KPT+
តើអ្វីទៅជាដំណេកវិបល្លាស?
មានមនុស្សជាច្រើន ដែលតែងតែរអ៊ូរទាំជុំវិញបញ្ហាដំណេករបស់ខ្លួន តែបញ្ហារបស់ពួកគេដែលលើកឡើងមកនេះ មិនត្រូវបានដោះស្រាយនោះទេ។ មិនត្រូវបានដោះស្រាយ ក៏ព្រោះតែអ្នកដែលត្អូញត្អែរភាគច្រើនមិនបានយល់ដឹង អំពីបញ្ហាដំណេករបស់ខ្លួនទាល់តែសោះ ពោលគឺមិនដឹងថា បញ្ហាដែលនាំឲ្យខ្លួនគេងមិនលក់នោះ បណ្ដាលមកពីអ្វី និងត្រូវដោះស្រាយដោយវិធីណានោះដែរ។
យើងដឹងហើយថា ជាទូទៅមនុស្សយើង ត្រូវការការគេងចន្លោះពី ៧ទៅ ៨ម៉ាងក្នុងមួយថ្ងៃ ហើយការគេងនេះទៀតសោត គឺជួយឲ្យរាងកាយនិងចិត្តបានសម្រាក និងក៏ជួយយើងឲ្យមានអារម្មណ៍ស្រស់ស្រាយផងដែរ។
មនុស្សខ្លះ មានការពិបាកគេងឲ្យលក់ណាស់ ខណៈដែលអ្នកខ្លះភ្ញាក់ពីព្រលឹមពេក ហើយមិនអាចសំរាន្តលក់ទៅវិញបាន។ ចំណែកអ្នកខ្លះវិញសំរាន្តភា្ញក់ៗ ពេញមួយយប់ និងឈានទៅដល់ការប្រើប្រាស់ថ្នាំងងុយដេកច្រើនលើសលប់ រហូតដល់មានការញៀនថ្នាំប្រភេទនេះក៏មាន។ ការគេងមិនលក់នេះផងដែរ បានក្លាយជាការត្អូញត្អែរផ្នែកសុខភាព ដែលកើតមានញឹកញាប់បំផុត ចំពោះមនុស្សគ្រប់វ័យភាគច្រើន។
អ្នកជំនាញសុខភាពផ្លូវចិត្ត បានកំណត់ថា ដំណេកវិបល្លាស គឺជាការរំខានជាប្រចាំនៅក្នុងគុណភាព និងបរិមាណនៃការគេង ដែលរំខានដល់សមត្ថភាពរបស់បុគ្គល ក្នុងការបំពេញមុខងារប្រចាំថ្ងៃរយៈពេលមួយខែ ឬលើសនេះ។
តាមឯកសារចិត្តវិទ្យា មិនធម្មតារបស់លោកខាន់ សារ៉េត សាស្ត្រាចារ្យចិត្តវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ដំណេកវិបល្លាសចែកចេញជាបួនប្រភេទ ក្នុងនោះទីមួយគឺ ការសំរាន្តមិនលក់ ដែលត្រូវបានពន្យល់ថា ជាការគេងមិនគ្រប់គ្រាន់ធ្ងន់ធ្ងរ និងរំខានដល់មុខងារបំពេញសកម្មភាពប្រចាំថ្ងៃ។ បញ្ហានេះ វាកើតមុន ឬក្រោយនៅពេល ដែលមានបំរែបំរួលសំខាន់ៗ នៅក្នុងជីវិត ដូចជាអាពាហ៍ពិពាហ៍ ការផ្លាស់ប្ដូរការងារឬចាប់ផ្ដើមការងារថ្មី និងតំណឹងចិត្ត ដែលអាចអូសបន្លាយដល់ ៣ទៅ ៤យប់ផងក៏មាន។
ទីពីរគឺ ការគេងលើសលប់ ដែលសំដៅដល់ការគេងហួសប្រមាណ ឬហួសហេតុ និងការងងុយដេកខ្លាំងនៅពេលថ្ងៃ។ បញ្ហានេះកើតឡើង ដោយសារកត្តាផ្លូវកាយ កង្វះជាតិដែក បញ្ហាគ្រឿងញៀន និងជំងឺផ្លូវចិត្ត។ ចំណែកទីបី គឺការគេងមិនលក់ ឬគេងមិនលក់នៅពេលចូលគេង។ បញ្ហានេះ អាចទាក់ទងនឹងភាពស៊ីគ្នា រវាងពេលវេលានៃការភ្ញាក់ និងការងារ ដែលកើតឡើងដោយសារភាពខុសគ្នា នៃទីតាំងភូមសាស្ត្រ ដូចជាការយប់នៅកម្ពុជា តែថ្ងៃនៅអាមេរិក រួមជាមួយនឹងការផ្លាស់ប្ដូរវេនការងារជាដើម។
ចំណែកឯទីបួន គឺទាក់ទងនឹងបញ្ហាដែលកើតមាននៅអំឡុងពេលគេងលក់ ដែលភាគច្រើនគឺលាយឡំនឹងការយល់សប្តិអាក្រក់ និងការដេកមមើរ ឬដេកដើរ។ យើងអាចស្វែងយល់បាន អំពីបុព្វហេតុនៃជំងឺដេកមិនលក់ ពិសេសចំពោះមនុស្សដែលតែងតែត្អូញត្អែរជារឿយៗ បានដោយពិនិត្យទៅលើចំណុចមួយចំនួនជាអាទិ៍៖ ពួកគេមានទម្លាប់ពិសារគ្រឿងស្រវឹងជាប្រចាំ មានជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ ការប្រើប្រាស់ថ្នាំងងុយដេកខុសប្រក្រតី មានជំងឺប្រចាំកាយជាដើម។ ជាទូទៅអ្នកគេងមិនលក់ ឬមានបញ្ហាក្នុងដំណេក ពួកគេនឹងមានអារម្មណ៍ធីងធោង អស់ម្លាំង ការផ្ដោតអារម្មណ៍មិនបានល្អ មានអារម្មណ៍ឆាប់ខឹង និងការគិតមិនបានច្បាស់លាស់។
មានវិធីសាស្រ្តមួយចំនួន ក្នុងការដោះស្រាយបញ្ហាដំណេក ប្រកបដោយប្រសិទ្ធភាព ដែលយើងគួរយល់ដឹងមានដូចជា៖ មជ្ឈដ្ឋានជុំវិញឬសហគមន៍ ត្រូវពន្យល់អ្នកគេងមិនលក់ថា បញ្ហានោះជារឿងធម្មតា ហើយពួកគេអាចដេកលក់វិញបានជាធម្មតា នៅពេលបុព្វហេតុរបស់វាត្រូវបានដោះស្រាយ។ មួយទៀត ប្រសិនបើយើងរកឃើញថា មានបញ្ហាអ្វីមួយ ឬក៏មានជំងឺផ្លូវកាយអ្វីមួយ សូមធ្វើការព្យាបាលវាជាបន្ទាន់ បន្ថែមលើនេះត្រូវរក្សាទំលាប់ ក្នុងការគេងឲ្យបានល្អ ហើយភ្ញាក់ពីគេងឲ្យបានទៀងទាត់ ទោះបីជាយើងចូលគេងនៅម៉ោងប៉ុន្មានក៏ដោយ និងមិនត្រូវប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំងងុយដេកច្រើននោះទេ ខណៈការជក់បារីមុនពេលចូលគេង ក៏ត្រូវហាមឃាត់។
នៅមានវិធីសាស្រ្តមួយចំនួនទៀត ដែលអាចជួយឲ្យការគេងរបស់យើង ប្រព្រឹត្តទៅបានរលូនដូចជា៖ ត្រូវបត់ជើងតូចមុនពេលចូលគេង ជៀសវាងផឹកតែឬកាហ្វេនៅពេលរសៀល ព្យាយាមធ្វើលំហាត់ដង្ហើម និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដោយជៀសវាង ការធ្វើលំហាត់ប្រាណនៅពេលរសៀល ជៀសវាងការដេកនៅពេលថ្ងៃ និងរៀបចំកន្លែងដេកឲ្យបានល្អ( មិនភ្លឺពេក ងងឹតពេក .ល.)។ ក្នុងករណីដែលអ្នកដេកមិនលក់ អ្នកមិនត្រូវដេកលើគ្រែនោះទេ តែអ្នកត្រូវធ្វើសកម្មភាពមួយចំនួនរហូតដល់អ្នកងងុយ ដូចជា ការអានសៀវភៅជាដើម៕
អត្ថបទ៖ លន់ សេនី


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


