Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែក ដាច់ជើងមនុស្សម្នាក់ ក្នុងការវាយប្រហារនៅខេត្តភាគខាងត្បូង ថៃ

បានផុស

នៅ

មនុស្ស២នាក់បានរងរបួស ក្នុងនោះមានម្នាក់ត្រូវដាច់ជើង ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត ​Narathiwat ភាគខាងត្បូងប្រទេសថៃ ខណៈគេដឹងថា នេះគឺជាស្នាដៃរបស់ក្រុមបះបោរផ្តាច់ខ្លួន។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារទី២៦ខែសីហាឆ្នាំ២០២៥ នៅអណ្តូងរ៉ែរបស់ក្រុមហ៊ុន Asia Mining Industry Co., Ltd ស្ថិតក្នុងភូមិ៣ ឃុំ Chang Phueak ស្រុក Cha Na។

តាមសេចក្តីរាយការណ៍របស់ Khaosod, កម្មករទាំងពីរបានចូលទៅសម្អាតតំបន់ដែលរងការវាយប្រហារដោយក្រុមផ្តាច់ខ្លួនកាលពីចុងសប្តាហ៍ ប៉ុន្តែក្នុងប្រតិបត្តិការបោសសម្អាតនោះ មានម្នាក់បានដើរទៅយកឧបករណ៍ បែរជាជាន់គ្រាប់បែកដែលបង្កៃទុក បណ្តាលឲ្យផ្ទុះដាច់ជើងតែម្តង ខណៈម្នាក់ទៀតរបួសដោយអំបែងគ្រាប់។

(រូបថត៖ The Nation)

សូមជម្រាបថា អណ្តូងរ៉ែនេះជាកន្លែងដែលក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃ វាយប្រហារដុតកម្ទេច បំផ្លាញរថយន្តធុនធំចំនួន១០គ្រឿង កាលពីថ្ងៃសុក្រទី២២ខែសីហា។

ការវាយប្រហារនោះបានគូសបញ្ជាក់ពីស្ថានភាពកាន់តែចលាចលនៅភាគខាងត្បូងប្រទេសថៃ ស្របពេលអំពើហិង្សាពីសំណាក់ក្រុមបេះបោរកាន់តែធ្ងន់ធ្ងរទៅៗហើយ។ 

(រូបថត៖ Khaosod)

ហេតុការណ៍ចុងក្រោយនេះទៀតសោត កើតឡើងបន្ទាប់ពីក្រុមផ្តាច់ខ្លួន បើកការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តកំណត់គោលដៅលើប៉ុស្តិ៍សន្តិសុខក្នុងស្រុក Tak Bai នៃខេត្ត Narathiwat បណ្តាលឲ្យមន្រ្តី៤នាក់រងរបួស។

មុនការវាយប្រហារនោះ ក្រុមផ្តាច់ខ្លួនភាគខាងត្បូង ក៏បំផ្ទុះគ្រាប់បែកនៅរោងចក្រក្នុងស្រុក Waeng នៃខេត្ត Narathiwat ដដែលនេះផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បន្តធ្វើសកម្មភាពក្នុងខេត្តចំនួន២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម