វប្បធម៌ ជំនឿ
ទំនាយការកាន់សាស្ត្រាវុធ របស់ទេពធីតាឆ្នាំខាល ដែលអ្នកមិនធ្លាប់ដឹង
មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ ឆ្នាំថ្មី នឹងចូលនៅថ្ងៃស្អែក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។

ទំនាយសាស្ត្រាវុធទេពធីតាឆ្នាំថ្មី មិនមានចែងក្នុងសៀវភៅ មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នេះទេ ប៉ុន្តែ លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នកស្រាវជ្រាវចងក្រងសៀវភៅ មហាសង្ក្រាន្ត បានឱ្យ “កម្ពុជាថ្មី” ដឹងថា បើនិយាយពីអាវុធរបស់ទេពធីតា ឃើញថា ទេវតាទ្រង់គង់លើខ្នងដំរី ដែលដំរីគឺប្រៀបដូចប្រជាពលរដ្ឋ ជាកម្លាំងរបស់ប្រទេស ឯកង្វេរ (ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី) ដើម្បីតម្រង់ទិសដំរី។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បញ្ជាក់ថា៖ “ដូចយើងឃើញហើយ ហ្មដំរីត្រូវមានកង្វេរដើម្បីបញ្ជាដំរី។ កង្វេរហ្នឹងប្រៀបដូចជាច្បាប់ទម្លាប់ដើម្បីតម្រង់ទិសប្រទេសជាតិ ដែលត្រូវការពង្រឹងច្បាប់ ឱ្យប្រជាពលរដ្ឋដើរផ្លូវល្អ ហើយកាំភ្លើងក៏ជាអាវុធមួយដើម្បីការពារជាតិ ការពារព្រំដែន ការពារទឹកដី អាចថានឹងមានការប្រើប្រាស់អាវុធដើម្បីគ្រប់គ្រងប្រទេសជាតិផងដែរ។ តែទំនាយនេះ មិនមែនសំដៅលើប្រទេសខ្មែរទេ គឺ ជម្ពូទ្វីប សំដៅពិភពលោក ដូចនេះពិភពលោកអាចប្រើប្រាស់អាវុធច្រើនជាងធម្មតា”។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះលើកឧទាហរណ៍ថា ទេវតាឆ្នាំ ឆ្នាំ២០២១ ព្រហស្តស្ដាំទ្រង់ម្ជុល ហើយក្នុងន័យនេះមិនមែនសំដៅលើ ម្ជុលដេរ ម្ជុលអីទេ ឱ្យតែទាក់ទងនឹងរបស់ស្រួច។ ក្នុងឆ្នាំមុននេះ ការប្រើម្ជុលចាក់ថ្នាំច្រើនអនេក សូម្បីគិតតែនៅប្រទេសកម្ពុជា គឺប្រជាជនចាក់វ៉ាក់សាំងកូវីដ-១៩ បានជាង ១៤ លាននាក់ ដែលមានចាក់រហូតម្នាក់ទៅដល់ ៤ ដង។
លោក អ៊ឹម បុរិន្ទ លើកឧទាហរណ៍បញ្ជាក់បន្តថា៖ “ហើយមានទេវតាសោយលោកហិត កាលជំនាន់នោះ ពេលលោក អាភីស៊ីត កាន់ជានាយករដ្ឋមន្ត្រីថៃ ហើយបក្សប្រឆាំងថៃ បានបូមឈាមបាតុករម្នាក់ ៥ មីលីលីត្រ បានរាប់កាន យកទៅជះលើរបងរដ្ឋសភា របងទីស្ដីការគណរដ្ឋមន្ត្រី របងផ្ទះលោក អាភីស៊ីត ហើយស្រុកខ្មែរយើងកាលហ្នឹងក៏មានជំងឺគ្រុនឈាមច្រើនដែរ។ អ៊ីចឹងបានខ្ញុំចង់និយាយថា ទេវតា ទ្រង់តែងព្រះកាយ និងកាន់អាវុធផ្សេងៗហ្នឹង គឺតំណាងឱ្យការទស្សទាយ នៅឆ្នាំដែលលោកយាងមកហ្នឹង ប៉ុន្តែគ្រាន់ថា អ្នកហោរាសាស្ត្រខ្មែរយើងសព្វថ្ងៃមិនអាចវែកញែកទំនាយហ្នឹងអស់ទេ”។

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ រូបនេះបញ្ជាក់ថា អ្វីដែលលោកសរសេរក្នុងសៀវភៅមហាសង្ក្រាន្ត គឺលោកមិនបានបញ្ចេញយោបល់របស់ខ្ញុំថា ស្រុកទេស ឬពិភពលោកនឹងទៅជាណា ដោយយោងតាមបច្ចុប្បន្នភាពនៃព្រឹត្តិការណ៍ពិភពលោកនោះទេ គឺសរសេរតាមក្បួនហោរាបុរាណទាំងអស់ ដែលខ្ញុំបានសរសេរចប់តាំងពីមុនមានការផ្ទុះបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែនទៅទៀត។

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន ឬទានល្អតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕
សូមរង់ចាំអានបន្តអត្ថបទ “តើទេពធីតាទាំង៧អង្គ កាន់សាស្ត្រាវុធ មែន ឬទេ?” ជាបន្តទៀត
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង