Connect with us

ព័ត៌មានអន្ដរជាតិ

រោងចក្រនៅចិនខ្លះផ្អាកប្រតិបត្តិការ ដើម្បីរក ទីផ្សារថ្មីជំនួសអាមេរិក

បានផុស

នៅ

ក្រោមផលវិបាកនៃសង្រ្គាមពាណិជ្ជកម្មចុងក្រោយ អ្នកវិភាគ និងក្រុមហ៊ុនឯកជនផ្សេងៗបាន​និយាយថា ក្រុមហ៊ុនផលិតកម្ម​ខ្លះនៅក្នុងស្រុកចិន​កំពុងផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយស្វែងរកទីផ្សារនាំចេញថ្មីជំនួសសហរដ្ឋអាមេរិក ដោយសារតែការដំឡើងពន្ធគយ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ CNBC ​ការផ្អាកនេះ ក៏ប៉ះពាល់ដល់វិស័យការងារចិនផងដែរ។

មន្រ្តីដៃគូជាន់ខ្ពស់​នៃក្រុមហ៊ុនប្រឹក្សាយោបល់ Tidalwave Solutions នៅក្រុងសៀងហៃ លោក Cameron Johnson ​បាននិយាយប្រាប់ CNBC ថា៖ «ខ្ញុំស្គាល់រោងចក្រជាច្រើន ដែលបានប្រាប់ពាក់កណ្តាលនៃបុគ្គលិករបស់​ខ្លួនឱ្យត្រឡប់ទៅផ្ទះវិញក្នុងរយៈពេល ២-៣ សប្តាហ៍ កន្លងទៅនេះ ហើយបានបញ្ឈប់​ផលិតកម្មរបស់​ពួកគេទៀតផង»។ លោក​បាន​បន្ត​ថា រោងចក្រ​​ដែល​ផលិត​របស់​ក្មេង​លេង សម្ភារៈ​កីឡា និង​ទំនិញ​ក្នុង​ហាង​តម្លៃ​ទាបៗ​ ​គឺ​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារតែចំណាត់ការពន្ធគយនៅ​ពេល​នេះ។

លោក Johnson បាននិយាយទៀតថា ​ទោះបីជាការផ្អាកផលិតកម្មមិន​ទាន់មាន​ទ្រង់ទ្រាយធំនៅឡើយ​ក្ដី «ប៉ុន្តែវាកំពុងកើតឡើងនៅក្នុងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៃតំបន់ Yiwu និង Dongguan ហើយមានការព្រួយបារម្ភថាវានឹងកើនឡើង»។ អ្នកជំនាញដដែលបន្ថែមថា៖ «មានក្តីសង្ឃឹមថាពន្ធនឹងត្រូវបានបន្ទាប ដូច្នេះការបញ្ជាទិញអាចបន្ត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនកំពុង​ផ្អាកបុគ្គលិក និង​ផលិតកម្មមួយចំនួនជាបណ្ដោះអាសន្ន»។

យោងតាមការប៉ាន់ស្មានរបស់ធនាគារអាមេរិក Goldman Sachs ​កម្មករនៅចិន​ប្រហែល ១០-២០ លាន​នាក់ ​​ធ្វើការ​ក្នុង​អាជីវកម្មដែល​នាំចេញ​ទៅសហរដ្ឋអាមេរិក។ ចំនួនកម្មករផ្លូវការ​ក្នុងទីក្រុងនានារបស់ប្រទេសចិនកាលពីឆ្នាំមុន មានចំនួន ៤៧៣,៤៥ លាននាក់។ ​

គួរគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ប្រកាសពន្ធជាបន្តបន្ទាប់លើ​ទំនិញចិន ១៤៥ ភាគរយ ដែលធ្វើឱ្យទំនិញខ្លះឡើងដល់ ២៤៥ ភាគរយ ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំជាថ្មីជាមួយចិន​ ដែលសងសឹកជាមួយ​នឹង​ពន្ធ ១២៥ ភាគរយ លើទំនិញ​របស់អាមេរិក។ សហរដ្ឋអាមេរិក​គឺជាទីផ្សារដ៏ធំរបស់ចិន រួមចំណែកដល់ការនាំចេញសរុបប្រមាណ ៤៣៨,៩ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន។

ខណៈលោក ត្រាំ អះអាងថា ការចរចាទ្វេភាគីកំពុងដំណើរការ ចិន​បាន​ច្រាលចោលពីវឌ្ឍនភាពបែបនេះ ទោះបីជាគូវិវាទទាំងសងខាង បង្ហាញជំហរស្វែងរកដំណោះស្រាយក្ដី។

ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ Imex Sourcing Services នៅទីក្រុង ក្វាងចូវ លោក Ash Monga ​បាននិយាយថា ផលប៉ះពាល់នៃ​កំណើន​ពន្ធទ្វេដង​នាពេលថ្មីៗនេះគឺ «ធំជាង» វិបត្តិកូវីដ១៩ ទៅទៀត។ លោកបានកត់សម្គាល់ថា សម្រាប់អាជីវកម្មខ្នាតតូចដែលមានធនធាន​ត្រឹមតែប៉ុន្មានលានដុល្លារនោះ ​ការដំឡើងពន្ធភ្លាមៗអាចនឹង​ក្លាយជាបន្ទុកធ្ងន់ធ្ងរ ហើយបង្ខំឱ្យពួកគេបញ្ឈប់អាជីវកម្ម។​

តាមការចុះផ្សាយរបស់ CNBC គេសង្កេតមើលឃើញថា ការដំឡើងពន្ធរបស់​សហរដ្ឋអាមេរិក ធ្វើឱ្យក្រុមហ៊ុនផលិតកម្មខ្លះផ្លាស់ប្ដូរយុទ្ធសាស្រ្តនៃការលក់របស់ខ្លួន រួមទាំង​ការងាកទៅប្រើប្រាស់ «ការផ្សាយផ្ទាល់» នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។

ស្ថាបនិកក្រុមហ៊ុនប្រឹក្សាទីផ្សារ ChoZan លោកស្រី Ashley Dudarenok ​បាន​និយាយថាក្រុមហ៊ុនចិនកាន់តែតិចទៅៗ ​ដែល​ពិចារណាបង្វែរការនាំចេញទៅកាន់សហរដ្ឋអាមេរិក​ដោយប្រើច្រកនាំចេញនៃប្រទេសដទៃ ដោយសារ​តែ​សហរដ្ឋអាមេរិកបង្កើនការត្រួតពិនិត្យ​លើការដឹកជញ្ជូន។

លោកស្រី Dudarenok បានបន្ថែមថា ក្រុមហ៊ុនចិន​ជាច្រើនកំពុងធ្វើពិពិធកម្មផលិតកម្មទៅកាន់ប្រទេសឥណ្ឌា ជាជាងនៅអាស៊ីអាគ្នេយ៍ ខណៈ​ក្រុមហ៊ុនផ្សេងទៀត កំពុង​បង្វែរការនាំចេញរបស់ខ្លួនពីសហរដ្ឋអាមេរិក​ ទៅ​កាន់​អឺរ៉ុប និងអាមេរិកឡាទីន។

ទន្ទឹម​នឹង​ព័ត៌មាន​​ជុំវិញ​​បញ្ហា​ក្នុងស្រុកបែបនេះ មន្ត្រីជាន់ខ្ពស់ចិនកាលពីថ្ងៃចន្ទ បានគូសបញ្ជាក់អំពីផែនការគាំទ្រការងារ និងជួយផ្នែកហិរញ្ញវត្ថុដល់អ្នកនាំចេញ ខណៈ​បង្ហាញអំពីលទ្ធភាពនៃការបញ្ចេញ​គោលនយោបាយជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដោយសារភាពតានតឹងពាណិជ្ជកម្ម​ជាមួយអាមេរិក។

គេមើលឃើញថា មុនភាពតានតឹង​ចុងក្រោយ ចិន​បាន​ប្រឈមមុខនឹង​បញ្ហា​សេដ្ឋកិច្ចក្នុងស្រុករួចហើយ រួមទាំងកម្សោយតម្រូវការ និងវិបត្តិអចលនទ្រព្យ ដែលពន្យឺតកំណើនក្រោយវិបត្តិកូវីដ១៩។ កន្លងមក មាន​សេចក្ដីរាយការណ៍ថា ចិន​នឹង​ផ្ដោតលើការជំរុញតម្រូវការក្នុងស្រុក ដើម្បីប៉ះប៉ូវផលប៉ះពាល់នៃវិធានការពន្ធរបស់សហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម