ព័ត៌មានជាតិ
ប.ស.ស និងអង្គការអុកស្វាម បានរៀបចំវេទិកាពិភាក្សាជាមួយតំណាងកម្មករនិយោជិតស្ដីពីរបបសន្តិសុខសង្គម
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម បានសហការរៀបចំវេទិកាប្រចាំឆ្នាំ លើកទី១ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិតស្ដីពីរបបសន្តិសុខសង្គម។

វេទិកាប្រចាំឆ្នាំជាលើកដំបូងនេះ បានរៀបចំឡើងក្រោមប្រធានបទ៖ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» ដែលបានប្រព្រឹត្តទៅក្រោមវត្តមានលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។
បើតាមលោកស្រី ភាណ សោភ័ណ វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានកិច្ចពិភាក្សាពីគោលនយោបាយ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងយេនឌ័រ និងជាសកល។

លោកស្រី ភាណ សោភ័ណ លើកឡើងថា បេសកកម្មរបស់អង្គការអុកស្វាម គឺដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌ ហើយអង្គការបានប្តេជ្ញាធ្វើការជាមួយរាជរដ្ឋាភិបាល និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូពាក់ព័ន្ធនានា ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ កសិករខ្នាតតូច កម្មករធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាស្ត្រី និងអ្នកម្តាយ សំដៅធានាដល់លទ្ធភាពរបស់ពួកគេក្នុងការទទួលបានរបបសន្តិសុខសង្គម។ លោកស្រី បន្តថា ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនានា ដែលបណ្តាលពីគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកល និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រ ជាដើម។

អញ្ជើញជាអធិបតីក្នុងវេទិកានេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខ (ប.ស.ស) បានថ្លែងថា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបង្កើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០។ លោក បានបញ្ជាក់ថា បញ្ចកោណទី១ គឺការអភិវឌ្ឍមូលមនុស្ស នៃមុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម បានបង្ហាញនូវការកសាង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្ដុំ និងសង្គតភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ។

បើតាមអគ្គនាយករង ប.ស.ស រូបនេះ បច្ចុប្បន្ន របបបេឡាសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តរបបសន្តិសុខសង្គមជាច្រើន រួមមាន របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន និងសាធារណៈ របបសន្តិសុខសង្គមផ្នែកថែទាំងសុខភាពសម្រាប់វិស័យឯកជន និងសាធារណៈ របបសន្តិសុខសង្គមសម្រាប់ប្រាក់សោធនសម្រាប់វិស័យឯកជន និងរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុក ប.ស.ស ក៏ត្រូវបានដាក់ឱ្យអនុវត្ត នាពេលថ្មីៗនេះផងដែរ។
តាមរយៈវេទិកាពិភាក្សាពេលនេះ លោក ហេង សុផាន់ណារិទ្ធ សង្ឃឹម និងជឿជាក់ថា អង្គវេទិកាទាំងមូល នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជាធាតុចូលសំខាន់ៗ ដើម្បីជាគន្លីះ ជាយុទ្ធសាស្ត្រ ក្នុងការប្រតិបត្តិការងារ ដោយជោគជ័យ តាមរយៈការបង្កើនសមត្ថភាព ការពង្រឹងគណនេយ្យភាព តម្លាភាព បរិយាបន្ន និងអភិបាលកិច្ចល្អសម្រាប់ប្រព័ន្ធគាំពារសង្គម ក្នុងការរួមចំណែកការពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកលនៅកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ