KPT+
កូនធំឡើងជាមនុស្សល្អ និងស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវដឹងរឿងទាំងនេះ
ក្លាយជាប៉ាម៉ាក់គេថ្មីថ្មោង ជាទំនួលខុសត្រូវថ្មីមួយ ក្នុងទំព័រជីវិតជាគ្រួសារ។ បន្ថែមពីបទពិសោធ ពីដែលមនុស្សចាស់ ឬរៀមច្បងមុនៗរៀបរាប់ប្រាប់ ក្នុងនាមជាឪពុកម្តាយ ក៏គួរស្វែងយល់នូវចំណុចប្រែប្រួលសំខាន់ៗ នៃដំណាក់កាលវិវត្តទៅតាមវ័យកូនៗ ជាពន្លឺមួយ ជួយឱ្យទំនាក់ទំនងគ្រួសារ មានភាពកក់ក្តៅ និងយល់ពីស្ថានភាពប្រែប្រួលទៅតាមធម្មជាតិ រួមជាមួយវិធីដោះស្រាយមួយចំនួនផងដែរ។
កូនទើបនឹងកើត រហូតដល់អាយុ៣ខែ
នៅក្នុងវ័យនេះ ការយំគឺជាភាសាតែមួយប៉ុណ្ណោះ ដែលកូនៗប្រើសម្រាប់ទាក់ទងទៅកាន់ប៉ាម៉ាក់ ថាខ្លួនគេត្រូវការអ្វី។ ដូចនេះក្នុងនាមជាឪពុកម្តាយ យើងគួរសម្គាល់នូវភាពខុសប្លែក ថាពេលណា កូនយំ ដោយសារឃ្លាន ងងុយគេង ឬមិនស្រួលខ្លួន។ ម៉្យាងវិញទៀតយើងក៏គួរដឹងដែរថា នៅពេលទារកយំដោយគ្មានមូលហេតុអ្វី គឺជាពេលដែលកូនត្រូវការភាពកក់ក្តៅ និងក្តីស្រលាញ់ពីយើង ដោយតាមរយៈការប៉ះ ការលួងបំពេរដោយសំឡេងប្រកបដោយក្តីស្រលាញ់ ធ្វើឱ្យកូនដឹងថា យើងនៅក្បែរ ធ្វើឱ្យអូនៗមានអារម្មណ៍ថាសុវត្ថិភាព។
អាយុពី៤ ទៅ៦ខែ
នៅវ័យនេះ កូនតូចយើង ចេះសើច ចេះធ្វើសំឡេងត្រាប់តាម ចេះពេប ញ៉ិកញ៉ក់ ជាវិធីទំនាក់ទំនងរបស់ពួកគេ។ នៅអាយុនេះ ក្មេងចាប់ផ្តើមរៀនស្គាល់ពីមនុស្សជុំវិញខ្លួន អាចចាំមុខប៉ាម៉ាក់បានច្បាស់ និងមនុស្សនៅជិតស្និទ្ធជាមួយគេ។ នៅវ័យនេះ ជាពេលដែលឪពុកម្តាយ អាចនាំកូនឱ្យស្គាល់អ្នកជុំវិញខ្លួនបាន ដូចជាបងប្អូន សាច់ញាតិជាដើម។
អាយុពី៧ ទៅ១២ខែ
វ័យនេះ ជាដំណាក់កាលប្រែប្រួលមួយ ដោយកូនតូចនៅចង់តាមតែម៉ាក់ ឬប៉ារបស់គេ ជាងនរណាទាំងអស់ ពេលទៅណាមកណាគឺតាមគ្រប់ជំហាន។ ដើម្បីចៀសបញ្ហានេះ យើងអាច ទម្លាប់ឃ្លាតៗពីកូនបន្តិច នៅពេលណាមួយដែលគេលេងក្នុងកន្លែងសុវត្ថិភាព ដើម្បីឱ្យគេដឹង និងមានភាពកក់ក្តៅថា អ្នកតែងតែត្រឡប់មករកគេវិញ។
អាយុ១ឆ្នាំ ទៅ២ឆ្នាំ
កូនក្មេងនៅអាយុនេះ គួរបានស្វែងយល់ពីពិភពខាងក្រៅ ដោយធ្វើទំនាក់ទំនងជាមួយអ្នកផ្សេងៗទៀត ដូចជាការលេងជាមួយក្មេងៗអាយុស្របាលគេ។ ប៉ុន្តែ វ័យនេះពួកគេ ពុំទាន់យល់អ្វីនូវគោលគំនិតនៃការចែករំលែក ឬលេងចូលជាមួយក្មេងៗគ្រប់គ្នាទាំងអស់ទេ។ ដូចនេះ ការងក់ងរ ក្រាញយំ ជារឿងធម្មតាប៉ុណ្ណោះ ប៉ាម៉ាក់អាចប្រាប់ អាចបង្រៀនជាវិន័យខ្លះដល់អូនៗ តែប្រាកដថា ដោយគ្មានការវាយ ឬស្រែកខ្លាំងៗដាក់ កូនឡើយ។
អាយុ៣ឆ្នាំ
ពេលនេះកូនរបស់យើងចាប់ផ្តើមចេះលេងជាមួយ ក្មេងៗដទៃទៀត ចេះចែករំលែក ចេះស្របចុះសម្រុងជាមួយក្មេងដទៃ។ ចំណែកភាពងក់ងរ យំឡាំប៉ា ក៏បាត់បន្តិចម្តងៗនៅវ័យនេះដែរ តែអាយុ៣ឆ្នាំ ជាវ័យកូនៗចាប់ផ្តើមខ្លាចរឿងមួយចំនួន ដូចជា ទីងងឹត ឬចេះស្រមើស្រមៃថាមានបិសាចមកបន្លាចពួកគេនៅក្រោមគ្រែជាដើម។
វ័យនេះផងដែរ យើងគួរ ជំរុញទឹកចិត្តកូន ឱ្យចេះធ្វើរឿងមួយចំនួនដោយខ្លួនឯង និងប្រាប់កូនថា យើងមានមោទកភាពចំពោះកិច្ចការដែលកូនធ្វើ ដូចជា នៅពេលគេបង្ហាញគំនូរដែលពួកគេគូរដល់យើង ឬរឿងល្អៗ ដែលគេបានធ្វើក្នុងថ្ងៃនេះ ប្រាប់ដល់យើង។
អាយុ៤ ដល់៥ឆ្នាំ
កូនក្មេងនៅវ័យនេះ ចេះធ្វើតាមវិន័យគ្រួសារដែលមាន ប៉ុន្តែកូននៅមិនទាន់ដឹងថា រឿងណាខុស ឬត្រូវនៅឡើយទេ។ នេះជាវ័យដែលកូនៗឆ្ងល់ច្រើន ចង់ចេះធ្វើរឿងមួយចំនួនដោយខ្លួនឯង ហើយជឿ និងចេះមានក្តីស្រមៃថា ធំឡើងនឹងធ្វើអ្វីមួយឱ្យកើតឡើង។
ចំណុចសំខាន់នៅវ័យនេះ គឺនៅវ័យ៤ឆ្នាំ កូនៗអាចមានអារម្មណ៍ប្រែប្រួលច្រើនឡើងវិញ ចេះគឃ្លើន ចេះរករឿងឈ្លោះ ឬវៃជាមួយបងប្អូន ចេះងក់ងរ ឬរត់គេចចេញ ទៅយំ(មិនសុខចិត្ត)ម្នាក់ឯង។ យ៉ាងណាមិញនៅវ័យ៥ឆ្នាំ កូនៗចេះមានទំនួលខុសត្រូវជាងមុន អាចសម្របខ្លួនជាមួយសមាជិកគ្រួសារ និងចេះចង់ឱ្យអ្នកដទៃរីករាយ សប្បាយចិត្ត។ នៅវ័យនេះ យើងគួរ ចេះលើកទឹកចិត្តកូន និងផ្តល់ភាពកក់ក្តៅ ឱ្យកូនចេះនិយាយបង្ហាញពីអារម្មណ៍ និងលើកសរសើរនៅពេលកូនធ្វើបានល្អ។
អាយុ៦ ដល់១២ឆ្នាំ
នៅវ័យនេះ កូនៗយើងចាប់ផ្ដើមចាត់ទុក មិត្តភក្តិជារឿងសំខាន់ខ្លាំង រាប់ទាំងរឿងស្នេហាផង (បើមាន)។ វ័យនេះកូនៗ អាចចេះមានអារម្មណ៍ច្រណែននឹងមិត្តភក្តិវ័យស្របាលគ្នា ចេះដើរជាក្រុមមិត្តភក្តិ ចេះប្រណាំងប្រជែងធ្វើរឿងអ្វីមួយ ឬអាចឆេវឆាវច្រើន។ ដូចនេះ ប៉ាម៉ាក់អាចបង្រៀនកូនៗ ឱ្យមានវិន័យសម្រាប់ខ្លួនឯង និងមានសុជីវធម៌ ចេះទទួលស្តាប់គោរពមតិរៀមច្បង។ ជាមួយគ្នានេះ រឿងសំខាន់មិនអាចខ្វះបាន គឺយើងអាចចំណាយពេលតាមលទ្ធភាព នៅជាមួយកូនៗ បង្កើតដំណើរកម្សាន្តលក្ខណៈគ្រួសារ ដើម្បីបង្កើនភាពកក់ក្តៅ និងឱ្យកូនមានពេលវេលាល្អៗជាមួយគ្រួសារ។
អាយុ១៣ ដល់១៨ឆ្នាំ
ដល់វ័យជាយុវវ័យនេះ កូនៗរបស់ច្រើនប្រៀបធៀបខ្លួនឯង ទៅនឹងយុវជនវ័យស្របាលគ្នា ទទួលយក នឹងគិតថាអ្នកទាំងនោះ (អ្នកវ័យស្របាលគ្នា) ធ្វើ សុទ្ធតែត្រឹមត្រូវ។ ដូចនេះ ប៉ាម៉ាក់អាចប្រាប់ និងបង្ហាញកូនឱ្យចេះអប់រំចិត្ត កុំឱ្យរងសម្ពាធ និងស្រ្តេសបង្កពីបរិយាកាសខាងក្រៅនោះ។ យើងអាចលើកទឹកចិត្កូនឱ្យបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ដើម្បីមានដំណោះស្រាយ តែយើងក៏ត្រូវយល់ដែរថា វ័យនេះជាវ័យដែលកូនៗចង់បានភាពឯករាជ្យលើរឿងមួយចំនួនក្នុងជីវិតរស់នៅ ក៏ដូចជារឿងស្នេហា ក៏អាចជារឿងសំខាន់នៅវ័យនេះផងដែរ។ យ៉ាងណាមិញ កូនៗនៅតែត្រូវការ ជំនួយ ការណែនាំ ការលើកទឹកចិត្ត និងភាពកក់ក្តៅពីឪពុកម្តាយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន
-
ព័ត៌មានជាតិ២០ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ