សេដ្ឋកិច្ច
កម្ពុជាទទួល អ្នកដំណើរតាមជើងអាកាសជាង ២ លាននាក់ កើនឡើង ២៥%
គិតចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ២០២៤ កម្ពុជាទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ២ លាននាក់ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ១លាន ៦សែននាក់។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍នៅថ្ងៃទី ០៦ ខែមិថុនា ម្សិលមិញថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។
ប្រធានសមាគមមគ្គទេសក៍ទេសចរអង្គរ លោក ខៀវ ធី ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៧ ខែមិថុនា ២០២៤ នេះថា កំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាស ជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរនៅកម្ពុជា ដែលលោកអះអាងថា កំណើនទេសចរណ៍ជួយទៅដល់ប្រជាជនក្នុងស្រុក ឱ្យមានការងារធ្វើ រាប់ចាប់តាំងពីអ្នកបើកបរ មគ្គុទេសទេសចរ អ្នកលក់ដូរ សណ្ឋាគារផ្ទះសំណាក់ ហើយក៏បានផលទៅដល់អ្នកដាំដុះ ចិញ្ចឹមសត្វផងដែរ ខណៈរដ្ឋាភិបាលក៏បានពន្ធពីគ្រប់វិស័យទាំងអស់នោះដែរ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួនជាង ៥ លាន ១ សែននាក់ កើនឡើង ១១៥% ធៀបនឹងរយៈពេល ១២ខែ ឆ្នាំ២០២២ ដែលជាដំណាក់កាលងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ភ្ញៀវទេសចរបរទេសជាង ៤៧ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនារយៈពេល ៥ ខែ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ២២ លានដុល្លារ កើនឡើង ៣៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើតាមគ្រឹះស្ថានអង្គរ។

ចំណែកឯក្រសួងទេសចរណ៍ក៏បានបង្ហាញដែរថា នៅក្នុងត្រីមាសទី០១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរជាង ១,៥៨ លាននាក់ កើនឡើង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ ចំណែកថវិកាដែលរកបានពីវិស័យទេសចរណ៍បរទេសប្រមាណ ៣,០៤ ពាន់លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


