ព័ត៌មានជាតិ
ការដោះដូរទំនិញរបស់កម្ពុជាជាមួយសមាជិកអាស៊ានសម្រេចបានទឹកប្រាក់៥,៦៣ ពាន់លានដុល្លារអាមេរិកក្នុង៤ខែ
ភ្នំពេញ៖ ទីផ្សារអាស៊ានបានក្លាយជាគោលដៅនាំចេញកាន់តែទាក់ទាញរបស់កម្ពុជា ជាមួយនឹងកំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់សមាជិកអាស៊ានមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាសមាជិកអាស៊ានសម្រេចបានទឹកប្រាក់ចំនួន ៥,៦៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ១៤,២ ភាគរយពី៤,៩៣ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ដដែលបានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃ២,១៨ ពាន់លានដុល្លារទៅកាន់ប្រទេសអាស៊ានផ្សេងទៀតក្នុងអំឡុងពេលខែមករាដល់ខែមេសាឆ្នាំនេះ កើនឡើង ១៧,២ ភាគរយកើនពី ១,៨៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។
ជាមួយគ្នានេះ ការនាំចូលរបស់កម្ពុជាពីបណ្តាប្រទេសជាសមាជិកអាស៊ានមានតម្លៃ ៣,៤៥ពាន់លានដុល្លារ កើនឡើង ១២,៣ ភាគរយពីជាង៣ពាន់លានដុល្លារ។
របាយការណ៍ដដែលបានបន្តថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាសមាជិកអាស៊ានមានចំនួន ៣៣,៣ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបដែលមានចំនួន ១៦,៩ ពាន់លានដុល្លារក្នុងអំឡុងពេល ៤ ខែដំបូងនៃឆ្នាំនេះ។
របាយការណ៍បានបន្ថែមថា ប្រទេសដៃគូពាណិជ្ជកម្មធំបំផុតបីរបស់កម្ពុជាក្នុងតំបន់អាស៊ានគឺវៀតណាម ថៃ និងសិង្ហបុរី។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានលើកឡើងថា ប្រទសដែលជាសមាជិកអាស៊ាន ជាពិសេសប្រទេសជាប់ព្រំដែនកម្ពុជាដែលរួមមានថៃ និងវៀតណាមគឺជាដៃគូរពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយសារតែប្រទេសទាំងនេះបាននាំចូលនូវផលិតផលកសិកម្មជាច្រើនរបស់កម្ពុជាដើម្បីធ្វើការកែច្នៃនាំចេញ ដោយសារតែលទ្ធភាពកែច្នៃរបស់កម្ពុជានៅពុំទាន់ឆ្លើយតបទៅនឹងទិន្នផលដែលផលិតបានពីវិស័យកសិកម្ម។
លោកបានលើកឡើងថា៖«យើងតែងគិតថាប្រទេសដែលជាសមាជិកអាស៊ាននៅតែដើរតួនាទីសំខាន់សម្រាប់ទីផ្សារនាំចេញលើផលិតផលកសិកម្មដែលពុំទាន់កែច្នៃរបស់យើង ដោយសារតែយើងពុំទាន់មានលទ្ធភាពគ្រប់គ្រាន់លើការកែច្នៃ ដូច្នេះវាក៏ជាឪកាសដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុនលើរោងចក្រកែច្នៃដើម្បីនាំចេញផងដែរ»។
លោកថ្លែងបន្តថា៖«ទោះបីជាបណ្តាប្រទេសសមាជិកអាស៊ានផលិតបាននូវផលិតផលដូចគ្នាក៏ពិតមែន ប៉ុន្តែយើងអាចបំពេញឱ្យគ្នាដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារនានានៅលើពិភពលោក»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងនៅក្នុងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ានកាលពីខែមេសាថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសដៃគូដ៏រស់រវើកក្នុងតំបន់អាស៊ាន។
លោកបានមានប្រសាសន៍ ថា៖«ប្រទេសកម្ពុជាគឺជាសមាជិកដៃគូរយុទ្ធសាស្ត្រនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងតំបន់ និងពិភពលោក រួមទាំងអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)»។
លោកបានបន្ថែមថា ផលិតផលដែលផលិតក្នុងប្រទេសកម្ពុជា រួមមានសម្លៀកបំពាក់ និងកង់ បច្ចុប្បន្នត្រូវបានទទួលស្គាល់នៅក្នុងអាស៊ាន និងទូទាំងពិភពលោកទៅលើគុណភាព និងតម្លៃប្រកួតប្រជែង។
អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) មានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


