Connect with us

វប្បធម៌ ជំនឿ

ស្វែងយល់ពីពពួកប្រេតខុសៗគ្នា នៅក្នុងជំនឿសាសនា

បានផុស

នៅ

យោងតាមជំនឿនិងការរៀបរាប់តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម៉្យាងវិញទៀត ប្រេតខ្លះក៏មានរូបសញ្ញាផ្ទាល់​របស់​ខ្លួនដែរ ។ បើ​តាម​គម្ពីរ​ព្រះពុទ្ធសាសនា​បានចែងថា មនុស្ស​ដែល​ស្លាប់​ទៅ​តែងទៅ​កើត​ទី​ផ្សេងៗ​តាម​កម្ម​របស់​ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ល្បើក​ប្រេត​របស់​លោក សុង ស៊ីវ បាន​បញ្ជាក់​ថា ​ប្រេត​ក្នុង​លោក​នេះ​មាន​ចំនួន ១២ ប្រភេទ៖​

១ វន្តាសប្រេត ជាប្រេតស៊ីរបស់ដែល​គេ​ខ្ជាក់​ចេញ​ហើយ មានភ្នែកក្រលួង មុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀច​កំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិន​ខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅ​ពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះ​ប្រេត​ទាំង​នេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះ​ដាក់​អាហារ​ឲ្យ​​អ្នក​មាន​សីល​ខ្ពស់ ។

២ កុណបាសប្រេត (ឬកុណបា) ប្រេត​ដែលស៊ីសាកសព មានពោះធ្លាក់​ត្រយោក​ មុខខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះ​ខើចខ្លី កស្តួចដូចដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច ។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ី​ណាស់ កាន់​តែ​ឃ្លាន​ណាស់ ព្រោះ​មានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។

៣ គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីលាមក មានភ្នែករិលទទឹង មាត់​ខើច​សំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិន​ស្អុយ​ខ្មោះៗ សាច់ស្រែងកក្រោះ ដៃ​ជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះ​ប្រេត​នេះ គឺរស់នៅ​របៀបនេះ​រាប់រយ​កោដិឆ្នាំ រស់ដោយផលកម្ម គឺ​ពៀរវេរា​ពី​ជាតិមុន ជា​ជនពាល​អត់​មានសទ្ធា កោង​កាច​អប្រិយ ។

៤ អគ្គិជាលមុខប្រេត មានភ្លើងនៅក្នុងមាត់​ ឆេះ​រោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើង​ឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់​ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជា​មនុស្ស​ប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះ​ច្រើន​តែ​រស់នៅ​ដងព្រៃ​ជ្រៅ​ញក​បព្វតា ក្បែរ​មាត់​សមុទ្រ លើ​ដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន ។

៥ សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុល​ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទ​ដូចជើងភ្នំ សក់ក្បាល​ពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេត​នេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះ​តែ​រស់នៅ​ដោយ​ផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ។

៦ តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូច​យក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។

៧ សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ មាន​រូបរាង​កាយ​គ្រាំគ្រា​គ្មាន​ពេល​ស្បើយ​ទេ ប្រេត​នេះ​គឺ​មាន​កម្មក្រាសណាស់ បើមាន​ចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះ​រូបរាង​វិញ​គឺ​រូបរាងអាក្រក់ ពោះប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន ស្អុយ ច្រមុះ​ខើច ភ្នែក​ដូច​ទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅ​ក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀក​បាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះ​ច្រើន​រស់នៅ​ក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ត​តក់ម៉ក់​ពេល​ឃើញ សាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យ​លោក និយាយ​ពាក្យចាក់​ដោត​ឡកឡឺយ បញ្ឆោត​អ្នកមាន​សីល​ឲ្យ​អាប់​កិត្តិយស ។

៨ សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត មាន​ដំបៅ​ពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះ​ពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេក​ឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់​ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមាន​កម្មក្រាស់ណាស់ ។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច។ ប្រេតនេះច្រើនរស់នៅ ឫស្យា ហាមប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬ ញាតិសន្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ ។

៩ បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើន​និងទ្រាំរស់នៅ​បែបប​នេះរាប់រយឆ្នាំទៀត លុះ​អស់កម្មពៀរ ។ ប្រេតនេះ​ច្រើនរស់នៅ​ក្នុង​ដងព្រៃ​ជ្រៅ នា​ហេមពាន្ត​ភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺមនុស្សទុរជន មាន​ចិត្ត​រឹងរូស ចងគំនុំ ឈ្លោះ​ប្រកែក​និង​តាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែល​ខ្លួន​បានសាង ។

១០ អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះ​ពីជាតិមុនមិនបាន​ធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះ​ព្រះសង្ឃក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។

១១ វិមានកប្រេត ប្រេតមានវិមាននៅ មានរូបធំទ្រមឹង រាងធាត់​ក្រអាញ ដុះរោម​ជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្ទើគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅ​ថា យមរាជ ទៅកាប់សត្វនរក​ឈាមប្រឡាក់ព្រាច​ពីព្រឹកដល់​ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែល​សាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរ​ចោមរោម​សុំស្នេហ៍ ដល់ពេល​សោយទុក្ខ​កើតជាប្រេត​ចង្រៃ​រងទុក្ខវេទនា​ទាំងយប់ទាំងថ្ងៃ ប្រេត​នេះ​កាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិលេលាបានធ្វើទានខ្លះ ធ្វើ​តាម​ទម្លាប់​គឺ​បុណ្យ​ក៏​ធ្វើ បាបក៏ធ្វើ ក្នុងន័យ​ប្រមាថ​ដូចនេះហើយទើបផលកម្ម សងទាំង​ពីបែប​នេះ ។

១២ មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (មាន​ឋានៈ​ធំ និងមើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុង​តម្រាខ្មែរចែងថា ប្រេតឈ្មោះ មហិទ្ធិកៈ នេះ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិ​ល្អឥតមានពីរស្មើរូបទេព្តា​មានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេក​អរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើប​ស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហម​ច្រាល​ឆ្អៅ​ឆេះ​ឆាប​ក្នុង​មាត់​ស្រេក​ឃ្លាន​ណាស់ ព្រោះ​មាន​កម្ម​ច្រើន ក្លិនស្អុយអស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាល​ពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែបាយ ប្រព្រឹត្ត​អាក្រក់ ធ្វើមិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​​វិន័យ ៕

គ្រូ ណុប

ប្រភព៖ លោក សុង ស៊ីវ

ចុចអាន៖ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីរបស់ពលរដ្ឋខ្មែរ

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម