Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រក​ចំណូល​បាន ​១៥,៥ ​ពាន់​លាន​ដុល្លារ ​ពីការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង​ និងសម្ភារធ្វើដំណើរ​

បានផុស

នៅ

កម្ពុជា​បាន​នាំចេញសម្លៀកបំពាក់ ស្បែកជើង ​និង​សម្ភារធ្វើដំណើរ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន​១៥,៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ១៥,៧% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំង​ពី​ស្ថិរ​ភាពនៃ​បរិយាកាសវិនិយោគ និង​ការរក្សាបាន​នូវភាព​ប្រកួតប្រជែងក្នុងតំបន់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ក្រសួងពាណិជ្ជកម្ម​ ​នៅក្នុងឆ្នាំ ២០២៥​ ការនាំចេញសម្លៀក​បំពាក់​មានទំហំទឹកប្រាក់​ ១១,៤ ពាន់លានដុល្លារ ​កើនឡើង ១៦,៥%, ស្បែកជើង មានតម្លៃ ២,០៩ ពាន់លានដុល្លារ កើនឡើង ២៤,៥៣% និង​សម្ភារធ្វើដំណើរ ​មានតម្លៃ ២,០២ ​ពាន់លានដុល្លារ ​កើន ៣,៨៧%។ ​

​លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មានប្រសាសន៍ថា ការនាំចេញនៅក្នុងវិស័យវាយនភណ្ឌ​កាល​ពីឆ្នាំ ២០២៥ ហាក់មានភាពសម្រុកខ្លាំង ចាប់តាំងពីលោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក ​ប្រកាសដាក់ពន្ធគយ​បដិការ និងជម្លោះព្រំដែនកម្ពុជា-ថៃ ​ដែលធ្វើឱ្យអ្នកវិនិយោគ​មានការព្រួយបារម្ភ​។​

​លោក ហ្វា សាលី ​យល់ឃើញថា៖ ​«វិស័យឧស្សាហកម្មកាត់ដេរនៅបណ្ដាប្រទេសមួយចំនួន ដូចជា ភូមា បង់​ក្លាដេស និង​ប្រទេសមួយចំនួនទៀត ​ហាក់ដូចជាថមថយ ​ដោយសារតែស្ថានភាពផ្ទៃក្នុង​របស់​រដ្ឋ​នីមួយៗ ​មិនមានស្ថិរភាព វាជះឥទ្ធិពលល្អសម្រាប់​កម្ពុជា និង​ការវិនិយោគ»។​

​​លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និង​ផលិត​ផល​ធ្វើដំណើរ (TAFTAC) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ ថា ការនាំចេញផលិត​ផល​ក្នុង​វិស័យវាយនភណ្ឌកើនឡើង ​ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាន​នូវភាព​ប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗ​មកបន្ថែមទៀត។ ​មានរោង​ចក្រថ្មីៗ​ជា​ច្រើន​បានបើកដំណើរការក្នុងឆ្នាំ២០២៥កន្លងទៅ។ ​

​លោក កាំង ម៉ូនីកា​ បានបញ្ជាក់ថា​ កត្តាខាងក្រៅរួមមាន ការកើនឡើងនូវតម្រូវការក្នុងទីផ្សារធំៗ និង​ការបង្វែនូវ​ច្រវ៉ាក់​ផ្គត់ផ្គង់ ព្រមទាំង ការកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន សមត្ថភាព​ផ្គត់​ផ្គង់​របស់វៀត​ណាម​បានដល់កម្រិត ខណៈប្រទេសមីយ៉ាន់ម៉ា (Myanmar) មិនមានស្ថិរភាពដោយ​ហានិភ័យ​នយោបាយ។​

​វិស័យកាត់ដេរសម្លៀកបំពាក់ ​ស្បែកជើង និងផលិតផលធ្វើដំណើរ ដើរតួនាំទីយ៉ាងសំខាន់ ក្នុង​ការរួម​ចំណែកផ្ដល់ចំណូលដល់កម្ពុជាប្រមាណ ៥០% នៃការនាំចេញសរុបរបស់កម្ពុជាដែលមានទំហំជាង ៣១ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ អាមេរិកជាទីផ្សារធំមួយសម្រាប់ការនាំចេញ ​សម្លៀកបំពាក់ ​វាយនភណ្ឌ ​ស្បែកជើង និងសម្ភារធ្វើ​ដំណើររបស់កម្ពុជា។

​លោក បែន សុវិជាតិ បន្ថែមថា កំណើននៃការនាំចេញ ​ឆ្លុះបញ្ចាំង​ពីការរក្សា​បានទីផ្សារសំខាន់ៗ​របស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានារនូវការផ្គត់ផ្គង់​ បង្កើតសក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និងរក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​ និង​ទីផ្សាររបស់ខ្លួន។

​គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ​ចំនួនរោង​ចក្រ សហគ្រាស ​ចុះបញ្ជីនៅក្រសួង​ការងារ ​និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានកើនឡើងដល់ ៤៦ ៦៤៩ ​សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម