Connect with us

ព័ត៌មានអន្ដរជាតិ

តើរុស្ស៊ី និយាយបែបណា ក្រោយការចោទប្រកាន់ថា យន្តហោះចម្បាំងរបស់ខ្លួន រំលោភដែនអាកាសអេស្តូនី?

បានផុស

នៅ

ឆ្លើយតបទៅនឹងការចោទប្រកាន់ថា យន្តហោះចម្បាំងរុស្ស៊ី MiG-31 ចំនួន៣គ្រឿងបានហោះចូលដែនអាកាសអេស្តូនីដោយគ្មានការអនុញ្ញាតរយៈពេល១២នាទីនោះ, នៅថ្ងៃសៅរ៍ទី២០ខែកញ្ញាឆ្នាំ២០២៥ ទីក្រុងមូស្គូបានសេចក្តីថ្លែងការណ៍ខ្លីមួយដោយអះអាងថា យន្តហោះទាំងនោះគឺកំពុងធ្វើការហោះហើរធម្មតាពីតំបន់ Karelia ភាគខាងកើតនៃប្រទេសហ្វាំងឡង់ ឆ្ពោះទៅកាន់អាកាសយានដ្ឋានក្នុងតំបន់ Kaliningrad ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះទាំងនោះបានហោះពីលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិក ដែលមានចម្ងាយជាង៣គីឡូម៉ែត្រពីកោះ Vaindloo របស់អេស្តូនី ដោយមិនបំពានលើដែនអាកាសអេស្តូនីឡើយ។ ការហោះហើរត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទប្បញ្ញត្តិដែនអាកាសអន្តរជាតិ និងដោយមិនឆ្លងកាត់ព្រំដែននៃប្រទេសដទៃណាមួយនោះទេ”។

យ៉ាងណា សកម្មភាពនេះបានរុញស្ថានការណ៍ឲ្យឡើងកម្តៅមួយកម្រិតទៀត ឈានដល់រដ្ឋាភិបាលទីក្រុង តាលិន ស្នើសុំអង្គការណាតូឲ្យជួយផ្តល់ប្រឹក្សាលើបញ្ហានេះ។

(រូបថត៖ Reuters)

នាយករដ្ឋមន្ត្រីអេស្តូនី Kristen Michal ស្នើឲ្យណាតូប្រើមាត្រា៤ ដើម្បីកោះប្រជុំជាបន្ទាន់ ដោយនិយាយថា «ការឆ្លើយតបរបស់ណាតូចំពោះទង្វើបង្កហេតុណាមួយ គឺត្រូវតែរួបរួមនិងរឹងមាំ។ យើងចាត់ទុកថា​ វាជារឿងចាំបាច់បំផុតក្នុងការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីធានាបាននូវការដឹងអំពីស្ថានភាពរួមគ្នា និងដើម្បីឯកភាពលើជំហានរួមគ្នាបន្ទាប់»។

មាត្រា៤​នៃ​ធម្មនុញ្ញ​របស់​អង្គការ​ណាតូ បាន​ចែងថា សមាជិកណាតូនឹងពិគ្រោះយោបល់ជាមួយគ្នានៅពេលណាក៏ដោយ តាមគំនិតរបស់សមាជិក​ណាមួយ ​ដែល​ទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខនៃរដ្ឋសមាជិកណាមួយត្រូវបានគំរាមកំហែង។

នាយករដ្ឋមន្ត្រីអេស្តូនី Kristen Michal (រូបថត៖ Reuters)

សូមជម្រាបថា ហេតុការណ៍ចុងក្រោយនេះ កើតឡើងមិនប៉ុន្មានថ្ងៃផងបន្ទាប់ពី ប៉ូឡូញ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ដែលរំលោភលើដែនអាកាសរបស់ខ្លួន។ សម្ព័ន្ធមិត្តណាតូ រួមទាំងហូឡង់ អាល្លឺម៉ង់ និងអ៊ីតាលី បានជួយក្នុងប្រតិបត្តិការនោះ។

ក្រោយមក សម្ព័ន្ធមិត្តក្នុងអង្គការណាតូ ជាពិសេសបារាំងនិងអង់គ្លេស សុទ្ធតែប្រកាសពីការបញ្ជូនយន្តហោះចម្បាំងទៅជួយប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម