ព័ត៌មានអន្ដរជាតិ
រោងចក្រនៅចិនខ្លះផ្អាកប្រតិបត្តិការ ដើម្បីរក ទីផ្សារថ្មីជំនួសអាមេរិក
ក្រោមផលវិបាកនៃសង្រ្គាមពាណិជ្ជកម្មចុងក្រោយ អ្នកវិភាគ និងក្រុមហ៊ុនឯកជនផ្សេងៗបាននិយាយថា ក្រុមហ៊ុនផលិតកម្មខ្លះនៅក្នុងស្រុកចិនកំពុងផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយស្វែងរកទីផ្សារនាំចេញថ្មីជំនួសសហរដ្ឋអាមេរិក ដោយសារតែការដំឡើងពន្ធគយ។

តាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC ការផ្អាកនេះ ក៏ប៉ះពាល់ដល់វិស័យការងារចិនផងដែរ។
មន្រ្តីដៃគូជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាយោបល់ Tidalwave Solutions នៅក្រុងសៀងហៃ លោក Cameron Johnson បាននិយាយប្រាប់ CNBC ថា៖ «ខ្ញុំស្គាល់រោងចក្រជាច្រើន ដែលបានប្រាប់ពាក់កណ្តាលនៃបុគ្គលិករបស់ខ្លួនឱ្យត្រឡប់ទៅផ្ទះវិញក្នុងរយៈពេល ២-៣ សប្តាហ៍ កន្លងទៅនេះ ហើយបានបញ្ឈប់ផលិតកម្មរបស់ពួកគេទៀតផង»។ លោកបានបន្តថា រោងចក្រដែលផលិតរបស់ក្មេងលេង សម្ភារៈកីឡា និងទំនិញក្នុងហាងតម្លៃទាបៗ គឺរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែចំណាត់ការពន្ធគយនៅពេលនេះ។
លោក Johnson បាននិយាយទៀតថា ទោះបីជាការផ្អាកផលិតកម្មមិនទាន់មានទ្រង់ទ្រាយធំនៅឡើយក្ដី «ប៉ុន្តែវាកំពុងកើតឡើងនៅក្នុងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៃតំបន់ Yiwu និង Dongguan ហើយមានការព្រួយបារម្ភថាវានឹងកើនឡើង»។ អ្នកជំនាញដដែលបន្ថែមថា៖ «មានក្តីសង្ឃឹមថាពន្ធនឹងត្រូវបានបន្ទាប ដូច្នេះការបញ្ជាទិញអាចបន្ត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនកំពុងផ្អាកបុគ្គលិក និងផលិតកម្មមួយចំនួនជាបណ្ដោះអាសន្ន»។
យោងតាមការប៉ាន់ស្មានរបស់ធនាគារអាមេរិក Goldman Sachs កម្មករនៅចិនប្រហែល ១០-២០ លាននាក់ ធ្វើការក្នុងអាជីវកម្មដែលនាំចេញទៅសហរដ្ឋអាមេរិក។ ចំនួនកម្មករផ្លូវការក្នុងទីក្រុងនានារបស់ប្រទេសចិនកាលពីឆ្នាំមុន មានចំនួន ៤៧៣,៤៥ លាននាក់។

គួរគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពន្ធជាបន្តបន្ទាប់លើទំនិញចិន ១៤៥ ភាគរយ ដែលធ្វើឱ្យទំនិញខ្លះឡើងដល់ ២៤៥ ភាគរយ ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំជាថ្មីជាមួយចិន ដែលសងសឹកជាមួយនឹងពន្ធ ១២៥ ភាគរយ លើទំនិញរបស់អាមេរិក។ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំរបស់ចិន រួមចំណែកដល់ការនាំចេញសរុបប្រមាណ ៤៣៨,៩ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។
ខណៈលោក ត្រាំ អះអាងថា ការចរចាទ្វេភាគីកំពុងដំណើរការ ចិនបានច្រាលចោលពីវឌ្ឍនភាពបែបនេះ ទោះបីជាគូវិវាទទាំងសងខាង បង្ហាញជំហរស្វែងរកដំណោះស្រាយក្ដី។
ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ Imex Sourcing Services នៅទីក្រុង ក្វាងចូវ លោក Ash Monga បាននិយាយថា ផលប៉ះពាល់នៃកំណើនពន្ធទ្វេដងនាពេលថ្មីៗនេះគឺ «ធំជាង» វិបត្តិកូវីដ១៩ ទៅទៀត។ លោកបានកត់សម្គាល់ថា សម្រាប់អាជីវកម្មខ្នាតតូចដែលមានធនធានត្រឹមតែប៉ុន្មានលានដុល្លារនោះ ការដំឡើងពន្ធភ្លាមៗអាចនឹងក្លាយជាបន្ទុកធ្ងន់ធ្ងរ ហើយបង្ខំឱ្យពួកគេបញ្ឈប់អាជីវកម្ម។
តាមការចុះផ្សាយរបស់ CNBC គេសង្កេតមើលឃើញថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ធ្វើឱ្យក្រុមហ៊ុនផលិតកម្មខ្លះផ្លាស់ប្ដូរយុទ្ធសាស្រ្តនៃការលក់របស់ខ្លួន រួមទាំងការងាកទៅប្រើប្រាស់ «ការផ្សាយផ្ទាល់» នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។

ស្ថាបនិកក្រុមហ៊ុនប្រឹក្សាទីផ្សារ ChoZan លោកស្រី Ashley Dudarenok បាននិយាយថាក្រុមហ៊ុនចិនកាន់តែតិចទៅៗ ដែលពិចារណាបង្វែរការនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយប្រើច្រកនាំចេញនៃប្រទេសដទៃ ដោយសារតែសហរដ្ឋអាមេរិកបង្កើនការត្រួតពិនិត្យលើការដឹកជញ្ជូន។
លោកស្រី Dudarenok បានបន្ថែមថា ក្រុមហ៊ុនចិនជាច្រើនកំពុងធ្វើពិពិធកម្មផលិតកម្មទៅកាន់ប្រទេសឥណ្ឌា ជាជាងនៅអាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុនផ្សេងទៀត កំពុងបង្វែរការនាំចេញរបស់ខ្លួនពីសហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុប និងអាមេរិកឡាទីន។
ទន្ទឹមនឹងព័ត៌មានជុំវិញបញ្ហាក្នុងស្រុកបែបនេះ មន្ត្រីជាន់ខ្ពស់ចិនកាលពីថ្ងៃចន្ទ បានគូសបញ្ជាក់អំពីផែនការគាំទ្រការងារ និងជួយផ្នែកហិរញ្ញវត្ថុដល់អ្នកនាំចេញ ខណៈបង្ហាញអំពីលទ្ធភាពនៃការបញ្ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដោយសារភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក។
គេមើលឃើញថា មុនភាពតានតឹងចុងក្រោយ ចិនបានប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុករួចហើយ រួមទាំងកម្សោយតម្រូវការ និងវិបត្តិអចលនទ្រព្យ ដែលពន្យឺតកំណើនក្រោយវិបត្តិកូវីដ១៩។ កន្លងមក មានសេចក្ដីរាយការណ៍ថា ចិននឹងផ្ដោតលើការជំរុញតម្រូវការក្នុងស្រុក ដើម្បីប៉ះប៉ូវផលប៉ះពាល់នៃវិធានការពន្ធរបស់សហរដ្ឋអាមេរិក៕
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


