KPT+
មូលហេតុប្រទេសមួយបន្តប្រពៃណីចាប់ពង្រត់កូនក្រមុំ មកទល់សព្វថ្ងៃ
ខណៈពេលដែលមនុស្សជាច្រើននៅលើលោកកំពុងតស៊ូមតិដើម្បីសិទ្ធិស្ត្រី ក៏មានមនុស្សមួយចំនួនបន្តធ្វើតាមប្រពៃណីដោយប្រារព្ធពិធីចាប់ពង្រត់កូនក្រមុំ (ជំរិតស្ត្រី) ទៅរៀបការទាំងបង្ខំ។ ការចាប់ពង្រត់កូនក្រមុំ ឬ “Ala Kachuu” គឺជាប្រពៃណីដ៏ចម្លែកដែលនៅតែកើតមាននៅក្នុងផ្នែកខ្លះក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)។

តាមប្រពៃណីនេះ ក្មេងស្រី (ខ្លះមានវ័យក្រោម១៨ឆ្នាំ) ត្រូវបានគេចាប់ពង្រត់ពីផ្ទះរបស់ខ្លួន ពីកន្លែងធ្វើការ ឬកន្លែងនានាដែលនាងទម្លាប់ឆ្លងកាត់ ដើម្បីយកទៅបង្ខាំងទុកនៅផ្ទះខាងប្រុសជាច្រើនថ្ងៃ។ គួរឱ្យប្លែកទៀតនោះគឺថា ការចាប់ពង្រត់មួយចំនួន ជាគំនិតផ្ដួចផ្ដើមពីសាច់ញាតិខាងស្រី ព្រោះកូនក្រមុំមិនយល់ព្រមរៀបការ។ ឯការចាប់ពង្រត់មួយចំនួនទៀត ដោយសារតែកូនខាងកូនកំលោះ ពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីស្ដីដណ្ដឹងកូនក្រមុំ។
ជារៀងរាល់ឆ្នាំនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន នារីវ័យក្មេងម្នាក់ ក្នុងចំណោមនារីប្រហែល ១២,០០០នាក់ ត្រូវបានចាប់ពង្រត់ និងបង្ខំឱ្យរៀបការជាមួយនឹងអ្នកចាប់ពង្រត់ពួកនាង។ ក្នុងនោះមនុស្សស្រីជាច្រើននាក់ត្រូវបានរំលោភនៅកំលុងពេលចាប់ពង្រត់។

នៅមុនឆ្នាំ ១៩៩៤ ការចាប់ពង្រត់ស្រ្តី មិនត្រូវចាត់ទុកជាអំពើខុសច្បាប់ទេ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ព្រោះវាជា “ប្រពៃណី” ពិសេស ដែលបានអនុវត្តរាប់ទសវត្សរ៍មកហើយ។ ប៉ុន្តែក្រោយឆ្នាំ ១៩៩៤ ប្រពៃណីចាប់ពង្រត់នៅតែកើតមានជាហូរហែ និងបន្តរហូតមកដល់បច្ចុប្បន្ននេះ។
តើការចាប់ពង្រត់កូនក្រមុំជាអ្វី?

ជាធម្មតា ការចាប់ពង្រត់ត្រូវបានគ្រោងទុកជាមុន ដោយមានជំនួយពីគ្រួសាររបស់បុរស។ សេណារីយ៉ូទូទៅ ស្ត្រីត្រូវបានចាប់ពង្រត់ចេញពីផ្លូវនៅពេលដែលនាងធ្វើដំណើរ ដោយបុរសវ័យក្មេងមួយក្រុមបានយកទៅដាក់ក្នុងយានជំនិះ ហើយនាំទៅផ្ទះ “កូនកំលោះ”។ ជួនកាលគេមិនត្រឹមតែបង្ខាំងនាងប៉ុណ្ណោះទេ ថែមទាំងចាប់រំលោភនាង ដើម្បីបង្ខំនាងឱ្យព្រមរៀបជាមួយ។ ក្នុងករណីខ្លះ ស្ត្រីដែលត្រូវគេចាប់ពង្រត់ មិនធ្លាប់ស្គាល់បុរសដែលចាប់នាងផង។
នៅក្នុងសង្គម Kyrgyz កេរ្តិ៍ឈ្មោះរបស់ស្ត្រីមិនទាន់រៀបការអាចនឹងត្រូវអាស្រូវដោយមិនអាចស្ដារវិញបានឡើយ ក្រោយពេលនាងចំណាយពេលសូម្បីតែមួយយប់នៅខាងក្រៅផ្ទះរបស់នាង។ ដូច្នេះហើយ ជនរងគ្រោះដែលចាត់ទុកកិត្តិយសគ្រួសារជាធំ គ្មានអ្វីតវ៉ាជាមួយគេ ក្រៅពីយល់ព្រមលើអាពាហ៍ពិពាហ៍នោះទេ។
ហេតុអ្វីបានជាការចាប់ពង្រត់កូនក្រមុំកើតឡើង?

ការចាប់ពង្រត់កូនក្រមុំត្រូវបានសង្គមទទួលយកថាជាប្រពៃណីរបស់ជនជាតិកៀហ្ស៊ីស៊ីស្ថាន ទោះបីជាការចាប់ពង្រត់ដោយមិនមានការព្រមព្រៀងគ្នាក៏ដោយ។ ត្បិតថាការចាប់ពង្រត់កូនក្រមុំជាអំពើខុសច្បាប់តាំងពីឆ្នាំ ១៩៩៤ មកពិតមែន ប៉ុន្តែទង្វើនេះអាចជាមធ្យោបាយមួយសម្រាប់គូស្នេហ៍ដែលមិនទទួលការអនុញ្ញាតពីឪពុកម្តាយ ឬគេចវេសពីការជូនថ្លៃបណ្ណាការថ្លៃៗ។ ជួនកាលវាកើតឡើងដោយសារជនល្មើសខ្លាចការបដិសេធ ឬកូនក្រមុំមិនស្ម័គ្រចិត្តរៀបការជាមួយ ឬគ្រួសាររបស់កូនកំលោះមិនចង់រៀបអាពាហ៍ពិពាហ៍ដែលមានតម្លៃថ្លៃ។
ផលប៉ះពាល់អវិជ្ជមានយូរអង្វែង

ការចាប់ពង្រត់កូនក្រមុំមិនត្រឹមតែរំលោភលើច្បាប់ Kyrgyz និងសិទ្ធិមនុស្សរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យប៉ះពាល់រយៈពេលយូរអង្វែងដល់ជនរងគ្រោះ និងក្រុមគ្រួសារផងដែរ។ ក្នុងនោះជនរងគ្រោះអាចរងអំពើហិង្សាក្នុងគ្រួសារ ហើយគូដែលកើតឡើងពីការចាប់ពង្រត់នឹងបញ្ចប់ដោយការលែងលះរហូតដល់ ៦០% ឯណោះ។ ក្រៅពីនោះក៏មានករណីជាច្រើនដែលស្ត្រីធ្វើអត្តឃាតភ្លាមៗ បន្ទាប់ពីត្រូវបានចាប់ពង្រត់ និងបង្ខំឱ្យរៀបការ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ
ចុចអាន៖ ចម្លែកណាស់! ជនជាតិភាគតិចចិន អាចការជាមួយគ្នាបានឬមិនបាន អាស្រ័យលើថ្លើមមាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


