Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៩ នាក់ បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានមួយបាក់នៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera កាលពីថ្ងៃទី០៩ខែកក្កដា។

ផ្នែកមួយនៃស្ពាន Gambira ដែលបានបាក់។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធនៅក្នុងទីក្រុង Vadodara ដោយផ្នែកមួយនៃស្ពាន Gambira ដែលបាន​សាង​សង់​ក្នុងឆ្នាំ ១៩៨៥ បានបាក់ភ្លាមៗបណ្តាលឱ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទៅក្នុងទន្លេ Mahisagar នៅខាងក្រោមស្ពាន។

ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដោយអាជ្ញាធរបញ្ជាក់ថា សាកសពត្រូវបានរកឃើញទាំងអស់ ហើយអ្នករបួសកំពុងទទួលការព្យាបាល។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី Narendra Modi ក៏បានសម្តែងនូវ​សមាន​ទុក្ខ​យ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្មនេះ និងបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។

ក្រុមជួយសង្គ្រោះយកជនរងគ្រោះចេញពីកន្លែងបាក់ស្ពាន។ (រូបភាព៖ Reuters)

គួរបញ្ជាក់ថា គ្រោះមហន្តរាយចុងក្រោយនេះ បន្ថែមទៅលើការព្រួយបារម្ភកាន់តែខ្លាំងឡើងលើហេដ្ឋារចនាសម្ព័ន្ធចាស់ជរារបស់ប្រទេសឥណ្ឌា។ កាលពីឆ្នាំ ២០២២ នៅក្នុងរដ្ឋ Gujarat មានស្ពានមួយបាក់បានសម្លាប់មនុស្សយ៉ាង​ហោច​ណាស់​ ១៣២នាក់ ដែល​ជាហេតុការណ៍បាក់ស្ពានស្លាប់មនុស្សច្រើនបំផុតមួយ។ ឧបទ្ទវហេតុទាំងនេះបានចោទជា​សំណួរបន្ទាន់ម្តងទៀតអំពីសុវត្ថិភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌា៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម