Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់៥៤នាក់ក្នុងការវាយប្រហាររបស់យោធា ស៊ូដង់ក្នុងទីក្រុង Darfur

បានផុស

នៅ

ក្រុម​ជំនួយនៅក្នុងប្រទេសស៊ូដង់ បានឲ្យដឹងថា មនុស្សយ៉ាងតិច៥៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាស៊ូដង់​លើទីផ្សារក្នុងស្រុកមួយនៅតំបន់ភាគខាងលិចរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះបានប៉ះចំទីផ្សារនៅ Tora ដែលស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង el-Fasher ដែលជារដ្ឋធានីនៃខេត្ត North Darfur សម្លាប់មនុស្សយ៉ាងហោចណាស់ ៥៤នាក់។

លោក Adam Rejal អ្នកនាំពាក្យសម្រាប់ការសម្របសម្រួលទូទៅរបស់ក្រុមផ្តល់​ជំនួយ​​​ដល់​ជនភៀសខ្លួននៅទីក្រុង Darfur បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃចន្ទលើភូមិ Tora បណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយ។ ជាងពាក់កណ្តាល​នៃអ្នកស្លាប់គឺជាស្ត្រី មនុស្ស​យ៉ាង​ហោច​ណាស់ ២៣ នាក់​បាន​រង​របួសនិង៧នាក់​បាត់​ខ្លួន។

លោក Rejal បាននិយាយថា ការវាយប្រហារនេះគឺជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការបំពានយ៉ាងច្បាស់លើច្បាប់ និងអនុសញ្ញាអន្តរជាតិ និងមនុស្សធម៌ទាំងអស់»។

ប៉ុន្តែ ឧត្តមសេនីយ Nabil Abdullah អ្នកនាំពាក្យយោធាស៊ូដង់ បាននិយាយថា ជនស៊ីវិលមិនត្រូវបានគេកំណត់គោលដៅទេ ដោយបន្ថែមថា ការចោទប្រកាន់នេះគឺមិនត្រឹមត្រូវឡើយ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ទីក្រុង el-Fasher ត្រូវបានកាន់កាប់ដោយយោធាស៊ូដង់ បើទោះបីជាមានការវាយប្រហារស្ទើរតែរាល់ថ្ងៃដោយក្រុមយោធាគូប្រជែងដ៏មានឥទ្ធិពល កងកម្លាំងគាំទ្ររហ័ស ឬ RSF ក៏ដោយ។

ការវាយប្រហារចុងក្រោយនេះគឺជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមនៅតាំងពីខែមេសា ឆ្នាំ ២០២៣ នៅពេលដែលភាពតានតឹងរវាងយោធា និង RSF បានផ្ទុះឡើងទៅជាសង្រ្គាមបើកចំហទូទាំងប្រទេស។

សង្គ្រាម​បាន​បំផ្លាញ​រដ្ឋធានី និង​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស។ សង្រ្គាមបានសម្លាប់មនុស្សជាង២៨០០០នាក់ បង្ខំមនុស្ស​រាប់លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងទុកឱ្យគ្រួសារមួយចំនួនគ្មានអាហារបរិភោគ ខណៈទុរ្ភិក្សបាន​លេបត្របាក់ផ្នែកខ្លះនៃប្រទេសនេះ។

ការប្រយុទ្ធគ្នានេះលេចចេញជាអំពើឃោរឃៅ រួមទាំងការរំលោភសម្លាប់ទ្រង់ទ្រាយធំ និងការសម្លាប់ដោយហេតុផលជាតិសាសន៍ ដែលស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាពិសេសនៅតំបន់ភាគខាងលិចនៃទីក្រុង Darfur នេះបើយោងតាមអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សអន្តរជាតិ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម