ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលកំពុងធ្វើឲ្យអឺរ៉ុបនិងសហរដ្ឋអាមេរិកបែកបាក់គ្នាដ៏ជូរចត់
រាប់ទសវត្សរ៍មកហើយជាពិសេសចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក គេតែងដឹងថា សហរដ្ឋអាមេរិក និងមហាអំណាចនៅអឺរ៉ុប ឬថា សហភាពអឺរ៉ុបទាំងមូល មានភាពល្អូកល្អើន ជួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើទាំងឡាយដែលសម្ព័ន្ធមិត្តរបស់ខ្លួនយល់ថា មិនត្រឹមត្រូវ ប៉ុន្តែចំណងមិត្តភាពនិងភាពជាដៃគូយូរអង្វែងរបស់ពួកគេបង្ហាញការបែកបាក់ក្នុងជំហរដាច់ខាតរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ញ៉ាហ៊ូ (Benjamin Netanyahu)។

ក្នុងដំណាក់កាលចុងក្រោយ គោលជំហររបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានដើរផ្ទុយគ្នាយ៉ាងច្រើនលើបញ្ហាជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីននៅមជ្ឈិមបូព៌ា។ បញ្ហានៅត្រង់ថា រដ្ឋាភិបាលអ៊ីស្រាអែលដឹកនាំដោយនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់ញ៉ាហ៊ូ (Benjamin Netanyahu) មិនបានអើពើចំពោះការអំពាវនាវរបស់សហគមន៍អន្តរជាតិឡើយ។
ក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីនដែលឈានដល់ខួប២ឆ្នាំនៅថ្ងៃទី៧ខែតុលា២០២៥ ខាងមុខនេះ អ៊ីស្រាអែលបានវាយកម្ទេចតំបន់ហ្គាហ្សា និងបានពង្រីកការវាយប្រហារដល់ប្រទេសជិតខាងមួយចំនួនក្នុងតំបន់ ដូចជាលីបង់និងស៊ីរី ព្រមទាំងទៅកាន់ប្រទេសឆ្ងាយៗពីព្រំដែនរបស់ខ្លួន ដូចជា អ៊ីរ៉ង់ យេម៉ែន និង ចុងក្រោយនេះ គឺប្រទេសកាតា ក្រោមហេតុផលថា «តាមកម្ទេចក្រុមមេដឹកនាំហាម៉ាស»។
ការវាយប្រហារលើប្រទេសកាតាកាលពីថ្ងៃទី៩ខែកញ្ញាកន្លងទៅនេះ ដែលបារាជ័យក្នុងការសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស លោក Khalil al-Hayya អនុប្រធានការិយាល័យនយោបាយក្រុមហាម៉ាស បានធ្វើឲ្យអ៊ីស្រាអែលដឹងខ្លួនឯងយ៉ាងច្បាស់ថា «ខ្លួនកាន់តែឯកោ» បន្ទាប់ពីមេដឹកនាំរដ្ឋអារ៉ាប់បានបង្ហាញសញ្ញារួបរួមគ្នា និងថ្កោលទោសអ៊ីស្រាអែលចំពោះការវាយប្រហារប្រទេសកាតាដែលមានអធិបតេយ្យភាពពេញលេញ។
ក្នុងជម្លោះនៅតំបន់ហ្គាហ្សានេះ សហរដ្ឋអាមេរិកបានបង្ហាញសញ្ញាគាំទ្រអ៊ីស្រាអែលមិនងាករ៉េ ទោះស្ថិតក្រោមសម្ពាធការទូតអន្តរជាតិថ្កោលទោសអ៊ីស្រាអែលស្រោចដូចភ្លៀងទាមទារឲ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមនេះយ៉ាងណាក្តី ប៉ុន្តែប្រទេសសំខាន់ៗនៅតំបន់អឺរ៉ុបបានងាកចេញពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
តាមការចេញផ្សាយរបស់BBC នៅឯអង្គការសហប្រជាជាតិ ប្រទេសជាច្រើននៅទ្វីបអឺរ៉ុប រួមមាន ចក្រភពអង់គ្លេស បារាំង បែលហ្សិក និងប្រទេសក្រៅតំបន់អឺរ៉ុប រួមមាន អូស្រ្តាលី និង កាណាដា បានអះអាងថា ពួកគេគ្រោងនឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋនៅសប្តាហ៍ក្រោយ ខណៈដែលសហរដ្ឋអាមេរិកបានព្រមានពីការទទួលស្គាល់បែបនេះ ហើយ អ៊ីស្រាអែលបានបដិសេធដាច់អហង្ការចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន។
នៅដើមខែនេះ ប្រទេសបែលហ្ស៊ិកបានប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ រួមទាំងការហាមឃាត់ការនាំចូលពីការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វខុសច្បាប់នៅតំបន់ West Bank ការពិនិត្យឡើងវិញនូវគោលនយោបាយលទ្ធកម្មជាមួយក្រុមហ៊ុនអ៊ីស្រាអែល និងការរឹតបន្តឹងលើជំនួយកុងស៊ុលដល់ប្រជាជនបែលហ្ស៊ិកដែលរស់នៅក្នុងការតាំងទីលំនៅ។
បែលហ្ស៊ិកក៏បានប្រកាសថារដ្ឋមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលរឹងរូសពីរនាក់គឺ Itamar Ben-Gvir និង Bezalel Smotrich, ជារដ្ឋមន្ត្រីមិនគួររាប់រក និងហាមចូលបែលហ្ស៊ិក រួមជាមួយនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វដែលត្រូវបានចោទប្រកាន់ពីបទហិង្សាលើប៉ាឡេស្ទីននៅតំបន់ West Bank ។
ប្រទេសផ្សេងទៀត រួមទាំងប្រទេសអង់គ្លេស និងបារាំង បានចាត់វិធានការស្រដៀងគ្នានេះរួចហើយ។
មួយសប្តាហ៍បន្ទាប់ពីការផ្លាស់ប្តូររបស់បែលហ្ស៊ិក អេស្បាញ បានប្រកាសវិធានការផ្ទាល់ខ្លួន ដោយបង្វែរការហាមឃាត់អាវុធដែលមានស្រាប់ទៅជាច្បាប់ ដោយប្រកាសពីការហាមឃាត់ការនាំចូលដោយផ្នែក រារាំងការចូលទឹកដីអេស្ប៉ាញសម្រាប់ជនណាដែលពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា និងហាមមិនឲ្យនាវា និងយន្តហោះដែលផ្ទុកអាវុធនៅអ៊ីស្រាអែលចូលចតនៅកំពង់ផែអេស្ប៉ាញ ឬចូលដែនអាកាសរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានចោទប្រកាន់ប្រទេសអេស្ប៉ាញថា ជំរុញគោលនយោបាយប្រឆាំងសាសនា និងបានស្នើថា អេស្បាញនឹងរងទុក្ខច្រើនជាងអ៊ីស្រាអែលពីការហាមឃាត់ពាណិជ្ជកម្មអាវុធ។
តាម BBC មានសញ្ញាគួរឲ្យព្រួយបារម្ភផ្សេងទៀតសម្រាប់អ៊ីស្រាអែល។ នៅក្នុងខែសីហា មូលនិធិទ្រព្យសម្បត្តិរដ្ឋចំនួន ២ទ្រីលានដុល្លារបស់ប្រទេសន័រវេស (១.៧ទ្រីលានអឺរ៉ូប) បានប្រកាសថាខ្លួននឹងចាប់ផ្តើមដកខ្លួនចេញពីក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងប្រទេសអ៊ីស្រាអែល។ នៅពាក់កណ្តាលខែកញ្ញា ក្រុមហ៊ុនចំនួន ២៣ត្រូវបានដកចេញ ហើយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Jens Stoltenberg បាននិយាយថា ក្រុមហ៊ុនន័រវេសច្រើនទៀតអាចធ្វើតាម។
ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល គ្រោងនឹងដាក់ទណ្ឌកម្មរដ្ឋមន្ត្រីស្តាំនិយម និងមួយផ្នែកផ្អាកធាតុពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែល។
នៅក្នុងសុន្ទរកថារដ្ឋសហភាពអឺរ៉ុបកាលពីថ្ងៃទី ១០ខែកញ្ញា ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ព្រឹត្តិការណ៍នៅហ្គាហ្សាបាន «អង្រួនមនសិការរបស់ពិភពលោក»។

មួយថ្ងៃក្រោយមក អតីតមន្ត្រីការទូត និងមន្ត្រីអឺរ៉ុបចំនួន ៣១៤នាក់បានសរសេរទៅកាន់លោកស្រី von der Leyen និងប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas ដោយអំពាវនាវឱ្យមានវិធានការតឹងរ៉ឹង រួមទាំងការផ្អាកទាំងស្រុងនៃកិច្ចព្រមព្រៀងសមាគមជាមួយប្រទេសអ៊ិស្រាអែល។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Robio) បាននិយាយប្រាប់អ្នកសារព័ត៌មានមុនចាកចេញដំណើរទៅកាន់ប្រទេសអ៊ិស្រាអែលកាលពីថ្ងៃសៅរ៍ថា ទាំងរូបលោក និងប្រធានាធិបតី ដូណាល់ ត្រាំ មិនសប្បាយចិត្តចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតាឡើយ៕
យោងការផ្សព្វផ្សាយរបស់ក្រសួងការបរទេសអាមេរិក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងសន្និសីទរួមគ្នាថា៖«លោករដ្ឋមន្ត្រី Marco ដំណើរទស្សនកិច្ចរបស់អ្នកទៅកាន់រដ្ឋធានីដ៏អមតៈ និងគ្មានការបំបែកបានរបស់យើង «ហ្សេរុយសាឡឹម» គឺជាការបញ្ជាក់ដ៏មានឥទ្ធិពល និងរឹងមាំនៃចំណងទំនាក់ទំនងដ៏មានឥទ្ធិពល។ យើងក្រោកឈរក្នុងពេលនៃការប្រឈមដ៏ធំធេង ការឈ្លានពានរបស់ប្រទេសអ៊ីរ៉ង់ និងអ្នកតំណាងភេរវកររបស់ពួកគេ អ្នកដែលស្រែកថា «ងាប់ទៅអាមេរិក! ងាប់ទៅអ៊ីស្រាអែល!»៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


