Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញ​ឱ្យ​ប៉ុស្តិ៍ សង្កាត់​យក​ចិត្តទុកដាក់ដល់អតីតយុទ្ធជននិងវិវត្តជន ដើម្បី​ជួយ​ពួក​គាត់​ទាន់ពេល

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង ជា​អគ្គ​លេខាធិការ សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក. បាន​ជំរុញ​ឱ្យ​ប៉ុស្តិ៍​និង​សង្កាត់ យកចិត្តទុកដាក់ដល់អតីតយុទ្ធជន​និង​វិវត្តជន​កម្ពុជានៅ​ក្នុងរាជធានីភ្នំពេញ ដើម្បី​ទទួលបាននូវព័ត៌មានពិតច្បាស់លាស់ នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​យើង​អាច​ទាក់ទង​ជួយ​ពួក​គាត់​បាន​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​របស់​លោក នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជន​កម្ពុជា រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍​ថា អតីត​យុទ្ធជន​និង​និវត្តជន​ពួកគាត់ពិតជា​បាន​លះបង់ធំធេងណាស់ សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយ ទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺ​ដើម្បី​ឱ្យ​យើង​ជួយ​មើល​ថែ​ចិញ្ចឹម ពួកគាត់។ បន្ថែម​ពី​នេះ លោកបានណែនាំ​ឱ្យ​ប៉ុស្តិ៍ សង្កាត់ បើ​មាន​អតីតយុទ្ធជន និង​និវត្តជន​ណា​ម្នាក់ស្លាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវ​ចូលរួមបុណ្យសព​របស់គាត់ដល់ខ្នងផ្ទះ។

លោក​បាន​បន្ត​ថា រាជធានីភ្នំពេញ​មាន​ទំហំ​ធំ​ណាស់ ដូច្នេះ​ការងារ​ពាក់ព័ន្ធ​នឹង​អតីត​យុទ្ធជន​និងវិវត្តជន ក៏​មាន​ទំហំ​ការងារ​ធំ​ណាស់​ដែរ ដោយ​នៅរាជធានីភ្នំពេញ​មានអតីតយុទ្ធជននិងនិវត្តជន រហូតទៅដល់ជិត៤ម៉ឺននាក់ ហើយ​កិច្ចការងារ​នេះ​គឺ​សម្ដេច​ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំងណាស់។

លោក​កិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាព គណៈកម្មាធិការរាជធានី គឺ​ជាការ ជំរុញ​បន្ថែម​ទៀត​នូវ​ការ​សម្រប​សម្រួល​ និង ការ​យក​ចិត្តទុកដាក់ពី សំណាក់ថ្នាក់​ដឹក​នាំ​សមាគមរាជធានីជូន អតីយុទ្ធជននិងនិវត្តជនក្នុង មូលដ្ឋានរបស់ខ្លួន។

លោក កិត្តិសង្គហ បណ្ឌិត គន់ គីម បានបន្តថា៖សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាព​រស់​នៅ​របស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បី បុព្វហេតុរំដោះជាតិនាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ ដែលទើបទទួលបានការតែងតាំងថ្មី ក្នុង​ឱកាស​នោះ​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន​ដែល​បាន​ផ្ដល់ទំនុកចិត្តតែងតាំងលោក​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទំនុក​ចិត្ត​របស់សម្ដេចតេជោហ៊ុនសែន លោក សូមប្តេជ្ញាចិត្តគោរពតាម ការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើនបន្ថែមទៀត។ ប្ដេជ្ញា​ចិត្ត​គោរពនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម ,យកចិត្តទុក ដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់​ការឧបត្ថម្ភដល់ គ្រួសារសមាជិកដែលបានទទួល មរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។

គួរបញ្ជាក់ថា ពិធី​នេះ​ត្រូវបានប្រកាសឱ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ជាអនុប្រធានកិត្តិយសគណៈកម្មាធិការ អ.ន.ក.រាជធានី,លោកស្រី តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ,លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគបាលរាជធានី និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន ជាមួយនិងការប្រកាសជាសមាជិកជាច្រើនរូបទៀត។

ក្នុង​ឱកាស​នោះ​លោក​នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម​បាន​ផ្ដល់​សម្ភារ​បរិក្ខា​មួយ​ចំនួន​ដល់​គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ សម្រាប់​បម្រើការងារ​ហើយ​លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ​ក៏​បាន​ឧបត្ថម្ភ​ថវិកាដល់អតីតយុទ្ធជននិងវិវត្តជន​នៅ​រាជធានីភ្នំពេញក្នុងម្នាក់១០ម៉ឺនរៀល៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម