Connect with us

ព័ត៌មានអន្ដរជាតិ

វិធីម្យ៉ាងគត់ ជួយលោក ថាក់ស៊ីន ឲ្យចៀសផុតពីការជាប់ពន្ធនាគារ ពេលវិលចូលស្រុក

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងគឺ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចចៀសផុតពីការជាប់ពន្ធនាគារបាន លុះត្រាតែគាត់ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីការវិលត្រលប់ចូលស្រុកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបថត៖ AP)

លោក Wissanu ដែលក៏ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីផងដែរនោះ បានលើកឡើងថា “អ្នកទោសទាំងអស់ មានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ នៅថ្ងៃដំបូងនៃការជាប់ពន្ធនាគារ ពីព្រោះសិទ្ធិនេះអាចផ្តល់ឲ្យក្នុងអំឡុងពេលនៃការផ្តន្ទាទោស។ ប្រសិនបើព្រះមហាក្សត្រមិនព្រមលើកលែងទោសឲ្យ បន្ទាប់ពីការដាក់ញត្តិទេនោះ លោកថាក់ស៊ីន ត្រូវរង់ចាំដល់ពីរឆ្នាំទៀត ទើបអាចដាក់ញត្តិម្តងទៀតបាន”។

លោក Wissanu បន្តថា នៅពេលវិលត្រលប់ចូលស្រុកវិញនៅថ្ងៃទី១០ខែសីហា លោកថាក់ស៊ីននឹងត្រូវឡើងតុលាការ ដើម្បីទទួលដីកាដាក់ពន្ធនាគារសម្រាប់សំណុំរឿងចំនួនបីរបស់គាត់ ដែលប្រឈមនឹងការជាប់ពន្ធនាគារសរុប១០ឆ្នាំ។

ឧបនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Wissanu Krea-ngam (រូបថត៖ Bangkok Post)

ករណីទី១ គឺពាក់ព័ន្ធនឹងបញ្ហាឆ្នោតលេខ ២ ខ្ទង់ និង ៣ ខ្ទង់របស់ការិយាល័យឆ្នោតជាតិ ដែលដាក់ចេញក្នុងអំឡុងការគ្រប់គ្រងរបស់លោក ថាក់ស៊ីន។ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានរកឃើញថា លោក ថាក់ស៊ីន ប្រព្រឹត្តទោសកំហុសក្នុងការបំពេញការងារ និងបំពានក្រមសីលធម៌ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

ករណីទី២ គឺការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាតដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាតាមរយៈធនាគារ Exim Bank of Thailand ដើម្បីទិញឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន Shin Satellite ដែលលោក ថាក់ស៊ីន និងក្រុមការងាររបស់គាត់កាន់កាប់ភាគហ៊ុនភាគច្រើន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ តុលាការ​កំពូល​បានកាត់ទោស លោក ថាក់ស៊ីន​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៣ ​ឆ្នាំ​។

ចំណែកករណីទី៣ លោក ថាក់ស៊ីន នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារតែតុលាការរកឃើញថា គាត់មានទោសកំហុសក្នុងការប្រើប្រាស់តួនាទីជាបេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រី ហើយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp ជាក្រុមហ៊ុនទូរគមនាគមន៍ដែលត្រូវបានហាមឃាត់សម្រាប់អ្នកនយោបាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ តើសំណុំរឿងអ្វីខ្លះដែលលោក ថាក់ស៊ីន ប្រឈមជាប់ពន្ធនាគារ ១២ ឆ្នាំ ពេលត្រឡប់ចូលស្រុកវិញ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម