Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុការណ៍រត់ជាន់គ្នាបណ្តាល​ឱ្យ​ស្លាប់​១៨នាក់​នៅស្ថានីយរថភ្លើង New Delhi

បានផុស

នៅ

មនុស្សយ៉ាងហោចណាស់១៨នាក់​ក្នុង​នោះ​​មាន​​ស្ត្រី១៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏រន្ធត់​​នៅស្ថានីយរថភ្លើងក្នុងរដ្ឋធានី New Delhi ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាល​ពី​ថ្ងៃ​ទី១៦ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង New Delhi រង់ចាំឡើងរថភ្លើង បណ្ដាលឲ្យមនុស្ស១៨នាក់ស្លាប់និងរបួសជាច្រើននាក់ទៀត។

យោងតាមក្រុមមន្ត្រី រថភ្លើងចំនួនពីរត្រូវបានពន្យារពេលនៅស្ថានីយ ខណៈដែលរថភ្លើងទីបី ឆ្ពោះទៅកាន់ទីក្រុង Prayagraj ដែលជាកន្លែងប្រារពពិធីបុណ្យសាសនាហិណ្ឌូដ៏ធំ Kumbh Mela កំពុងរង់ចាំការចេញ​ដំណើរ​ ទើបមនុស្ស​បានរុញច្រានគ្នាទៅវិញទៅមក​ដើម្បី​សម្រុកទៅ​ជិះរថភ្លើងនោះ។ ជនរងគ្រោះជាច្រើននាក់ គឺជាអ្នកធ្វើធម្មយាត្រាហិណ្ឌូ ដែលកំពុងធ្វើដំណើរទៅពិធីបុណ្យនោះ។

ដោយសារតែហេតុការណ៍នេះ លោកនាយករដ្ឋមន្ត្រី​​ឥណ្ឌា លោក Narendra Modi ក៏បានបង្ហោះសារលើ​បណ្តាញសង្គម​ X ចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ​។ នៅពេលនេះការស៊ើបអង្កេតកំពុងដំណើរការ ហើយអាជ្ញាធរបានប្រកាសផ្តល់សំណងដល់​ជន​រងគ្រោះផងដែរ។

គួររម្លឹកថា យ៉ាងហោចណាស់មនុស្ស​៣០នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅឯពិធីបុណ្យរយៈពេលប្រាំមួយសប្តាហ៍កាលពីខែមុន បន្ទាប់ពីអ្នកកាន់សាសនាហិណ្ឌូរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីជ្រមុជទឹកនៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម