វប្បធម៌ ជំនឿ
សារមន្ទីរជាតិ ចាប់ឱកាសក្នុងវិបត្តិកូវីដ-១៩
ខណៈវិបត្តិសាកល នៃការឆ្លងជំងឺកូវីដ-១៩ បានរាតត្បាតសាកលលោក នាំឱ្យកាត់បន្ថយការប្រាស្រ័យទាក់ទង និងធ្វើដំណើរជាដើមនោះ សារមន្ទីរជាតិកម្ពុជា បានចាប់ឱកាស ដោយរៀបចំកែលម្អមួយចំនួនដើម្បីត្រៀមផ្សព្វផ្សាយទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងថា សារមន្ទីរជាតិមិនទាន់មានគម្រោងទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការផ្សព្វផ្សាយតាមប៉ុស្ដិ៍ ឬភ្នាក់ងារដំណើរទេសចរណ៍ក្រៅប្រទេសទេ ដោយបច្ចុប្បន្ន កំពុងមានការកែលម្អ និងកែសម្រួល ការរៀបចំដាក់តាំងវត្ថុបុរាណនៅក្នុងសារមន្ទីរ ដោយកែលម្អទាំងការលាបជញ្ជាំង បំពាក់ភ្លើង ជួលជុលដំបូល និងដំឡើងស្លាកព័ត៌មាន។

លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “ការកែលម្អទាំងនេះ ជាយន្តការធ្វើឱ្យភ្ញៀវបានចូលទស្សនាសារមន្ទីរជាតិទទួលបានព័ត៌មានច្រើនជាងមុន។ យើងឃើញថា កូវីដ មានបញ្ហាប៉ះពាល់មួយចំនួន ប៉ុន្តែវាជាឱកាសសម្រាប់សារមន្ទីរក្នុងការចល័តរូបចម្លាក់ និងជួសជុលសារមន្ទីរ”។

ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជា រូបនេះបញ្ជាក់ថា ប៉ុន្តែអ្វីៗទាំងអស់នេះមិនអាចធ្វើម្ដងរួចនោះទេ គឺត្រូវធ្វើជាដំណាក់ៗ ព្រោះមានបញ្ហាធនធានមនុស្ស និងថវិកា ពិសេសបញ្ហាធនធានមនុស្ស ដែលពេលខ្លះសារមន្ទីរមានថវិកាល្មមគ្រប់គ្រាន់អាចធ្វើបាន ប៉ុន្តែខ្វះធនធានមនុស្សដែលត្រូវការប្រើប្រាស់ដើម្បីចងក្រងព័ត៌មាន។

លោកមានប្រសាសន៍បន្តថា៖ “យើងត្រូវការស្រាវជ្រាវពីព័ត៌មានដែលយើងដាក់បញ្ហាញនៅសារមន្ទីរជាតិ ពាក្យថា ជាតិ មួយគឺធ្ងន់ ដែលអាចយកទៅប្រើប្រាស់ជាឯកសារយោងសម្រាប់ការពិភាក្សា ឬការលើកឡើងក្នុងសំណេរផ្សេងៗ ដែលយើងត្រូវប្រយ័ត្នប្រយែងមែនទែនរឿងហ្នឹង។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា អ្វីដែលយើងធ្វើបាន គឺចាប់ផ្ដើមចេញពីខ្លួនយើងសិន មានន័យថាធ្វើឱ្យខ្លួនយើង ឬសារមន្ទីរបានស្អាតហើយ បានយើងចាប់ផ្ដើមជំហានទី២ គឺធ្វើទីផ្សារផ្សព្វផ្សាយ ដែលយើងនឹងជជែកជាមួយខាងភ្នាក់ងារទេសចរណ៍ រៀបចំកញ្ចប់ទេសចរណ៍ និងផ្ទាំងផ្សាយពីសារមន្ទីរតាមច្រកអន្តរជាតិទាំងជើងអាកាស ជើងគោក និងជើងទឹក ក៏ដូចជាតាមសណ្ឋាគារ កន្លែងភ្ញៀវស្នាក់នៅជាដើម…”។

ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជា រូបនេះបានឱ្យដឹងថា តម្លៃចូលទស្សនាសារមន្ទីរគឺស្មើគ្នាសម្រាប់ភ្ញៀវទេសចរបរទេសគ្រប់ជាតិសាសន៍ លើកលែងតែគណៈប្រតិភូ ឬការស្នើសុំពិសេសពីស្ថាប័នរដ្ឋ និងស្ថាប័នឯកជនដៃគូ។ ចំពោះតម្លៃ ក្មេង ៣ដុល្លារ មនុស្សចាស់ ១០ ដុល្លារ។ ប៉ុន្តែចំពោះភ្ញៀវជាតិ តម្លៃតែ ៥០០ រៀល ប៉ុណ្ណោះ។

គួរបញ្ជាក់ថា សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះ ហ្សក ហ្រ្គូសលីយេ។ សារមន្ទីរជាតិមានបណ្ដោយ ៥៤ម៉ែត្រ និង ជម្រៅ ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់ ២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិនិងទៅ ថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខ លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


