ព័ត៌មានអន្ដរជាតិ
អាជីវកម្មថៃជំរុញឱ្យ អានុទីន ពិនិត្យច្បាប់ហាមឃាត់ការផឹកស្រាថ្មី ដោយព្រមានពីផលប៉ះពាល់ទេសចរណ៍
តំណាងអាជីវកម្មថៃមកពីវិស័យទេសចរណ៍ និងសេវាកម្ម បានជួបប្រជុំគ្នានៅវិមានរដ្ឋាភិបាលកាលពីថ្ងៃពុធ (១២ វិច្ឆិកា) ដើម្បីដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុន ឱ្យពិនិត្យឡើងវិញលើច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងថ្មី ដោយពួកគេព្រមានថា វាអាចប៉ះពាល់ដល់វិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ច្បាប់ថ្មី បានចូលជាធរមានកាលពីថ្ងៃសោរ៍ (៨ វិច្ឆិកា) ដោយហាមឃាត់ការផឹកស្រាចចន្លោះពីពាក់កណ្ដាលយប់ ដល់ម៉ោង ១១ ព្រឹក និងចន្លោះពីម៉ោង ២ រសៀល ដល់ ៥ ល្ងាច។ អ្នកល្មើសច្បាប់ នឹងរងការផាកពិន័យជាប្រាក់ ១០ ០០០ បាត (៣០៨ ដុល្លារអាមេរិក)។
ក្រុមអ្នកតំណាងអាជីវកម្មថៃ ដឹកនាំដោយលោក Sanga Ruangwattanakul ប្រធានសមាគមអាជីវកម្មផ្លូវ Khaosan រួមមានសមាជិកមកពីក្លឹបអាជីវកម្មភោជនីយដ្ឋាន សមាគមអាជីវកម្មសិប្បកម្មស្រាបៀរ សមាគមអ្នកលក់រាយថៃ និងក្រុមទេសចរណ៍មកពីប៉ាតាយ៉ា និងខាវយ៉ៃ។
ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលត្រង់ចំណុច ដែលហាមឃាត់មនុស្ស មិនឱ្យផឹកស្រានៅខាងក្រៅម៉ោងដែលត្រូវបានអនុញ្ញាត ទោះបីជាគេទិញស្រាមុនម៉ោងហាមឃាត់ផឹកក៏ដោយ។ ម្ចាស់អាជីវកម្មបាននិយាយថា ច្បាប់មិនច្បាស់លាស់នេះធ្វើឱ្យមានការភ័ន្តច្រឡំសម្រាប់ទាំងអតិថិជន និងប្រតិបត្តិករ ជាពិសេសនៅពេលដែលមនុស្សបន្តផឹកស្រាបន្ទាប់ពីម៉ោងលក់។

លោក Sanga បានស្នើឱ្យរដ្ឋាភិបាលលុបការហាមឃាត់ម៉ោង ២ រសៀល ដល់ ៥ល្ងាច និងបន្ថែមម៉ោងដែលអាចផឹកបានដល់ម៉ោង ១ ព្រឹក។ បែបនេះ នឹងគាំទ្រដល់ការកម្សាន្តពេលយប់ និងវិស័យទេសចរណ៍ថៃ ក្នុងរដូវទេសចរណ៍នាពេលខាងមុខ ឱ្យកាន់តែប្រសើរឡើង។
ចំណែកឯ លោក Sorathep Rojpotjanaruch ប្រធានក្លឹបអាជីវកម្មភោជនីយដ្ឋាន វិញ បានបន្ថែមថា ច្បាប់ថ្មីអាចធ្វើឱ្យខូចរូបភាពរបស់ប្រទេសថៃក្នុងចំណោមភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិអឺរ៉ុបដែលចូលចិត្តផឹកគ្រឿងស្រវឹងនាពេលរសៀល និងពេលល្ងាច។ លោកបានកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនបានរាយការណ៍រួចហើយអំពីការហាមឃាត់នេះ ដែលអាចធ្វើឱ្យភ្ញៀវទេសចរមិនហ៊ានមកដើរលេងនៅថៃ។
ស្រដៀងគ្នាដែរ លោក Nattachai Ungsriwong ប្រធានសមាគមអាជីវកម្មសិប្បកម្មស្រាបៀរ បានជំរុញឱ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយមុនថ្ងៃឈប់សម្រាកឆ្នាំថ្មី ដោយណែនាំថា គោលនយោបាយគ្រឿងស្រវឹងគួរតែលើកកម្ពស់សេដ្ឋកិច្ច ខណៈរក្សាការទទួលខុសត្រូវសង្គម។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា លោក អានុទីន បានបញ្ជាឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងស្រវឹងស្នើដំណោះស្រាយបន្ទាន់។ ជម្រើសដែលកំពុងពិចារណារួមមាន ការដកចេញនូវការហាមឃាត់ការលក់ស្រានៅពេលថ្ងៃ និងអនុញ្ញាតឱ្យផឹកស្រាក្រោយពាក់កណ្ដាលយប់ នៅតាមតំបន់មួយចំនួន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


