ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ វិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយពីការទាញលំហូរទេសចរ និងវិនិយោគិនចិន
រដ្ឋមន្ត្រី ហូត ហាក់ បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិន ខណៈរយៈពេល១០ខែ ឆ្នាំ២០២៤ ទេសចរចិនមកទស្សនាកម្ពុជាជាង ៦៩ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣។

លោក ហូត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា តាមរយៈការដាក់ចេញគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការល្អជាមួយអន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានទូតបរទេសនៅកម្ពុជា ស្ថានទូតកម្ពុជានៅបរទេស ដៃគូអភិវឌ្ឍ ពិសេសវិស័យឯកជន បាននិងកំពុងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យតែរីកចម្រើនជាលំដាប់។
ជាក់ស្ដែង កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាន៤៥ម៉ឺននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរចិនប្រមាណ ៥៥ម៉ឺននាក់។ សម្រាប់រយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥លាន៣៧ម៉ឺននាក់ កើនឡើងប្រមាណ ២២% ប្រៀបធៀបឆ្នាំ២០២៣។ ក្នុងនោះ ទេសចរចិនជាង ៦៩ម៉ឺននាក់ កើនឡើង ៥២,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្នុងន័យនេះ លោក ហួត ហាក់ គូសបញ្ជាក់ថា អនាគតវិស័យទេសចរណ៍អាស៊ាន ក៏ដូចជានៅកម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់បានឡើយពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិន។ សម្រាប់កម្ពុជា បានត្រៀមលក្ខណ សម្បត្តិគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា។ លោករដ្ឋមន្ត្រី ថ្លែងឱ្យដឹងបែបនេះ ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍វប្បធម៌នៅខេត្តក្វាងស៊ី ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក ថា សម្ដេចធិបតី បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពដែលជាជន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាល ក៏បានចាត់ទុកវិស័យទេសចរណ៍ ថា គឺជាមាសបៃតង ដែលទទួលបានកំណើនជាវិជ្ជមានរៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណ ១៣% ក្នុងផលិតផលកក្នុងស្រុកសរុប។
រាជរដ្ឋាភិបាល ក៏បានលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្ថិសាស្ត្រ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ធុរកិច្ច និងទេសចរណ៍សាសនា។ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលមានតម្លៃថែមខ្ពស់ ដោយបន្ថែមទេសចរណ៍បៃតង ទេសចរណ៍ស្អាត និងទេសចរណ៍វៃឆ្លាត។ នេះជាបន្ថែមរបស់រដ្ឋមន្រ្តី ហួត ហាក់ ដដែល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


