សុខភាព
ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ជំងឺពងបែកដៃជើង និងក្នុងមាត់
ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមិថុនា នេះ បានបង្ហាញថា តាមដានជំងឺឆ្លងជាប្រចាំឃើញថា បច្ចុប្បន្នមានការរកឃើញជារប៉ះរប៉ោះ នៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់លើកុមារតាមបណ្តាខេត្តមួយចំនួន។ បើទោះបីជាមានករណីតិចតួចក្ដី ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹក ជូនសាធារណៈជនបន្តការប្រុងប្រយ័ត្ន និងប្រកាន់ខ្ជាប់អនាម័យ។

តាមរយៈ សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាល បញ្ជាក់ថា ជំងឺពងបែកនៅដៃជើង និង មាត់ជាជំងឺឆ្លង ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការប៉ះពាល់ផ្ទាល់ជាមួយនឹង វត្ថុរាវនៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និង លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហស៍ទី១។ ជំងឺពងបែក ដៃជើង និងមាត់ មិនឆ្លងទៅ ឬ ឆ្លងមកពីសត្វឡើយ។

ក្រសួងសុខាភិបាលសូមរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នានូវវិធានការខាងក្រោម៖
– អនាម័យល្អ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពាល់ ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពី ពងបែក និងលាមកអ្នកជំងឺ។
– ត្រូវលាងសម្អាតដៃឱ្យបានស្អាត មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណី ដល់ទារក ឬ កុមារ ក្រោយចេញពីបង្គន់ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ។ លាងសម្អាតផ្ទៃ និងរបស់ដែលប្រលាក់ដោយទឹក និងសាប៊ូ។
– ជៀសវាងការប៉ះពាល់ស្និទស្នាល (ថើប ឱប ប្រើប្រាស់សម្ភារៈសម្រាប់ហូបចុក រួមគ្នា។ល៕) ត្រូវបន្ត ផ្តល់អាហារដែលមានសារជាតិចិញ្ចឹមច្រើន និងទឹកស្អាតដល់កុមារ។ ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារនីមួយៗ។
– អ្នកមើលថែទាំកុមារតូចៗត្រូវមានអនាម័យផ្ទាល់ខ្លួនល្អ។

ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ ទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

គួរបញ្ជាក់ថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និង កុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។ ជំងឺនេះកើតមាននៅ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ខុសពី ជំងឺជើង និងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែកនៅ ដៃជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុស កុកសាគី (Cossackievirus) ហើយជាទូទៅបណ្តាលឱ្យមានជំងឺស្រាល។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឱ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


