ព័ត៌មានអន្ដរជាតិ
លោក មហាធៀរ៖ ថៃចេះតែនៅមិនសុខជាមួយអ្នកជិតខាង ព្រោះក្នុងចិត្តតែងគិតថាទឹកដីគេនៅជាប់ព្រំដែនជារបស់ខ្លួន
រដ្ឋបុរសរបស់ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) អតីតនាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា ប្រទេសថៃតែងតែយល់ថា ទឹកដីនៃប្រទេសជិតខាងនៅជាប់ព្រំដែនប្រទេសរបស់ខ្លួន ជាទឹកដីរបស់ថៃ ដែលនាំទៅដល់ការបង្កអរិភាពជាមួយប្រទេសជិតខាងជាបន្តបន្ទាប់។

ការលើកឡើងរបស់លោក មហាធៀរ មហាម៉ាត់ បានរំលេចក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយតាមបណ្តាញសង្គម Buddhist Cambodia News (BC News) កាលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥ ដោយការរៀបចំបទសម្ភាសដោយកញ្ញា Dana Lee (Ms DANA LEE) ដែលជានិស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ដែលសិក្សាស្រាវជ្រាវពីសន្តិភាពនិងជម្លោះ ( Peace and Conflict) នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី (Australian National University)។
នៅក្នុងកិច្ចសម្ភាសន៍ចំនួន៤០នាទីនោះ មានសំណួរ១ ដែល កញ្ញា Dana Lee បានចោទសួរថា «អ្នកជាអ្នកនយោបាយដ៏មានបទពិសោធន៍ច្រើន តាមការយល់ឃើញរបស់អ្នក តើអ្នកយល់ថា ប្រទេសមួយណាឈ្លានពានប្រទេសមួយណា?»
ជាការឆ្លើយតបចំពោះសំណួរនេះ លោកបណ្ឌិត មហាធៀរ មហាម៉ាត់ បានតបថា៖«ប្រទេសថៃជាប្រទេសចក្រពត្តិ (Imperial Nation)។ ប្រទេសថៃស្ថិតនៅចំណុចកណ្តាល។ ភាគខាងត្បូងនៃរដ្ឋរបស់ប្រទេសម៉ាឡេស៊ី ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសថៃ។ នៅភាគខាងកើតជាប់ប្រទេសកម្ពុជានិងប្រទេសឡាវ ក៏ជាផ្នែកនៃទឹកដីរបស់ប្រទេសថៃ។ វាក៏មានរូបភាពដូចគ្នាជាមួយប្រទេសមីយ៉ាន់ម៉ាដែរ។ ដូចនេះប្រទេសថៃរីកចម្រើនឡើងជាមួយការចំណាយរបស់ប្រទេសជុំវិញខ្លួន ហើយ ប្រទេសនេះបានក្លាយជាប្រទេសដែលមានឥទ្ធិពលនៅក្នុងតំបន់អាស៊ាន។ ខ្ញុំមានន័យថា នៅក្នុងតំបន់ឥណ្ឌូចិននេះតែម្តង»។
លោកបានបន្តថា៖«ដោយសារមូលហេតុនោះហើយ មានជម្លោះមួយចំនួនជុំវិញបូរណៈភាពទឹកដី។ នៅក្នុងជម្លោះដ៏សំខាន់ទាំងនោះ គឹមានការអះអាងជាម្ចាស់នៃប្រាសាទ១ ដែលទាំងប្រទេសថៃនិងប្រទេសកម្ពុជាអះអាងជារបស់ពួកគេរៀងៗខ្លួន ហើយ រឿងបែបនេះមិនត្រូវបានដោះស្រាយទេ»។

នៅក្នុងកិច្ចសម្ភាសន៍ចំនួន៤០នាទីនោះ កញ្ញា Dana Lee បានសម្ភាសន៍យ៉ាងលម្អិតអំពីប្រវត្តិដឹកនាំរបស់ លោក មហាធៀរ ដែលបានដឹកនាំប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង២ទសវត្សរ៍ និងបានកែប្រែប្រវត្តិប្រទេសម៉ាឡេស៊ីទៅរកការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសម័យទំនើប និងបទពិសោធន៍នៃការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសព្វក្រោមការដឹកនាំរបស់លោក។
ជាមួយគ្នានោះ កញ្ញា Dana Lee ក៏បានសាកសួរអំពីដំណោះស្រាយសមស្របដើម្បីបញ្ចប់ជម្លោះរវាងប្រទេសជិតខាង ដោយលោកជំរុញឲ្យនាំយកករណីជម្លោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចជាករណីប្រទេសម៉ាឡេស៊ីធ្លាប់ធ្វើជាមួយប្រទេសសិង្ហបុរី ប្រទេសឥណ្ឌូណេស៊ី និង ប្រទេសហ្វីលីពីនជាដើម។
លោក មហាធៀរ មហាមាត់ ជាអ្នកនយោបាយដ៏មានបទពិសោធន៍និងស្នាដៃអភិវឌ្ឍន៍ជាតិយ៉ាងច្រើន និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់និងក្នុងពិភពលោក។ ក្នុងឆ្នាំ១៩៧៦ លោក មហាធៀរ បានតែងតាំងធ្វើជា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រហូតដល់ឆ្នាំ១៩៨១ បន្ទាប់ពីលោក ហូសែន អន (Hussein Onn) ប្រកាសលាលែងពីដំណែង លោក មហាធៀរ ស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីទីបួន របស់ប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៣ ដែលធ្វើឱ្យលោកក្លាយជាអ្នកកាន់តំណែងនេះយូរជាងគេនៅប្រទេស ម៉ាឡេស៊ី។ អាជីពនយោបាយរបស់លោក មហាធៀរ មានរយៈពេលជាង៧០ឆ្នាំ រាប់ចាប់តាំងពីលោកបានចូលរួមជាលើកដំបូងជាមួយ គណបក្ស UMNO ដែលបង្កើតថ្មីនៅឆ្នាំ១៩៤៦ ក្រោយមកទើបលោកបង្កើតគណបក្សផ្ទាល់ខ្លួន គឺគណបក្ស Parti Pribumi Bersatu Malaysia (គណបក្សជនជាតិភាគតិចម៉ាឡេស៊ី) ក្នុងឆ្នាំ២០១៦។
ក្នុងអំឡុងពេល លោកកាន់តំណែងជានាយករដ្ឋមន្ត្រីលើកទីមួយ លោកបានធ្វើឱ្យប្រទេស ម៉ាឡេស៊ី ទទួលនូវបទពិសោធន៍នៃការធ្វើទំនើបកម្ម និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយរដ្ឋាភិបាលរបស់លោកបានផ្ដួចផ្ដើមគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ លោកគឺជាឥស្សរជននយោបាយដ៏លេចធ្លោម្នាក់ ដែលបានឈ្នះការបោះឆ្នោតសកល ជាប់ៗគ្នាចំនួនប្រាំលើក និងយកឈ្នះលើគូប្រជែងជាបន្តបន្ទាប់ ក្នុងនាមជាមេដឹកនាំបក្ស UMNO។ ទោះជាយ៉ាងណាក៏ដោយការប្រមូលផ្ដុំអំណាចក្នុងរយៈពេលដ៏យូរ នៃការកាន់អំណាចរបស់លោក បានធ្វើឱ្យប្រព័ន្ធតុលាការបាត់បង់ឯករាជ្យ និងបង្កើតជាអំណាចបែបប្រពៃណីលេចឡើងក្នុងប្រទេសម៉ាឡេស៊ី៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


