ព័ត៌មានជាតិ
បណ្ឌិត ជា សិរី៖ អត្រាអតិផរណាខ្ពស់ក្នុងខែមករា ពុំបង្ករហានិភ័យដល់សេដ្ឋកិច្ចឡើយ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរីបានការកើនឡើងខ្ពស់នៃអត្រាអតិផរណានៅក្នុងខែមករាឆ្នាំ២០២៥នេះ ពុំបានបង្ករក្តីបារម្ភប៉ះពាល់ដល់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឡើយ ដោយលើកឡើងថា អត្រាខ្ពស់នេះជាកត្តារដូវកាលជាពិសេសពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម និងកំណើននៃភ្ញៀវទេចរអន្តរជាតិ។

យោងតាមការសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី២៥ខែកុម្ភៈ លោកស្រីបណ្ឌិត ជា សិរីថាថ្មីៗនេះមានការងើងឆ្ងល់អំពីកំណើនអតិផរណា ៦% ក្នុងខែមករា។ សូមបញ្ជាក់ថា នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករាឆ្នាំ ២០២៥ ធៀប នឹងខែមករាឆ្នាំ២០២៤។ កុំច្រឡំថាធៀបនឹងខែធ្នូ។ ចំពោះអត្រាអតិផរណខែមករា ២០២៥ ធៀបនឹងខែធ្នូ ២០២៤ មានកម្រិតត្រឹម ០,៣% ខណៈដែលតួលេខនេះឃើញខ្ពស់ ដោយសារកាលពីខែមករាឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញ មានកម្រិត អវិជ្ជមាន -០.៥% ដូច្នេះមូលដ្ឋាននៃការគណនាទាប ហើយយើងឃើញតួលេខនេះខ្ពស់។
លោកបណ្ឌិតស្រីថា អតិផរណាខ្ពស់គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ។ នាចុងខែមករាឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួន ឡើងថ្លៃ (បន្លែកើន ១៥,៦% ផ្លែឈើកើន ១១,៩% ថ្លៃត្រីរ៉ស់ធម្មជាតិកើន ៦,៧% និងថ្លៃសាច់ជ្រូកកើន ៤,៩%) ដែលធ្វើឲ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅកើនឡើង ៧,៨%។

លោកស្រីបណ្ឌិតបានពន្យល់ថា៖«បើគណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេសជ្ជះមិនស្រវឹងចេញ នោះអតិផរណា នៅសល់តែ ៣,៧% ប៉ុណ្ណោះ។ ពាក្យថា សន្ទស្សន៍ គឺបានន័យថាជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នាដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ។ ដូច្នេះ មិនអាចនិយាយថាការឡើងថ្លៃ ៦% ចំពោះគ្រប់ទំនិញនោះទេ»។
ជាមួយគ្នានេះដែរ លោកស្រីសរសេរបញ្ចាក់ថា ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ ការប្រមូលថ្លៃទំនិញគឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន ២៥៩ មុខ ពីទីតាំងលក់មួយចំនួនជាក់លាក់ ដែលគេហៅថាកន្ត្រកទំនិញ។ ក្រោយពីទទួលបានសន្ទស្សន៍ថ្លៃ ធនាគារជាតិនៃកម្ពុជាគណនាអត្រាអតិផរណា ប្រចាំខែ និងប្រចាំឆ្នាំ។

ក្នុងចំណោមមុខទំនិញទាំងអស់នោះ មានមុខទំនិញខ្លះដែលសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានឱ្យទម្ងន់ច្រើនជាងមុខទំនិញមួយចំនួនទៀត ។ ឧទាហណ៍ ទម្ងន់នៃថ្លៃម្ហូបអាហារ មានសមាមាត្រ ៤៤,៨% នៃកន្ត្រកមុខទំនិញសម្រាប់ការគណនារកសន្ទស្សន៍ថ្លៃទំនិញ។ នេះបើយោងតាមការបញ្ចាក់របស់លោកស្រីបណ្ឌិត ជា សិរី។
លោកស្រីបណ្ឌិតថា៖«អត្រាអតិផរណាគឺជាសូចនាករមួយដែលអ្នករៀបចំគោលនយោបាយអាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយសមស្របដើម្បីរក្សាអំណាចទិញរបស់ប្រជាជន ។ ការរក្សាស្ថារភាពថ្លៃជាមុខងារភារកិច្ចចម្បងមួយរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើឧបករណ៍គោលនយោបាយរូបិយវត្ថុ ប៉ុន្តែរដ្ឋាភិបាលក៏មានភារកិច្ចសំខាន់ផងដែរ តាមរយៈការប្រើឧបករណ៍គោលនយោបាយសារពើពន្ធ និង ជម្រុងផលិតភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


