សេដ្ឋកិច្ច
មន្ត្រីជំនាញ៖ ការងារត្រួតពិនិត្យគ្រឹះស្ថានធនាគារនៅតែជាអាទិភាពរបស់ធនាគារជាតិ
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែជាការងារអាទិភាពរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីរក្សាបានស្ថេរភាពនៃប្រព័ន្ធធនាគារនៅកម្ពុជា។
លោកបានបញ្ជាក់បែបនេះនៅក្នុងពិធីដាក់សម្ពាធធនាគារឯកជនមួយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។

បើតាមលោក រ័ត្ន សុវណ្ណនរៈ គឺវិស័យធនាគារ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ លោក លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទស្សនវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍន៍ច្បាស់លាស់សម្រាប់វិស័យធនាគារ ដើម្បីបង្កើនលទ្ធភាព និងពង្រីកវិសាលភាពប្រតិបត្តិការប្រកបដោយនិរន្តរភាព និងសេចក្ដី ទំនុកចិត្ត ក៏ដូចជាការអភិវឌ្ឍសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។
ជាមួយគ្នានេះ លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបន្តរក្សានូវភាពធន់ ភាពរឹងមាំ និងវឌ្ឍនភាពនៃប្រព័ន្ធធនាគារ តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឲ្យកាន់តែមានភាពទំនើប និងការដាក់ចេញវិធានការម៉ាក្រូប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់ និងទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើប្រព័ន្ធធនាគារ។

លោក បន្ថែមថា ដើម្បីពង្រឹងភាពធន់ និងរក្សាបានស្ថេរភាពប្រព័ន្ធធនាគារទាំងមូល វិធីសាស្ត្រនៃការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដោយបច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងអនុវត្តតាមវិធីសាស្ត្រត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត តាមរយៈការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ការវាយតម្លៃប្រសិទ្ធភាពនៃអភិបាលកិច្ច និងការវាយតម្លៃហានិភ័យសំខាន់ៗ។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ចំពោះកិច្ចការពារអតិថិជន ដោយបង្កើនប្រសិទ្ធភាពអនុវត្តយន្តការសម្របសម្រួល និងដោះស្រាយបណ្តឹងអតិថិជន តាមរយៈលេខទូរសព្ទ Hotline របស់ធនាគារជាតិនៃកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងបន្តអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


