ព័ត៌មានអន្ដរជាតិ
លទ្ធផលជំនួបត្រាំ-ស៊ី៖ អាមេរិកកាត់បន្ថយពន្ធលើចិន ខណៈ ត្រាំ ព្រមទៅចិនឆ្នាំក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅជំនួបដោយផ្ទាល់ជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ ថា «ល្អអស្ចារ្យ» ដោយអាមេរិកនឹងទម្លាក់ពន្ធលើទំនិញចិន ជាថ្នូរនឹងការព្រមព្រៀងរបស់ចិនផ្សេងៗ រួមទាំងការបន្តទិញសណ្ដែកសៀងអាមេរិក និងការបើកលំហូរនាំចេញរ៉ែកម្រឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP និងរ៉យទ័រ។

ក្រៅតែពីនេះ លោក ត្រាំ បានឱ្យដឹងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននៅខែមេសា ឆ្នាំ ២០២៦ ហើយលោក ស៊ី នឹងធ្វើទស្សនកិច្ចទៅអាមេរិកវិញនៅក្រោយនោះ។
លោក ត្រាំ ថ្លែងនៅលើយន្តហោះ Air Force One ក្រោយប្រជុំ ១០០ នាទីជាមួយលោក ស៊ី ថា៖ «ខ្ញុំគិតថាជំនួបគឺប្រព្រឹត្តទៅល្អអស្ចារ្យ»។ លោកបានគូសបញ្ជាក់ថា ជាលទ្ធផលនៃជំនួបប្រជុំចរចា អាមេរិកបានយល់ព្រមទម្លាក់ពន្ធលើចិនពី ៥៧% មកត្រឹម ៤៧% ខណៈពន្ធលើទំនិញពាក់ព័ន្ធនឹងហ្វេនតានីល ត្រូវបានទម្លាក់ចុះពី ២០% មកត្រឹម ១០%។ នោះជាថ្នូរនឹងការព្រមព្រៀងពីចិន ដែលនឹងបន្តទិញសណ្ដែកសៀងអាមេរិក និងបង្ក្រាបការជួញដូរសារធាតុថ្នាំហ្វេនតានីលខុសច្បាប់ជាដើម។
ជុំវិញបញ្ហារ៉ែកម្រឯណោះវិញ លោក ត្រាំ បាននិយាយថា ចិនបានយល់ព្រមរក្សាលំហូរនាំចេញទៅកាន់ពិភពលោក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរយៈពេល ១ ឆ្នាំ។ លោកប្រាប់អ្នកយកព័ត័មាននៅលើ យន្តហោះ Air Force One៖ «បញ្ហារ៉ែដ៏កម្រទាំងអស់ ត្រូវបានដោះស្រាយរួចរាល់។ អ្នកអាចនិយាយបានថា នេះជាបញ្ហាពិភពលោក វាមិនត្រឹមតែជាបញ្ហារបស់អាមេរិកនោះទេ»។

ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសបញ្ជាក់ថា ការរឹតត្បឹតលើរ៉ែកម្រ និងបច្ចេកវិទ្យាពាក់ព័ន្ធនឹងរ៉ែកម្រ ដែលប្រកាសឡើងនៅថ្ងៃទី ៩ តុលា នឹងត្រូវផ្អាកសិនរយៈពេល ១ឆ្នាំ។ យ៉ាងណាមិញ នេះជាសេចក្ដីថ្លែងការណ៍ពីជំំនួបចរចារបស់ក្រុមមន្រ្តីអាមេរិក-ចិន នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើតក្របខណ្ឌសម្រាប់ជំនួបត្រាំ-ស៊ី។
ក្រៅពីនោះ ក្រសួងបានឱ្យដឹងថា ចិន និងអាមេរិក បានឈានដល់ការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការហ្វេនតានីល និងការពង្រីកពាណិជ្ជកម្មកសិកម្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួ។
គួរគូសបញ្ជាក់ថា ចិនបានរឹតត្បឹតការនាំចេញរ៉ែកម្រ ដែលជាសមាសធាតុសំខាន់ក្នុងផលិតកម្មរថយន្តអគ្គិសនី យន្តហោះ និងអាវុធជាដើម នៅខែមេសា ក្រោយលោក ត្រាំ ប្រកាសពន្ធលើចិនជាបន្តបន្ទាប់។ ចិនប្រកាសជុំថ្មីនៃការរឹតបន្តឹងនេះនៅខែតុលា ដោយរួមបញ្ចូលទាំងបច្ចេកវិទ្យាពាក់ព័ន្ធនឹងរ៉ែកម្រ ដែលធ្វើឱ្យកម្ដៅបញ្ហាពាណិជ្ជកម្មកើនឡើងជាថ្មី នៅពេលលោក ត្រាំ ប្រកាសពន្ធបន្ថែមថ្មី ១០០% លើចិន ដើម្បីជាការឆ្លើយតប ដោយគ្រោងនឹងចូលជាធរមាននៅដើមខែវិច្ឆិកា។ យ៉ាងណាមិញ លោក ត្រាំ និងមន្រ្តីជាន់ខ្ពស់របស់លោកបាននិយាយថា ក្រុមអ្នកចរចានៃប្រទេសទាំង២ បានសម្រេចបានក្របខណ្ឌថ្មីដើម្បីបញ្ចៀសពន្ធនេះ នៅខាងក្រៅកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ។

ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយដូចគ្នា សារព័ត៌មានរដ្ឋចិនឯណោះវិញ បានចុះផ្សាយថា លោក ស៊ី បានថ្លែងក្រោយជំនួបនៅថ្ងៃព្រហស្បតិ៍ថា លោក និងលោក ត្រាំ បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងពាណិជ្ជកម្ម។
លោក ស៊ី បានបន្តថា ភាគីទាំង ២ មានទស្សនវិស័យល្អសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ ការបោកប្រាស់អនឡាញ និងការលាងលុយកខ្វក់ជាដើម។
ប្រធានាធិបតីដដែលបន្តថា ចិនមិនដែលស្វែងរកការប្រកួតប្រជែង ឬជំនួសអំណាចប្រទេសណាមួយឡើយ តែផ្តោតលើការធ្វើអាជីវកម្មរបស់ខ្លួនឱ្យបានល្អ។ ហើយលើសពីនេះ សេដ្ឋកិច្ចរបស់ចិនគឺដូចជាមហាសមុទ្រ ដូចនេះ ចិនមានទំនុកចិត្ត និងមានសមត្ថភាពក្នុងការដោះស្រាយហានិភ័យ និងបញ្ហាប្រឈមគ្រប់ប្រភេទ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


