ព័ត៌មានជាតិ
ហេតុផលទាំងនេះធ្វើឲ្យវិស័យធនាគាររកប្រាក់ចំណេញ ទោះស្ថិតរដូវកាលកូវីដ១៩

ឥទ្ធិពលនៃការរាតត្បាត ដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចជាតិ ស្ទើរគ្រប់វិស័យ។ ជាមួយគ្នានេះ មានការភ័យខ្លាច ជំងឺកូវីដ១៩ អូសបន្លាយ អាចធ្វើឲ្យវិស័យធនាគារអាចជួបវិបត្តិ ដោយសារលំហូរសាច់ប្រាក់នឹងអាចត្រូវរាំងស្ទះ។
ប៉ុន្តែការព្រួយបារម្ភទាំងនោះ មិនបានកើតមានឡើងនោះទេ ខណៈអ្នកទទួលខុសត្រូវធំក្នុងវិស័យនេះ អះអាងថា ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារបង្ហាញសញ្ញាលូតលាស់ល្អប្រសើ ដោយប្រាក់ចំណេញកើនឡើងក្នុងរង្វង់ប្រមាណជិត ២០ ភាគរយក្នុងឆ្នាំ ២០២០។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានថ្លែងប្រាប់កម្ពុជាថ្មី ក្នុងបទសម្ភាសន៍ថា ជាទូទៅសុខភាពហិរញ្ញវត្ថុរបស់ធនាគារមានភាពល្អប្រសើរនៅឆ្នាំ ២០២០។
ការរីកចម្រើនលូតលាស់នេះ កើតចេញពីការបន្ធូរបន្ថយរបស់រដ្ឋាភិបាល ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យា អនុវត្តបើកដើមទុនទ្រនាប់ ការបន្ថយប្រាក់បម្រុងកាតព្វកិច្ចមកនៅត្រឹម ៧% ព្រមទាំងការបន្ធូបន្ថយលើពន្ធកាត់ទុកសម្រាប់ប្រាក់កម្ចីពីបរទេស។
បើតាមលោក អ៊ិន ចាន់នីមូលហេតុទាំងនេះ បានធ្វើឲ្យវិស័យធនាគារ អាចគាំទ្រនូវការលូតលាស់របស់ខ្លួន ដោយសារការបន្ធូបន្ថយលក្ខណ្ឌច្បាប់ មិនមែនដោយសារ ឱកាសក្នុងការធ្វើអាជីវកម្មនោះទេ។
លោក អ៊ិន ចាន់នីបានប្រាប់កម្ពុជាថ្មីថា ហិរញ្ញវត្ថុធនាគារ បានលូតលាស់ក្នុងរង្វង់ប្រមាណ ២០% ក្នុងឆ្នាំ ២០២០ ក្នុងវិស័យឥណទាន និងវិស័យប្រាក់សន្សំ។
លោកថ្លែងថា “ កំណើនប្រាក់ចំណេញមានការកើនឡើងគួឲ្យកត់សម្គាល់ ហើយគុណភាពក៏រក្សាបានល្អ ក្នុងពេលដែលកំណើនអាជីវកម្មរបស់ធនាគារអេស៊ីលីដា មានភាពល្អប្រសើ នៅឆ្នាំ ២០២០ ឥណទានលូតលាស់ ប្រមាណ ១៦ ភាគរយ”។
លោកមិនទាន់អាចបង្ហើបពីចំនួនប្រាក់ចំនេញទាំងស្រុងរបស់ធនាគារនោះទេ ដោយសារមិនទាន់បញ្ចប់ការធ្វើសវនកម្ម។ ប៉ុន្តែតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់របស់ធនាគារអេស៊ីលីដាកន្លងមក ធនាគារអេស៊ីលីដារំពឹងថា នៅពេញមួយឆ្នាំ២០២០នេះ នឹងកើនលើស១២០ លានដុល្លារ ដែលធ្លាប់មានកាលពីឆ្នាំ២០១៩ គ្រាដែលរយៈពេល ៩ ខែឆ្នាំ ២០២០ ធនាគារបានចំណេញប្រាក់ក្រោយបង់ពន្ធរួចប្រមាណ ៩៩ លានដុល្លាររួចទៅហើយ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,៤% ដល់ ៥៤,១ ប៊ីលានដុល្លារអាមេរិក។
ឥណទានអតិថិជនកើន ១៩,៦% ឬកើនដល់ ៣៤,៤ ប៊ីលានដុល្លារ ហើយប្រាក់បញ្ញើអតិថិជនមានកំណើន ១២,៣% ឬកើនដល់ ៣០,៥ ប៊ីលានដុល្លារ និងដើមទុនមានកំណើន ១០,៨% ដល់ ៦ ប៊ីលាន ដុល្លារអាមេរិក ដែលនេះជាសញ្ញាបញ្ជាក់ថាវិស័យធនាគារនៅតែរឹងមាំ។

ធនាគារ ABA ជាធនាគារដ៏ធំមួយក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នៅបង្ហាញភាពរឹងមាំមិនប៉ះពាល់ ថែមទាំងទទួលបានប្រាក់ចំណេញ។ ទ្រព្យសកម្មនៃធនាគារបានកើន ៥,៧ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩។
ចំនួនទឹកប្រាក់បញ្ញើរបស់ ABA បានកើនឡើងដល់ ៣,៥ ពាន់លានដុល្លារ ខណៈចំនួនទឹកប្រាក់កម្ចីសរុបគឺមានប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ធនាគារ ABA ទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ៣៣,៥ លានដុល្លារនៅក្នុងត្រីមាសទី ១។

ធនាគារកាណាឌីយ៉ា ក៏ជាឧទាហរណ៍មួយទៀតដែលបង្ហាញថាវិស័យធនាគារនៅកម្ពុជានៅតែរឹងមាំ។ យោងតាមនាយកប្រតិបត្តិធនាគារកាណាឌីយ៉ាគឺលោក Raymond Sia Say Guan បានប្រាប់កាសែតក្នុងស្រុកមួយ ធនាគារកាណាឌីយ៉ានៅតែដំណើរការបានល្អ ទោះបីមានវិបត្តិកូវីដក៏ដោយ។
តារាងតុល្យការប្រចាំឆ្នាំចុងក្រោយបង្ហាញថា ទឹកប្រាក់កម្ចីសរុបមានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើសរុបមានចំនួន ៥,៣ ពាន់លានដុល្លារ ដែលច្រើនជាងប្រាក់កម្ចីជិតទ្វេដង។
តួរលេខនេះធ្វើឱ្យធនាគារកាណាឌីយ៉ាក្លាយជាធនាគារធំបំផុតបើវាស់លើតារាងតុល្យការក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះក្នុងឆ្នាំ ២០១៩ គឺមានដល់ទៅ ១២២ លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


