ព័ត៌មានអន្ដរជាតិ
៧ប្រទេស ប្រកាសចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» របស់លោកត្រាំ
យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយ BBC នាថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ ប្រទេសចំនួន៧ បានយល់ព្រមចូលរួមក្នុង«ក្រុមប្រឹក្សាសន្តិភាព (Board of Peace)» ថ្មីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនេះជាការបង្កើនសន្ទុះដល់អង្គភាពមួយ ដែលហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីប្រតិបត្តិការលើសពីការផ្តោតសំខាន់លើតំបន់ហ្គាហ្សាដូចដែលបានគ្រោងទុកដំបូង។

បណ្តាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន រួមមាន អារ៉ាប៊ីសាអូឌីត តួកគី អេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងកាតា បាននិយាយថា ពួកគេគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបទឈប់បាញ់អចិន្ត្រៃយ៍នៅហ្គាហ្សា គាំទ្រការកសាងឡើងវិញ និងជំរុញនូវអ្វីដែលពួកគេបានពិពណ៌នាថាជា «សន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង»។ ចំណែកឯប្រទេសអ៊ីស្រាអែលវិញ ក៏ទើបតែបញ្ជាក់ពីការត្រៀមចូលរួមរបស់ខ្លួនរួចហើយ។
លោកត្រាំ បានថ្លែងកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលយកការអញ្ជើញឲ្យចូលរួម ប៉ុន្តែក្រោយមកមេដឹកនាំវិមានក្រឹមឡាំង បានបញ្ជាក់វិញថា រុស្ស៊ីនៅតែកំពុងសិក្សាលើសំណើនោះនៅឡើយទេ។
ទោះបីជាដំបូងឡើយ វាត្រូវបានបង្ហាញថាជាយន្តការមួយដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សាក៏ដោយ ប៉ុន្តែសេចក្តីព្រាងធម្មនុញ្ញដែលបានលេចធ្លាយ មិនបានលើកឡើងពីទឹកដីប៉ាឡេស្ទីននោះទេ ហើយផ្ទុយទៅវិញ បានគូសបញ្ជាក់ពីអាណត្តិស្ថាបនាសន្តិភាពដ៏ទូលំទូលាយ ដែលក្រុមអ្នករិះគន់និយាយថា អាចនឹងមានតួនាទីត្រួតលើគ្នា ឬជំនួសមុខងាររបស់អង្គការសហប្រជាជាតិ។
ប្រទេសមួយចំនួន រួមមាន កាណាដា និងអង់គ្លេស មិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយទេ ខណៈដែលប្រទេសស្លូវេនីបានប្រាប់ថា ខ្លួនបានបដិសេធចូលរួម ដោយព្រមានថា អង្គភាពនេះអាចរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ។ ចំណែកឯបុរីវ៉ាទីកង់បានបញ្ជាក់ថា សម្តេចប៉ាប លីអូ បានទទួលការអញ្ជើញហើយ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តទេ។
នៅក្រោមធម្មនុញ្ញដែលបានស្នើឡើង ក្រុមប្រឹក្សានេះនឹងចាប់ផ្តើមចូលជាធរមានភ្លាមៗ នៅពេលដែលមានរដ្ឋចំនួន៣ ចុះហត្ថលេខាជាផ្លូវការ។ សមាជិកនឹងត្រូវបម្រើការក្នុងអាណត្តិ៣ឆ្នាំ ដែលអាចបន្តបាន ដោយមានអាសនៈអចិន្ត្រៃយ៍សម្រាប់ប្រទេសណាដែលបរិច្ចាគថវិកាចំនួន១ពាន់លានដុល្លារ។ លោកត្រាំ នឹងធ្វើជាប្រធានដែលមានអំណាចទូលំទូលាយលើរចនាសម្ព័ន្ធរបស់អង្គភាពមួយនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


