Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកថ្មីទៀតនៅភាគខាងត្បូងប្រទេសថៃ បង្កជាចលាចល

បានផុស

នៅ

អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មិនថមថយឡើយ ព្រោះក្រុមផ្តាច់ខ្លួននៅតែបន្តបើកការវាយប្រហារមិនលោះថ្ងៃ ដោយចុងក្រោយបំផុតនេះ ក៏មានការបំផ្ទុះគ្រាប់បែកកម្ទេចរថយន្តដឹកទំនិញថែមទៀត បង្កជាចលាចល។

ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Abdullah Benjakat)

តាមការផ្សាយរបស់ Bangkok Post, ការវាយប្រហារនេះ កើតឡើងក្នុងតំបន់ Pasemat នៃស្រុក Sungai Kolok ខេត្ត Narathiwat។ 

រឿងហេតុបានចាប់ផ្តើមនាវេលាម៉ោង ២:០៥ទាបភ្លឺថ្ងៃពុធទី២១ខែមករាឆ្នាំ២០២៦ នៅពេលមានការបំផ្ទុះគ្រាប់បែកកម្ទេចរថយន្ត ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតឡើយ។

ក្រោយការវាយប្រហារនេះ ក្រុមដោះគ្រាប់បែកបានទៅដល់កន្លែងកើតហេតុ ហើយដ្បិតតែអាជ្ញាធរកំពុងបើកការស៊ើបអង្កេតរកអ្នកនៅពីការរឿងនេះក៏ដោយ ប៉ុន្តែគេដឹងច្បាស់ថា វាជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួនមូស្លីម ដែលកំពុងធ្វើប្រតិបត្តិការ បង្កភាពចលាចលនៅភាគខាងត្បូងប្រទេសថៃ។

ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ បណ្តាញសង្គម)

ការវាយប្រហារទ្រង់ទ្រាយធំបំផុតនៅភាគខាងត្បូងប្រទេសថៃ នាពេលចុងក្រោយគឺការបំផ្ទុះគ្រាប់បែកនិងដុតស្ថានីយប្រេងឥន្ធនៈ១១កន្លែងក្នុងខេត្តចំនួន៣ផ្សេងគ្នាដូចជា៖ Pattani, Yala និង Narathiwat។​

ជុំវិញការវាយប្រហារនោះ អាជ្ញាធរថៃអះអាងដែរថា អ្នកបង្កគឺជាបណ្តាញតែមួយជាមួយក្រុមចោរប្លន់មាសនៅខេត្ត Narathiwat កាលពីខែតុលាឆ្នាំ២០២៥។

ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Bangkok Post)

មេយុទ្ធភូមិភាគ៤ថៃ Norathip Poinok និយាយថា៖ «ក្រោយការពិនិត្យព័ស្តុតាង យើងអាចសន្និដ្ឋានបានថា ក្រុមដែលវាយប្រហារស្ថានីយប្រេងឥន្ធនៈ១១កន្លែងនៅខេត្តចំនួន៣នាភាគខាងត្បូង គឺជាបណ្តាញតែមួយជាមួយក្រុមចោរប្លន់នៅហាងមាស Yaowarat»។ 

ពាក់ព័ន្ធហេតុការណ៍នោះដែរ មេបញ្ជាការកងទ័ពជើងគោកថៃ Phana Klaewplodthuk បានចេញបញ្ជារួចហើយ ឲ្យតាមប្រមាញ់ក្រុមជនដៃដល់ និងនាំខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់បំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម