Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ ចាត់វិធានការរុះរើដេប៉ូសំណង់ ១ កន្លែង រំលោភផ្លូវសាធារណៈ

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់ និង​ចាត់​វិធានការ​រុះរើ​ដេប៉ូ​សំណង់ ឃាង​ដា ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណៈ​ទីតាំង​លក់​គ្រឿង​សំណង់​នេះ​បន្ត​តាំង​លក់​គ្រឿង​សំណង់​រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បាន​ឱ្យ​ដឹង​ថា ទីតាំង​ខាង​លើ​នេះ ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ម្ចាស់​ដេប៉ូ​នៅតែ​គឃ្លើន បន្ត​បំពាន​រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ​ម្តង​ហើយ​ម្តងទៀត ដោយ​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទាល់តែសោះ។

បន្ទាប់ពី​បញ្ចប់​ការ​រុះរើ លោក ជិន ប៊ុនធឿន បាន​ចាត់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​លាង​សម្អាត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ​រថភ្លើង​ចាស់​) ដើម្បី​រក្សាទុក​ភាព​ស្អាត និង​បង្កើន​សណ្ដាប់ធ្នាប់​ក្នុង​តំបន់​កាន់តែ​ប្រសើរ។

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បញ្ជាក់​ថា នឹង​មិន​រំលង​ចំពោះ​ករណី​ណា​ដែល​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ ឬ​បង្ក​ការ​រំខាន​ដល់​សណ្ដាប់ធ្នាប់​របស់​មូលដ្ឋាន​ឡើយ។ ការ​អនុវត្ត​វិធានការ​ប្រកប​ដោយ​ភាព​តឹងរ៉ឹង​នេះ មាន​គោលបំណង​រក្សា​សុវត្ថិភាព បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ និង​បង្កើត​បរិយាកាស​រស់នៅ​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់។

អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ សូម​ចូលរួម​សហការ គោរព​តាម​បទបញ្ញត្តិ និង​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​រំលោភ​សាធារណៈ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម