ព័ត៌មានអន្ដរជាតិ
បោះឆ្នោតក្នុងថ្ងៃតែ១ដូចជប៉ុនដែរ ប៉ុន្តែអន្តរជាតិរក្សាជំហរស្ងាត់ស្ងៀមចំពោះលទ្ធផលឆ្នោតនៅថៃ
ការបោះឆ្នោតនៅប្រទេសថៃ កាលថ្ងៃទី៨ខែកុម្ភៈ បានរៀបចំឡើង ចំពេលជាមួយគ្នានឹងការបោះឆ្នោតនៅប្រទេសជប៉ុន ប៉ុន្តែស្ថានភាពក្រោយការបោះឆ្នោតនៃប្រទេសទាំងពីរគឺខុសគ្នាដាច់ស្រឡះ ដោយសារតែការបោះឆ្នោតនៅថៃប្រឈមភាពមិនប្រក្រតីច្រើន ខណៈនាយករដ្ឋមន្ត្រីជប៉ុនវិញទទួលសារអបអរសាទរជាច្រើនពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។

ការបោះឆ្នោតនៅប្រទេសជប៉ុន បានបញ្ចប់ទៅដោយលទ្ធផលឈ្នះឆ្នោតបានទៅលើគណបក្សកំពុងកាន់អំណាច និងការអបអរសាទរពីបណ្តាប្រទេសជាមិត្តជាច្រើនភ្លាមៗតែម្តង ប៉ុន្តែការបោះឆ្នោតនៅប្រទេសថៃវិញរងសម្ពាធពីការតវ៉ាយ៉ាងខ្លាំងដោយសារតែការរកឃើញនូវភាពមិនប្រក្រតីច្រើននៅស្ទើរទូទាំងប្រទេសរហូតដល់ពេលនេះ។
បន្ទាប់ពីការបោះឆ្នោត៤ថ្ងៃ មិនមានប្រទេសណាបង្ហាញការអបអរសាទរដល់ការឈ្នះឆ្នោតរបស់ លោក អានុទីន ឆានវីរៈគុលនោះទេ លើកលែងតែអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានថ្លែងដោយផ្ទាល់មាត់ក្នុងកម្មវិធីសន្និសីទសារព័ត៌មានជាប្រចាំថា «ការបោះឆ្នោតថៃប្រព្រឹត្តទៅដោយរលួន»។ យោងការដាក់ស្រង់ពីសារព័ត៌មាន Khaosod English។
ក្រៅពីមន្ត្រីចិន ភ្លាមៗបន្ទាប់ការមើលឃើញនូវលទ្ធផលនាំមុខដាច់កាន់តែឆ្ងាយ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ក៏បានបញ្ជូសារអបអរសាទរដល់លោក អានុទីន ចំពោះការឈ្នះឆ្នោតនោះ ដោយមិនបង្អង់ចាំមើលស្ថានភាពនៃការបោះឆ្នោតឡើយ។ នៅក្នងសារដែលចេញផ្សាយដោយ CNA នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានរំឭកដល់ចំណងទំនាក់ទំនងខួប៦០ឆ្នាំនៃប្រទេសថៃនិងសិង្ហបុរីផងដែរ។
ក្រៅពីចិននិងសិង្ហបុរី តៃវ៉ាន់ក៏បានចូលរួមអបអរលោកអានុទីនផងដែរ។
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងប្រទេសថៃ ត្រូវបានប្រកាសជាបឋមថា គណបក្សភូមិចៃថៃរបស់លោក អានុទីន ឆានវីរៈគុល បានទទួលជ័យជម្នះលើសគេ ដោយទទួលបានអាសនៈសរុប១៩៣ តាមពីក្រោយដោយគណបក្សប្រជាជនថៃទទួលបានអាសនៈ១១៨ រីឯគណបក្សភឿថៃឈរនៅលំដាប់លេខ៣ ទទួលបានអាសនៈ ៧៤ និងគណបក្សធំទី៤ គឺ គណបក្ស Kla Tham ដោយទទួលបានអាសនៈចំនួន៥៨។
លទ្ធផលជ័យជម្នះលោក អានុទីន ឆានវីរៈគុល ដែលត្រូវគេដឹងថា បានប្រើប្រាស់យុទ្ធសាស្រ្តជំរុញការគាំទ្រតាមចរន្តជាតិនិយម ដោយបង្កឲ្យមានជម្លោះប្រដាប់អាវុធជាមួយកម្ពុជា ក្រោយធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងនោះ មិនស្ថិតនៅផ្លូវមោទនភាពដែលប្រជាជនថៃទូទៅអបអរសាទរឡើយ ដោយរហូតដល់ពេលនេះ ការផ្ទុះបាតុកម្មតវ៉ា បានកើតឡើងនៅច្រើនខេត្ត និងច្រើនមណ្ឌលបោះឆ្នោត ជាពិសេសការកើនឡើងនៃចរន្តទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ព្រោះតែការរកឃើញនូវភាពមិនប្រក្រតីច្រើនពេក។
ប៉ុន្តែសម្រាប់ការបោះឆ្នោតនៅប្រទេសជប៉ុនក្នុងថ្ងៃតែមួយវិញ យោងសារព័ត៌មានជប៉ុន Japan Times លទ្ធផលបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច របស់លោកស្រីនាយករដ្ឋមន្ត្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) បានទទួលអាសនៈសភាកើនឡើងពី១៩៨នៅមុនការបោះឆ្នោត ដល់៣១៦អាសនៈ ដែលជាសម្ទុះគាំទ្រដ៏ខ្លាំង។

ភ្លាមៗក្រោយការប្រកាសលទ្ធផលឆ្នោតកាលពីថ្ងៃចន្ទ ប្រទេសជាច្រើនបានប្រកាសអបអរសាទរលោកស្រី សាណាអេ ដែលត្រូវបានប្រជាជនជប៉ុនបោះឆ្នោតគាំទ្រឈ្នះភ្លូកទឹកភ្លូកដី។ ប្រទេសដែលចេញសារអបអរសាទរនោះ រួមមាន ប្រធានាធិបតី ដូណាល់ ត្រាំ, ម៉ាឡេស៊ី, តៃវ៉ាន់ , កូរ៉េខាងត្បូង, សិង្ហបុរី, ប៉ាគីស្ថាន, និងក៏មាន ឥណ្ឌា កាណាដា និងអ៊ីស្រាអែលផងដែរ។
សរុបសេចក្តីមក រហូតមកដល់ពេលនេះ សហគមន៍អន្តរជាតិកំពុងរង់ចាំមើលការវិវឌ្ឍន៍ព្រឹត្តិការណ៍ក្រោយការបោះឆ្នោតនៅប្រទេសថៃដែលមានចរន្តនៃការតវ៉ាខ្លាំង ដោយសារតែរកឃើញនូវភាពមិនប្រក្រតីច្រើន និងចរន្តនៃការតវ៉ាកាន់តែខ្លាំង ដោយសារតែលទ្ធផលឈ្នះឆ្នោតរបស់គណបក្សភូមិចៃថៃ បានផ្ទុយស្រឡះចំពោះលទ្ធផលនៃការស្ទង់មតិនានានៅមុនការបោះឆ្នោត ដែលគណបក្សភូមិចៃថៃគ្មានប្រជាប្រិយភាពអាចយកឈ្នះការបោះឆ្នោតនោះទេ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


