ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចថៃប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារពន្ធ ៣៦% របស់ ត្រាំ
សេដ្ឋវិទូបានព្រមានថា សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ និងវិស័យទេសចរណ៍សម្រាប់កំណើន កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៅឆ្នាំនេះ ប្រសិនបើពន្ធខ្ពស់របស់អាមេរិកចូលជាធរមាននៅដើមខែសីហាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ និង The Nation។

ការព្រមានបែបនេះ ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពន្ធខ្ពស់ ៣៦ ភាគរយ លើថៃ ដោយទុកពេលឱ្យចរចាបន្ថែមរយៈពេល ៣ សប្ដាហ៍ មុនពេលវាចូលជាធរមាននៅថ្ងៃទី ១ សីហា។
ទីផ្សារសហរដ្ឋអាមេរិក រួមចំណែកប្រមាណ ១៨ ភាគរយ នៃការនាំចេញសរុបរបស់ថៃកាលពីឆ្នាំមុន ហើយពន្ធ ៣៦ ភាគរយ រំពឹងថានឹងវាយប្រហារវិស័យដ៏សំខាន់របស់ថៃមួយនេះមុនគេ។
មួយក្នុងចំណោមសេដ្ឋវិទូ ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅក្រុមហ៊ុន InnoVest X Securities លោក Piyasak Manasant បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) ថៃ អាចធ្លាក់ចុះរហូតដល់ ១,១ ភាគរយ ពេញមួយឆ្នាំ ២០២៥ ហើយអត្រានេះអាចធ្លាក់ចុះរហូតដល់ ៤-៤,៥ ភាគរយ នៅឆមាសទី២។ កាសែត Krungthep Turakij បានស្រង់សម្ដីលោក ដែលនិយាយយ៉ាងដូច្នេះថា៖ «នោះគឺដោយសារតែសហរដ្ឋអាមេរិកជាទីផ្សារសំខាន់របស់ថៃ ខណៈពន្ធសកលនឹងប៉ះពាល់ដល់ការចំណាយ និងទេសចរណ៍»។

កាសែត The Nation វិញ បានស្រង់សម្ដីអ្នកជំនាញភាគច្រើនដែលនិយាយថា ពន្ធ ៣៦ ភាគរយ នឹងធ្វើឱ្យថៃខាតបង់ផ្នែកប្រកួតប្រជែង និងទម្លាក់ទំនុកចិត្តវិនិយោគិនបរទេស ដែលអាចឱ្យពួកគេផ្លាស់ប្ដូរទីតាំងផលិតកម្មទៅប្រទេសផ្សេងៗ រួមទាំងវៀតណាម (ជាប់ពន្ធ ២០%) ម៉ាឡេស៊ី (២៥ ភាគរយ) និងបណ្ដាប្រទេសអាមេរិកឡាទីន ដែលភាគច្រើនជាប់ត្រឹមពន្ធមូលដ្ឋាន ១០ ភាគរយ។
អ្នកជំនាញថៃជាច្រើនបានលើកឡើងថា ពន្ធខ្ពស់នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃធ្លាក់ចុះក្រោមការព្យាកររបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ឆ្នាំនេះប្រមាណ ១,៨ ភាគរយ។
កន្លងមក គណៈកម្មាធិការអចិន្រ្តៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ បានព្រមានថា ការដំឡើងពន្ធ ៣៦ ភាគរយ លើការនាំចូលរបស់ថៃ នឹងធ្វើកំណើន GDP របស់ប្រទេស អាចធ្លាក់ចុះដល់ ០,៧-១,៤ ភាគរយ ជាមួយនឹងការនាំចេញប្រចាំឆ្នាំអាចធ្លាក់ចុះដល់ ២ ភាគរយ។

ជាមួយគ្នានោះ សហភាពនិយោជកនៃពាណិជ្ជកម្ម និងឧស្សាហកម្មថៃ (EconThai) ឯណោះវិញ បាននិយាយថា ពន្ធ ៣៦ ភាគរយ របស់អាមេរិក អាចដាក់សម្ពាធលើវិស័យផលិតកម្មថៃ ដោយកម្មករទំនងជានឹងទទួលបន្ទុកធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
សហភាពព្យាករថា តម្លៃនៃការនាំចេញសរុបរបស់ថៃ រំពឹងថានឹងធ្លាក់ចុះជាង ៥០ ភាគរយ ភ្លាមៗនៅខែនេះ ពោលគឺសូម្បីតែមុនពេលពន្ធដដែលចូលជាធរមាន ដែលនេះមានន័យថា កម្មកររោងចក្រនៅថៃ នឹងរងផលប៉ះពាល់នៅឆមាសទី២ នៃឆ្នាំ ២០២៥ ។
អនុប្រធាន EconThai និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាអភិវឌ្ឍន៍ការងារជាតិ លោក Tanit Sorat បាននិយាយថា៖ «កម្មករថៃជាច្រើនទំនងជាបាត់បង់ការងាររបស់ពួកគេ ដោយភាពអត់ការងារធ្វើបានរារាំងទីផ្សារការងារបន្តដល់ឆ្នាំ ២០២៦»។
លោកបានបន្តថា ពន្ធគយនឹងបង្ខំឱ្យក្រុមហ៊ុនផលិត កាត់បន្ថយផលិតកម្មនៅទូទាំងឧស្សាហកម្មនានារួមមានសំបកកង់ ម៉ាស៊ីនត្រជាក់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ ផលិតផលអេឡិចត្រូនិកមួយចំនួន និងផលិតផលកសិកម្មកែច្នៃ ។ ជាធម្មតា ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏សំខាន់របស់ថៃ។
លោក Tanit បាននិយាយថា ក្នុងរយៈពេលខ្លី រោងចក្រអាចនឹងបញ្ឈប់កម្មករ ខណៈមានការប្រកួតប្រជែងតឹងតែងជាវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី (ជាប់ពន្ធអាមេរិក ៣២ ភាគរយ)។ ក្នុងរយៈពេលវែង លោកនិយាយថា ថៃអាចនឹងបាត់បង់ភាពទាក់ទាញជាគោលដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយសារអ្នកវិនិយោគបរទេសនឹងជ្រើសរើសការបណ្ដាក់ទុននៅវៀតណាម ឬឥណ្ឌូណេស៊ី ដែលមិនត្រឹមតែជាប់ពន្ធទាបជាងប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃថាមពល និងប្រាក់ឈ្នួលទាបជាង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


