ព័ត៌មានជាតិ
រដ្ឋាភិបាលមានគោលដៅបញ្ចូលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន៥%បន្ថែមទៀតទៅក្នុងប្រព័ន្ធនៅត្រឹមឆ្នាំ២០២៨
រដ្ឋលេខាធិការប្រចាំការក្រសួងការងារ លោកស្រី សុវណ្ណ វណ្ណារតន៍ បានថ្លែងថារដ្ឋាភិបាលនឹងជំរុញឱ្យមានការបញ្ចូលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥%បន្ថែមទៀតចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធត្រឹមឆ្នាំ២០២៨ខាងមុខ ដើម្បីឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ពេញលេញពីប្រព័ន្ធគាំពារសង្គម។ យ៉ាងណាក្ដីអង្គការសង្គមស៊ីវិលបានជំរុញឱ្យស្វែងរកដំណោះស្រាយមួយក្នុងពេលអន្តរកាលនេះដើម្បីជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គម និងការជំរុញឈានចូលក្នុងប្រព័ន្ធរបស់កម្មករនិយោជិក នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ បានថ្លែងថា ការដាក់បញ្ចូលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធគឺជាអ្វីដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដោយបានរៀបចំគោលនយោបាយ និងការលើកទឹកចិត្តជាច្រើនដើម្បីឱ្យអ្នកនៅក្នុងសេដ្ឋកិច្ចទាំងនោះចូលក្នុងប្រព័ន្ធត្រឹមត្រូវ។ លោកស្រីថា បច្ចុប្បន្នអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដល់ ៧៥%នៃកម្លាំងពលកម្មក្នុងប្រទេស ហើយរដ្ឋាភិបាលមានបំណងធ្វើយ៉ាងកាលបន្ថយនៅត្រឹម៧០%នៅឆ្នាំ២០២៨ខាងមុខ។
លោកស្រី វណ្ណារតន៍៖ «៥%ហ្នឹងបើនិយាយពីចំនួនកម្មករនិយោជិករបស់យើងគឺមិនតិចទេ។ ឃើញ៥%ភាគរយតែបើជាចំនួនគឺជាលាននាក់ នេះជាចំណុចមួយដែលខ្ញុំចង់បញ្ជាក់ថានេះជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលហើយត្រូវការការគាំទ្រពីបងប្អូនរបស់យើងទាំងអស់គ្នា»។

មន្ត្រីបច្ចេកទេសផ្នែកគាំពារសង្គម និងការងារនៃអង្គការអន្តរជាតិខាងការងារលោកស្រី Helen Kirsch បានលើកឡើងថា ការជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឈានចូលទៅក្នុងប្រព័ន្ធគឺជារឿងមួយដែលចាំបាច់ ដើម្បីពង្រីកនូវប្រព័ន្ធសន្តិសុខសង្គម។ លោកស្រីបានលើកឡើងថាអ្នកដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានការប្រឈមនឹងជីវភាពខ្លាំងនៅពេលដែលគាត់បាត់បង់ការងារ ធ្លាក់ខ្លួនឈឺ ឬពេលដែលជួបនឹងវិបត្តិផ្សេងៗ។
លោកស្រីថា៖ «វាជាការទទួលខុសត្រូវរួមហើយគឺជាកិច្ចខិតខំប្រឹងប្រែងរួមតម្រូវឱ្យយើងទាំងអស់គ្នាសហការជាមួយគ្នា(រវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន)»។
នាយិកាអង្គការអុកស្វាមកម្ពុជាលោកស្រី ភាណ សោភ័ណ មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាកាលពីព្រឹកនេះផងដែរថា គម្លាតដ៏ធំរវាងកម្មករក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធភាពនៃការទទួលបានការពារសង្គម និងការងារស្របច្បាប់។ លោកស្រីបន្ថែមថាចំនួនកម្មករនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានភាគច្រើននៃពលកម្មក្នុងប្រទេស គឺជាអ្វីដែលត្រូវយកចិត្តទុកដាក់។
លោកស្រីថា៖ «គម្លាតនេះគឺជាសក្ដានុពលថាតើយើងត្រូវធ្វើយ៉ាងណាដើម្បីធានាកិច្ចគាំពារសង្គមទៅលើកម្មករដែលវិស័យធំៗរបស់យើងដូចជាវិស័យកសិកម្ម និងវិស័យផ្លូវការដទៃទៀតដែលគាត់ទៅបម្រើការងារនៅកន្លែងដែលមិនទាន់មានការរៀបចំការងារតាមបែបផ្លូវការ»។

ប្រទេសកម្ពុជាគឺជាប្រទេសដែលបានចូលរួមត្រួតត្រាយផ្លូវ លើគំនិតផ្ដួចផ្ដើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កាលពីខែកក្កដា ឆ្នាំ២០២៣ និងបានអនុម័តផែនទីបង្ហាញផ្លូវរបស់កម្ពុជា នៅខែធ្នូ ឆ្នាំ២០២៤ ដែលបង្ហាញពីជំហររបស់កម្ពុជាក្នុងការពង្រឹងកិច្ចគាំពារសង្គមដល់ប្រជាជនកម្ពុជា ខណៈគិតមកដល់បច្ចុប្បន្នមានពលរដ្ឋប្រហែល៧លាននាក់ ស្មើនឹង៤១% នៃប្រជាជនសរុបទទួលបានអត្ថប្រយោជន៍ពីគម្រោងការពារសង្គម៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


