ព័ត៌មានជាតិ
ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ បង្កផលប៉ះដល់លំហូភ្ញៀវក្នុងវិស័យទេសចរណ៍
អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍បានលើកឡើងថា ប៉ុន្មានថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងទាំងពីរកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះបានកំពុងជះផលអវិជ្ជមាននៃវិស័យទេសចរណ៍ ខណៈកញ្ចប់គម្រោងទស្សនកិច្ចពីខាងប្រទេសថៃចូលមកកាន់កម្ពុជាត្រូវបានលុបចោលស្ទើរតែទាំងអស់ ហើយសម្រាប់កញ្ចប់ទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃវិញក៏ត្រូវបានលុបចោលវិញដូចគ្នាដែរ។

ជុំវិញបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិកកម្ពុជា បានលើកឡើងថា បញ្ហាដែលកំពុងតែប៉ះទង្កិចរវាងប្រទេសទាំងពីរនេះ វាបានបង្កផលប៉ះដល់ដូចគ្នាទៅដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ លោកថា៖«សូម្បីតែសំបុត្រយន្តហោះក៏ត្រូវបានលុបចោល ព្រោះដូចយើងបានដឹងស្រាប់ហើយថាប្រទេសថៃ គឺជាគោលដៅដ៏ពេញនិយមមួយរបស់កម្ពុជា ប៉ុន្តែចាប់តាំងពីមានបញ្ហាមក ប្រជាជនថៃ និងប្រជាជនកម្ពុជា បានផ្អាកការធ្វើដំណើរកម្សាន្ត លើកលែងតែអ្នកដែលត្រូវពិនិត្យជំងឺ និងអ្នកដែលមានការងារសំខាន់ៗដែលពាក់ព័ន្ធទៅនិងបញ្ហាសុខភាព និងពាណិជ្ជកម្មរបស់ខ្លួនប៉ុណ្ណោះ»។
ស្របពេលជាមួយគ្នានេះ លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរអង្គរ បានឱ្យដឹងថា ចាប់តាំងពីប្រសាទព្រះវិហារបានចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ មក ទេសចរថៃ ដែលចូលមកទស្សនាប្រសាទអង្ករវត្តមានការធ្លាក់ចុះច្រើន បើទោះបីជាមានក៏ក្នុងរង្វង់តិចតួចប៉ុណ្ណោះ។

ដោយសារតែភ្ញៀវទេសចរថៃថយចុះជាបន្តបន្ទាប់ ក្នុងនោះមគ្គុទ្ទេសក៍ទេសចរភាសាថៃ ក៏ងាកមកចាប់ផ្តើមរៀនភាសាផ្សេងៗមួយចំនួនវិញផងដែរ។
ប៉ុន្តែប្រសិនបើនិយាយពីកាស៊ីណូ នៅតាមបណ្តោយព្រំដែនវិញ លោក ខៀវ ធី បានមានប្រសាសន៍ថា «តាមកាស៊ីណូគឺនៅតែមានជនជាតិថៃឆ្លងដែនចូលមកលេងខ្លះៗ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរដែលដើរកម្សាន្តនៅប្រសាទអង្គរវត្ត និងចូលជ្រៅមកកាន់កម្ពុជា គឺមិនមាននោះទេ»។
លោក ខៀវ ធី បានលើកឡើងថា «ខ្ញុំយល់ថា ដោយសារជនជាតិថៃ ជាជនជាតិ ជាតិនិយម ដូច្នេះនៅពេលដែលមាន អរិភាពជាមួយប្រទេសណាហើយ តែងតែមានចិត្តឆេវឆាវ ហើយការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ នេះទៀតសោទ ពិតណាស់ថាជនជាតិនេះនឹងមិនចូលមកទស្សនាកម្ពុជាច្រើនដូចនៅមុនឆ្នាំ២០០៨ កន្លងមកអញ្ចឹង»។

«ដោយឡែកចំពោះស្ថានភាពភ្ញៀវទេសចរទូទៅវិញ ដូចជាភ្ញៀវទេសចរអឺរ៉ុប អូស្ត្រាលី អាមេរិក កាណាដា ជប៉ុន និងទេសចរមួយចំនួន គឺនៅតែចូលមកទស្សនាប្រទេសកម្ពុជាដដែល មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។ ក្នុងនោះចំពោះភ្ញៀវទេសចរថៃ យើងមិនបារម្ភនោះទេថា ពួកគេមកឬមិនមកទស្សនានៅកម្ពុជា ព្រោះយើងផ្តោតសំខាន់ទៅលើភ្ញៀវជនជាតិអឺរ៉ុបតែប៉ុណ្ណោះ»។ លោក ខៀវ ធី បន្ថែមបែបនេះ។
លោកបានអះអាងថា «ភ្ញៀវទេសចរអឺរ៉ុប ចូលចិត្តវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងអង្គរវត្តរបស់ខ្មែរ ដូច្នេះច្បាស់ណាស់ថាគេនឹងនៅតែមកលេងកម្ពុជា។ មួយវិញទៀត ទេសចរចិន តាមរយៈការធ្វើគោលនយោបាយរបស់រាជរដ្ឋាភិបាល លោកសង្ឃឹមថា ភ្ញៀវទេសចរចិននឹងចូលមកទស្សនាកម្ពុជាកាន់តែច្រើន តាមរយៈការដោះដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ»។
ជាមួយគ្នានេះ លោក រនតា នរិន្ទ អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ភីតអេលីត ប៊ូទិក ខេត្តសៀមរាប បានឱ្យដឹងថា ទាក់ទងទៅនិងការកក់បន្ទប់សណ្ឋាគារនាពេលបច្ចុប្បន្ននេះគឺនៅមានចំនួនថេរនៅឡើយមិនទាន់មានការថយចុះនោះទេ ដែលភាគច្រើនជាជនខ្មែរ និងជនបរទេសជាដើម គឺមិនមានភ្ញៀវជាជនជាតិថៃនោះទេ។
ក្នុងនោះ នៅក្នុងខែឧសភា កន្លងទៅនេះ មានភ្ញៀវប្រមាណជាង ៦០០នាក់ ដែលបានចូលមកកក់សណ្ឋាគារនៅ ក្នុងខេត្តសៀមរាបផ្ទាល់។

ដោយឡែក ផ្ទះសំណាក់ព្រះសំណាក់មរតព្រះវិហារ នាខេត្តព្រះវិហារឯណោះវិញ ក៏បានឱ្យដឹងដែរថា បច្ចុប្បន្នការចូលស្នាក់គឺមិនសូវជាមានចំនួនច្រើននោះទេ ក្នុងនោះមានភ្ញៀវមានប្រមាណ ២០% ដែលធ្វើការកក់ចូលស្នាក់នៅ និងភ្ញៀវប្រមាណ ៨០% ទៀត ចូលមកស្នាក់នៅផ្ទាល់ៗ ទាំងភ្ញៀវទេសចរនៅក្នុងស្រុក និងជនជាតិបរទេសជាដើម។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,៤ លាននាក់ នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥ (មករា-មេសា) កើនឡើង ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨%៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


