Connect with us

សេដ្ឋកិច្ច

​អ្នក​ជំនាញ​សេដ្ឋកិច្ច កុំ​ឱ្យ​ពល​រដ្ឋភ័យ​ខ្លាច ​សម្រុក​ទិញ​ប្រេង​ស្ដុកទុក​

បានផុស

នៅ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ​ប្រធានវិទ្យាស្ថានសិក្សាចិន ​នៃរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃទី ១៣ ខែ​មីនា ឆ្នាំ ២០២៦ ​បាន​អំពាវនាវ​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការភ័យខ្លាច​រឿង​តម្លៃ​ប្រេង​កើន​ឡើង​ ហើយ​សម្រុក​ទៅ​ទិញប្រេងស្តុកទុក ​ដែល​ជា​គ្រោះ​ថ្នាក់​សម្រាប់​សេដ្ឋកិច្ច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត គី សេរីវឌ្ឍន៍ ​បញ្ជាក់ថា៖ «ម្នាក់ៗសម្រុកទៅទិញប្រេងយកមកទុកខ្លួនឯងទាំងអស់ ខ្លាច​អត់មាន​អីចាក់ ​វានឹង​ក្លាយ​ទៅជាគ្រោះថ្នាក់ អត់មានប្រេង​ យើង​មិន​ទាន់​ត្រូវការ​ជិះផង​ យើង​ទៅ​ទិញ​យកមកស្តុកទុក ដោយសារភ័យខ្លាចអត់អីជិះ»។​

​បើ​តាម​អ្នក​ជំនាញ​រូប​នេះ ​តម្លៃ​ប្រេងកើនឡើង ​គឺជា​រឿងសកល ហើយអ្នក​ដែល​ខ្វះ​ប្រេង​ជាងគេ ​គឺមហាអំណាចធំៗ ​ដែលមានកប៉ាល់ដឹកទំនិញធំៗ ​មិនមែនយើងជិះម៉ូតូ១ គ្រឿង ទៅភ័យ​ខ្លាច​អស់​សាំង​ចាក់​ទេ​។​ ​«មធ្យោបាយនៃការដោះស្រាយ​ មហាអំណាច គេនឹងរកមធ្យោបាយដោះស្រាយ វាមិនអាចទុក​ឱ្យ​ប្រេង​ក្លាយជាកត្តា ​រារាំងទៅដល់កំណើនសេដ្ឋកិច្ចពិភពលោក ​យើងមិនគួរភ័យពេកទេ តែយើង​ត្រូវ​ត្រៀម​ដែរ»។ ​លោក​បណ្ឌិត គី សេរីវឌ្ឍន៍ ​បន្ថែម​បែប​នេះ​។

តម្លៃប្រេងកើនឡើង ​ដោយសារការកាត់ផ្ដាច់ នៃការផ្គត់ផ្គង់​ប្រេងមិនអាច​ដឹកចេញតាម​ច្រកសមុទ្រហ័រមូស ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈមនុស្សកំពុងភ័យខ្លាច​រឿងការផ្គត់ផ្គង់។​

​លោកបណ្ឌិត គី សេរីវឌ្ឍន៍ ​បញ្ជាក់ថា ​ប្រសិនបើអត់ប្រេង ​មិនមែនតែកម្ពុជាទេ គឺទាំងអស់គ្នា ​ដែល​មហាអំណាច​ត្រូវតែចរចា​រកដំណោះស្រាយ​ មិនអាចទុកបញ្ហាបានទេ។ ​ក្នុងរយៈពេលខ្លី ​មាន​បញ្ហា​ប្រឈម ​តែរយៈពេលវែង​ត្រូវតែមានដំណោះ​ស្រាយ​ មិនដូច្នេះទេ ​ពិភពលោក​ក៏ដួល​ទាំង​អស់គ្នា។

តម្លៃប្រេងឥន្ធនៈក្នុងស្រុក​បានបន្តហក់ឡើង​ខ្ពស់ ​ក្នុងនោះតម្លៃលក់រាយសាំងធម្មតា ​៥២០០ ​រៀល ​ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ចំណែកឯតម្លៃប្រេងម៉ាស៊ូតបានកើនឡើងដល់ ៦០៥០ រៀល ក្នុង​មួយ​លីត្រ។​

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិករាយការណ៍ថា តម្លៃប្រេងបានកើនឡើងជាង ១០០ ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ១២ ខែមីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម