊ុងឡាំង​ ដោះ​លែង​អ្នក​ទោស​ជាង​ ៤ពាន់​នាក់​

បានផុស

នៅ

ប្រធានាធិបតីថ្មី​របស់​ប្រទេសមីយ៉ាន់ម៉ា លោក មីន ​អ៊ុងឡាំង​ (Min Aung Hlaing) បាន​អនុម័ត​ការលើកលែង​ទោសដល់​អ្នក​ជាប់​ឃុំ​ចំនួន ៤ ៣៣៥ នាក់ ដែល​ជា​ការ​សម្រេច​លើក​ទីបីក្នុងរយៈពេល ៦ខែកន្លង​មក។ នេះ​​បើ​យោង​តាម​ទូរទស្សន៍រដ្ឋ MRTV រាយការណ៍នៅ​ថ្ងៃសុក្រ​និង​ចុះ​ផ្សាយ​បន្ត​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ​២០២៦ ។

ការលើកលែងទោស​ចំពោះ​អ្នក​ជាប់​ឃុំ​​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ជាធម្មតា​ធ្វើឡើង​ជា​រៀង​រាល់ឆ្នាំ ដើម្បី​អបអរសាទរទិវាឯករាជ្យ​របស់ខ្លួន​នៅ​ខែមករា និង​ថ្ងៃ​ចូល​​ឆ្នាំថ្មីក្នុងខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតី​​ប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing ។ រូបភាព៖ Reuters

ទូរទស្សន៍ MRTV លើក​ឡើង​ថា​ ក្នុងចំណោមអ្នកទោស ៤ ៣៣៥ នាក់ត្រូវបានដោះលែង មានជនបរទេសចំនួន ១៧៩ នាក់នឹងត្រូវនិរទេស​ចេញ​ពី​ប្រទេស​មីយ៉ាន់​ម៉ា​។

ការ​រាយ​ការ​ណ៍​ខាង​លើ​​ក៏​បាន​លើក​ឡើង​​ពី​ការ​បន្ថយ​ទោស​ប្រហារជីវិត​​មក​​ត្រឹម​​​ជាប់​ទោស​អស់​មួយជីវិត ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​​ មក​​ត្រឹម ៤០ ឆ្នាំ និង​​ការ​កាត់​បន្ថយ​ទោស​​មួយ​​ភាគ​ ៦​​ សម្រាប់​​អ្នក​ទោស​​ផ្សេង​ទៀត ដោយ​មិន​បាន​​ពន្យល់​លម្អិត​ឡើយ​។

ចំណែក​សមាគម​​ជំនួយ​​អ្នកទោសនយោបាយដែល​ជា​ក្រុមសិទ្ធិ​មនុស្ស​​និយាយថា៖ « មនុស្សជាង ៣០ ០០០ នាក់ត្រូវបានឃុំខ្លួន​​ពី​បទ​ចោទ​ប្រកាន់​ខាង​​នយោបាយ​ ចាប់តាំងពី​ការ​ដឹក​នាំ​ដោយអតីត​​របប​យោធា​មីយ៉ាន់​ម៉ា​ ដែល​មាន​​លោក​​ Min Aung Hlaing ជា​អ្នក​ដឹក​នាំ ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ជាប់ឆ្នោត​​ក្នុងឆ្នាំ ២០២១ មក»។

គួរ​បញ្ជាក់​ថា អតីត​របប​យោធា​មីយ៉ាន់ម៉ា​និយាយ​កាលពី​ខែវិច្ឆិកា​​​ថា​​ខ្លួន​​​នឹង​លើក​លែងទោស​​ឬ​ទម្លាក់​ចោល​​បទចោទប្រកាន់​ប្រឆាំង​​នឹង​មនុស្ស ៨ ៦៦៥នាក់ ចំណែក​កាលពី​ខែមករា​​ប្រកាស​ថា​​អ្នកទោស​ជាង ៦ ០០០នាក់​ នឹង​ត្រូវ​បាន​ដោះលែង​​ក្នុង​ឱកាស​បុណ្យឯករាជ្យ​ជាតិ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម