Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តភាគពាយព្យប្រទេសថៃ ប្រកាសអាសន្ន ព្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងពេក

បានផុស

នៅ

ខេត្ត Mae Hong Son ភាគពាយព្យប្រទេសថៃ បានប្រកាសអាសន្នដោយសារតែរងការវាយប្រហារដោយគ្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃពុធទី៦ខែសីហាឆ្នាំ២០២៥ ជំនន់រហ័សដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ បានបង្កការជន់លិចតំបន់ជាច្រើន ហើយថែមទាំងកាត់ផ្តាច់ផ្លូវនិងបណ្តាលឲ្យបាក់ដីជាច្រើនកន្លែងផងដែរ ជាពិសេសស្រុក Muang ត្រូវរងគ្រោះខ្លាំងជាងគេ។

ភ្លៀងធ្លាក់ខ្លាំងដែលជាឥទ្ធិពលនៃព្យុះមូសុង បានជំរុញឲ្យកម្រិតទឹកនៅតាមប្រឡាយ ព្រែក ស្ទឹង បឹងបួ ហក់ឡើងយ៉ាងគំហុក ជន់លិចផ្ទះប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ដល់ថ្នាក់អ្នកខ្លះ ជម្លៀសចេញសឹងមិនទាន់។

តាមការបញ្ជាក់ពីមន្ទីរឧតុនិយមខេត្ត, ស្ថានភាពគ្រោះធម្មជាតិនេះ នឹងមិនធូរស្រាលឆាប់ៗទេ ខណៈមានការព្យាករថា ទឹកភ្លៀងនឹងបន្តធ្លាក់ខ្លាំងទៀត នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ក្រៅពីគ្រោះទឹកជំនន់នេះ ស្រុក Mueang នៃខេត្ត Mae Hong Son ក៏កើតមានការរញ្ជួយដីរហូតដល់ទៅ៤លើកផងដែរ កាលពីថ្ងៃចន្ទ។

ការរញ្ជួយដីដំបូងកើតឡើងនៅម៉ោង ៦:៣៩នាទីល្ងាច មានកម្រិត ៣.១រ៉ិចទ័រ ជាមួយជម្រៅ២គីឡូម៉ែត្រ។ ការរញ្ជួយដីលើកទី២កើតឡើងនៅម៉ោង ៦:៥៩នាទីល្ងាច កម្រិត ២.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រ, លើកទី៣នៅម៉ោង ៧:០៦នាទីយប់ កម្រិត ១.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រនិងលើកទី៤នៅម៉ោង ៧:១៤នាទីយប់ កម្រិត ២.៤រ៉ិចទ័រ ជម្រៅ២គីឡូម៉ែត្រ។ 

ទោះបីជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ, ដោយសាររញ្ជួយដីទាំងនេះមានកម្លាំងខ្សោយ វាមិនបង្កការខូចខាតអ្វីទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រជាជនថៃ កំពុងរងទុក្ខវេទនាដោយសារទឹកជំនន់ ខណៈមនុស្សច្រើននាក់ត្រូវជម្លៀស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម