ព័ត៌មានជាតិ
សមាគមកាត់ដេរនឹងធ្វើការជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអាមេរិក
សមាគមវាយនភណ្ឌ សម្លៀកបំាបក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFAC) បានអំពានាវដល់វិនិយោគិន ស្ថាប័នរដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិធ្វើការរួមគ្នាលើកកម្ពស់ និងកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត ឆ្លើយតបទៅនឹងការប្រកាសអត្រាពន្ធគយថ្មីដែលបានដាក់លើកម្ពុជាក្នុងអត្រា៤៩%។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ TAFAC កាលពីថ្ងៃទី៤ ខែមេសាអំពីការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក ក្នុងកម្រិតដែលបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុង វិស័យដូចគ្នាគឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែង ប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា៤៩% វៀត ណាម៤៦% មីយ៉ាន់ម៉ា៤៥% ។
TAFAC ថា៖« ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានសម្រេចដំឡើងពន្ធជាទូទៅលើផលិតផលដែលនាំចូលទៅសហរដ្ឋអាម៉េរិកពី គ្រប់ប្រទេសទាំងអស់ ដែលរួមមានទាំងកម្ពុជាផងដែរ ហើយការអនុវត្តនឹងចូលជាធរមានពេញលេញនៅថ្ងៃទី០៩ ខែមេសា នេះ។ វិធានការនេះបង្កឱ្យមានការបារម្ភក្នុងចំណោមសមាជិក និងកម្មករនិយោជិត ក៏ដូចជាសាធារណជនទូទៅអំពីផលប៉ះ ពាល់លើការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា»។

«សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិកត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានាដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន»។ នេះបើតាម TAFAC។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ នេះថា នៅពេលដែលតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មមិនស្មើគ្នា លោក ដូណាល់ ត្រាំបានដាក់ចេញការដំឡើងពន្ធ ដើម្បីឱ្យមានលំនឹងជញ្ជីងពាណិជ្ជកម្ម ក្នុងនោះកម្ពុជា ជាប្រទេសនាំចូលផលិតផលដ៏លេចធ្លោមួយទៅសហរដ្ឋអាមេរិក។
ហេតុអ្វីកម្ពុជាទទួលរងនូវពន្ធដល់ទៅ ៤៩% ពីអាមេរិក? តើកម្ពុជាពិតជាបានដាក់ពន្ធទៅលើផលិតផលនាំចូលទំនិញពីសហរដ្ឋអាមេរិកដល់ ៩៧% មែនទេ?

លោកស្រី ចម និម្មល បានលើកឡើងថា កម្ពុជា ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស១៦៦ ផ្សេងទៀត ដែលសុទ្ធតែជាសមាជិក WTO ដែលមានការកំណត់បន្ទាត់ពន្ធគយជាមួយគ្នា។
លោកស្រីបានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានកំណត់កាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធផលិតផលនាំចូល មិនថាផលិតផលរបស់សហរដ្ឋអាមេរិក ឬក៏ផលិតផលរបស់ប្រទេសជាដៃគូពាណិជ្ជកម្មផ្សេងៗ គឺមានចន្លោះពី ០ ដល់ ៣៥%។ នៅក្នុងឆ្នាំ ២០២៤ ការនាំចូលផលិតផលរបស់អាមេរិកមកកម្ពុជាមានទំហំប្រមាណជិត ៣០០ លានដុល្លារ។
បើតាមលោកស្រីរដ្ឋមន្ត្រី៖ «បន្ទាត់ពន្ធខ្ពស់បំផុតដែលយើងមានផលិតផលរបស់អាមេរិកមកកម្ពុជា គឺមានត្រឹមតែ ២៩,៤% បានន័យថា ទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធខ្ពស់បំផុតដែលយើងមាន»។

លោកស្រី ចម និម្មល បានបន្ថែមថា៖ «ប្រទេសកម្ពុជាដូចជាប្រទេសអភិវឌ្ឍតិចតួចផ្សេងៗទៀត គឺតែងតែមានអតិរេកនៃការនាំចេញរបស់ខ្លួន ទៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ ពីព្រោះអី ទី១ គឺដោយសារថា ទំហំនៃកម្លាំងបញ្ជាទិញ ពិតណាស់ទីផ្សារអាមេរិក មានប្រជាពលរដ្ឋរហូតទៅដល់ ៣៤០ លាននាក់ ហើយកម្ពុជាយើងមានតែ ១៧ លាននាក់ អញ្ចឹងច្បាស់ណាស់ថា តម្រូវការ ការបញ្ជាទិញពីសហរដ្ឋអាមេរិកមកលើផលិតផលដែលកម្ពុជាអាចផលិតបានចូលទៅទីផ្សាររបស់ខ្លួននោះ គឺពិតណាស់មានចំនួនច្រើន ដូច្នេះហើយថាតើកម្ពុជាមាន ១៧ លាននាក់មានលទ្ធភាពបញ្ជាទិញផលិតផលអាមេរិកវិញបានប៉ុន្មាន។ នេះហើយដែលសំដៅឱ្យឃើញថា ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក គឺជាទីផ្សារដែលបានស្រូបទាញផលិតកម្មរបស់យើងមិនថាផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង និងផលិតផលផ្សេងៗទៀត»។
TAFTAC បានថ្លែងបញ្ចាក់ថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សានិង ចរចាគ្នា។ សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត។
«សមាគមនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីបន្តកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ដូចជាថ្លៃភស្តុភារ និងថ្លៃអគ្គិសនីជាដើម»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


