ព័ត៌មានជាតិ
មន្ត្រីជំនាញ អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺគ្រុនឈាមកើនឡើងជាង ៥០០ ករណី
ប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាមបានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈជំងឺនេះមានការកើនឡើងជាង ៥០០ ករណីដែលជាតួលេខមួយខ្ពស់គួរឱ្យព្រួយបារម្ភ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២២ មេសានេះថា ចាប់តាំងពីខែមករារហូតមកដល់ពេលនេះ មានករណីជំងឺគ្រុនឈាមប្រមាណជាង ៥០០ ករណីក្នុងនោះស្លាប់ ១ ករណីបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ កន្លងទៅមានត្រឹមតែជាង ៤០០ ករណីប៉ុណ្ណោះនិងមិនមានអ្នកស្លាប់ទេ មានការកើនឡើងជាង ១០ ភាគរយ។ លោកវេជ្ជបណ្ឌិតបានពន្យល់ថា ការដែលករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ មានការកើនឡើង គឺដោយសារ កត្តាបម្រែបម្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួល ក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី ៣ ស្ថិតក្នុងវ័ន្តឆ្នាំមានការផ្ទុះជំងឺគ្រុនឈាមដែលមានរយៈពេល ៥ ឆ្នាំម្តង។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «ជំងឺគ្រុនឈាមបានផ្ទុះទ្រង់ទ្រាយធំនៅឆ្នាំ ២០១៩ ។ អីចឹងបើគិតថា ៥ ឆ្នាំផ្ទុះម្តងវា នឹងផ្ទុះទ្រង់ទ្រាយធំម្តងទៀតនៅឆ្នាំ ២០២៤។ ដូចនេះវាចាប់ផ្ទុះឡើងបន្តិចម្តងៗចាប់ពីឆ្នាំ ២០២២ នេះតទៅហើយ»។ លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ខេត្តដែលមានករណីជំងឺគ្រុនឈាមឡើងខ្ពស់ដូចជានៅរាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ និងខេត្តកំពង់ចាមហើយខេត្តទាំងនោះ បានចាប់ផ្តើមដាក់ថ្នាំអាបេតជាបន្តបន្ទាប់ហើយ ដើម្បីទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ចំណែកខេត្តដែលមិនទាន់មានករណីគ្រុនឈាមខ្ពស់ យើងមិនអនុញ្ញាតឱ្យដាក់ថ្នាំអាបេតទេដើម្បីចៀសវាងកុំឱ្យមានភាពស៊ាំ និងខូចគុណភាពថ្នាំទៅថ្ងៃក្រោយ។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្រសួងដាក់ថ្នាំអាបេតតែនៅតាមពាងឬអាងទឹករបស់ប្រជាពលរដ្ឋទេ សំខាន់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ត្រូវចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមនេះទាំងអស់គ្នា ក្នុងការចូលរួមសំអាតអនាម័យនៅជុំវិញលំនៅឋាន និងទីសាធារណៈឲ្យបានស្អាតដូចជាលប់បំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗនិងរាល់វត្ថុដែលអាចដក់ទឹកបានព្រោះវាជាជម្រកនៃការកកើតដង្កូវទឹកដែលវិវត្តទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមដល់កុមារ និងមនុស្សគ្រប់វ័យ។
លោកប្រធានកម្មវិធីជាតិ បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើមត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២ នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតប្រមាណ ១០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំ ស្តីពីជំងឺគ្រុនឈាម ដើម្បីបង្ការនិងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


