Connect with us

ព័ត៌មានជាតិ

ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា

បានផុស

នៅ

បើគ្មានការប្រែប្រួល គណៈប្រតិភូយោធាមកពីប្រទេសជប៉ុន និងរុស្ស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈពេលជាមួយគ្នានេះក៏មានការគ្រោងចូលសំចតរបស់នាវាយោធាអូស្ត្រាលី និងនាវាទ័ពជើងទឹកចិន នៅដែនសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូយោធាដែលមកពីប្រទេសធំៗទាំងនេះ គឺរួមមានដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី (MG. SUENAGA Masanori) អគ្គនាយកនៃអគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយ នៃកងស្វ័យការពារជើងគោកជប៉ុន។

នៅថ្ងៃទី៧​ ខែតុលានេះ កងស្វ័យការពារជើងគោកជប៉ុន ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី បានចូលរួមកិច្ចប្រជុំក្រុមការងារលើកទី២ (2RCA-JGSDF SWG MEETING)ជាមួយកងទ័ពជើងគោករបស់កម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងថ្ងៃទី៧នេះដដែល គណៈប្រតិភូកងទ័ពលម្ហអាកាសរុស្សី ដឹកនាំដោយឧត្តមសេនីយ៍ឯក Gleb EREMIN ប្រធានសាលាបណ្ឌិត្យសភាយោធាកលយុទ្ធការពារអាកាស នៃក្រសួងការពារប្រទេសរុស្សី ក៏នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់កងទ័ពលម្ហអាកាសរុស្សី ដែលគ្រោងធ្វើឡើងពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងពង្រីកលើវិស័យការពារអាកាសជាមួយកម្ពុជា។

តាមប្រភពពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រៅពីដំណើរទស្សនកិច្ចរបស់កងទ័ពជប៉ុន និងទ័ពលម្ហអាកាសរុស្ស៊ីនោះ ក៏នឹងមានវត្តមាននាវា HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៣ ខែតុលា ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ខណៈនាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង គឺនាវា Qi Jiguang (PLAN 83) និងនាវា Yi Mengshan (PLAN 988) ក៏នឹងត្រូវចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែតុលា ដូចគ្នានេះផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម