សេដ្ឋកិច្ច
បារាំង បន្តផ្តល់ឥណទានសម្បទានប្រចាំឆ្នាំជាង ១០០លានដុល្លារ អភិវឌ្ឍសង្គម និងស្តារសេដ្ឋកិច្ចកម្ពុជា

រដ្ឋាភិបាលបារាំង បន្តផ្តល់ឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ ស្មើនឹង ( ៩៩-១១៨លានដុល្លារ) សម្រាប់ចូលរួមចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់កម្ពុជា ដែលផ្តោតលើបម្រែបម្រួលអាកាសធាតុ បង្កើតការងារដល់ពលរដ្ឋ អភិបាលកិច្ចល្អ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
ការប្រកាសបន្តផ្តល់ឥណទានសម្បទាននេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Agence Française de Développement – AFD) ថ្មីប្រចាំតំបន់អាស៊ីអាគ្មេយ៍ នៅថ្ងៃទី ២០ កញ្ញា។
លោក Jean-Pierre Marcelli បានឱ្យដឹងថា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជា ឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន។ ចំពោះការផ្តល់ឥណទានសម្បទានប្រចាំឆ្នាំនេះ គឺស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា និងយុទ្ធសាស្រ្តរបស់ AFD (Country Strategy 2022-2026)។ ជាមួយគ្នានេះ លោក Jean-Pierre Marcelli ក៏បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព និងចាប់ផ្តើមបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង ទោះបីកម្ពុជា ទទួលជោគជ័យធំធេង នៅក្នុងសមរភូមិប្រយុទ្ធសាស្រ្តជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត និងលំនឹងជីវភាពប្រជាជន ដោយបើកប្រទេសលើគ្រប់វិស័យ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្តី ប៉ុន្តែការមកដល់នៃវិបត្តិជាបន្តបន្ទាប់ទៀត ដូចជាការកើនឡើងនៃអតិផរណា អត្រាការប្រាក់ ការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍ និងប្រទេសចិន វិបត្តសង្គ្រាមអ៊ុយក្រែន ព្រមទាំងបញ្ហានយោបាយក្នុងតំបន់ និងអន្តរជាតិ បានកំពុងបង្កផលប៉ះពាល់អវិជ្ជមាន ដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដោយផ្តោតលើវិស័យអទិភាពមួយចំនួនដូចជា ឡូជីស្ទីក ថាមពល ជំនាញ ឌីជីថល សហគ្រាសធុនតូច និងមធ្យម កិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំងការកែលំអបរិយាកាសវិនិយោគ លើកកម្ពស់ការប្រកួតប្រជែង ជំរុញការនាំចេញ ក្នុងក្រមខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ តាមរយៈ AFD សាធារណរដ្ឋបារាំងបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨លានអឺរ៉ូ (៨៧៩លានដុល្លារ) ដល់កម្ពុជា ក្នុងនោះឥណទានសម្បទានចំនួន ៥៣៣លានអឺរ៉ូ (៥២៧លានដុល្លារ) និងហិរញ្ញប្បទានឥតសំណង ១៧៨លានអឺរ៉ូ (១៧៦លានដុល្លារ)។ កញ្ចប់ថវិកាទាំងអស់នេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ