ព័ត៌មានជាតិ
កម្ពុជា មានអ្នកស្លាប់ជាង ៦៥០០ នាក់ ជារៀងរាល់ឆ្នាំ ដោយសារជំងឺរលាកថ្លើមប្រភេទបេ និងសេ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា ជំងឺរលាកថ្លើមប្រភេទបេ និងសេ នៅតែជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងនៅប្រទេសកម្ពុជា ដោយមានអត្រាអ្នកស្លាប់ដោយសារជំងឺនេះប្រមាណចំនួន ៦៥៨១ នាក់ ជារៀងរាល់ឆ្នាំ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាប្រធានក្រុមបច្ចេកទេសសម្រាប់ជំងឺថ្លើម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៣ កុម្ភៈ នេះថា តាមការប៉ាន់ស្មាននៅប្រទេសកម្ពុជា ចំនួនអ្នកមានជំងឺរលាកថ្លើមប្រភេទវីរុសបេ មាន ៣ ភាគរយ ស្មើនឹង ៤៧ ម៉ឺន ៥ ពាន់នាក់ និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេចំនួន ១,៦ ភាគរយ ស្មើនឹង ២៥ ម៉ឺន ៧ ពាន់នាក់។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងចំណោមអ្នកជំងឺរលាកថ្លើមប្រភេទបេ ៤៧ ម៉ឺន ៥ ពាន់នាក់ ត្រូវបានគេប៉ាន់ស្មានថា ក្នុងនោះមានអ្នកស្លាប់ប្រចាំឆ្នាំចំនួន ៣៦០៥ នាក់។ ចំណែកអ្នកជំងឺរលាកថ្លើមប្រភេទសេវិញ ក្នុងចំណោម ២៥ ម៉ឺន ៧ ពាន់នាក់ ត្រូវបានប៉ាន់គេស្មានថា ក្នុងនោះមានអ្នកស្លាប់ប្រចាំឆ្នាំចំនួន ២៩៧៦ នាក់។

ពាក់ព័ន្ធនឹងជំងឺថ្លើមនេះដែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានពន្យល់ថា ជំងឺថ្លើមប្រភេទសេ និងបេនេះ ភាគច្រើនឆ្លងតាមឈាម និងការរួមភេទ តាមរយៈការចាក់ថ្នាំ ឬបញ្ចូលឈាមដោយមិនមានសុវត្ថិភាព។ ប៉ុន្តែមានការសិក្សាខ្លះដែរថា មានការឆ្លងតាមចំណីអាហារ តែមិនមានភស្តុតាងណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឲ្យប្រជាពលរដ្ឋរក្សាអនាម័យ ហើយពេលបរិភោគអាហារ គួរតែកុំប្រើការដួសសម្លរួមគ្នា ត្រូវដាក់វែកដួសដាក់រៀងៗខ្លួន ដើម្បីការពារជំងឺផ្សេងៗទៀតដែលឆ្លងតាមចំណីអាហារក្រៅពីជំងឺថ្លើមប្រភេទសេ និងបេ ដើម្បីការពារសុខភាពយើងទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រជាពលរដ្ឋគួរតែទៅធ្វើតេស្តជំងឺរលាកថ្លើមប្រភេទបេ និងសេ តាមរយៈធ្វើតេស្តរហ័ស និងការធ្វើតេស្តរាប់មេរោគដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើត ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា បើទុកយូរអាចប្រឈមទៅជាជំងឺរ៉ាំរ៉ៃ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ជំងឺក្រិនថ្លើម និងមហារីក។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺថ្លើមប្រភេទសេ ប្រសិនបើអ្នកជំងឺមិនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរទេ យើងអាចព្យាបាលជាសះស្បើយបានរហូតជិតដល់ ៩៨ ភាគរយ ហើយបច្ចុប្បន្នតម្លៃ នៃការព្យាបាលមានត្រឹមខ្ទង់រយប៉ុណ្ណោះ ខណៈពីមុនត្រូវចំណាយប្រមាណ ៥ ពាន់ ទៅ ១ ម៉ឺនដុល្លារ។ ចំពោះជំងឺរលាកថ្លើមប្រភេទបេ មានតម្លៃខ្ពស់ជាងនេះ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


