ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ វិស័យធានារ៉ាប់រងដើរតួនាទីសំខាន់ក្នុងការការពារប្រជាជន គាំទ្រអាជីវកម្ម រួមចំណែកភាពធន់ក្នុងតំបន់
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គូសបញ្ជាក់ថា «វិស័យធានារ៉ាប់រង ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រជាជន គាំទ្រអាជីវកម្ម និងរួមចំណែកដល់ភាពធន់ក្នុងតំបន់អាស៊ាន»។

ការគូសបញ្ជាក់នេះក្នុងកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី ២៨ រួមជាមួយកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី ៥១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ ក្រោមប្រធានបទ«ជំរុញកំណើនសមូហភាព និងភាពធន់ ដើម្បីជម្នះឧបសគ្គដែលកំពុងកើតមាន» នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោក រស់ សីលវ៉ា បានបន្តថា ប្រធានបទ នៃកិច្ចប្រជុំ ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ នៃវិស័យធានារ៉ាប់រង ក្នុងការជួយដល់ ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់អាស៊ាន។ ការងាររបស់និយ័តករ និងអ្នកដឹកនាំឧស្សាហកម្ម បានរួមចំណែកដោយផ្ទាល់ដល់សន្តិសុខហិរញ្ញវត្ថុ ទំនុកចិត្តផ្នែកសេដ្ឋកិច្ច និងការការពារ សម្រាប់គ្រួសារ និងអាជីវកម្មទូទាំងតំបន់។
លោកបន្តទៀតថា សម្រាប់អនាគត បញ្ហាសំខាន់ៗ ជាច្រើន នឹងតម្រូវឲ្យមានកិច្ចសហការបន្ត ក្នុងនោះ ហានិភ័យទាក់ទងនឹងអាកាសធាតុកំពុងក្លាយជាប្រភពដ៏សំខាន់ នៃហានិភ័យហិរញ្ញវត្ថុ ដែលប៉ះពាល់ដល់ភាពធន់ និងស្ថិរភាពហិរញ្ញវត្ថុ នៃគ្រួសារ អាជីវកម្ម និងសេដ្ឋកិច្ចជាតិ។ បណ្ដាប្រទេសអាស៊ាន នៅតែងាយរងគ្រោះដោយទឹកជំនន់ ព្យុះ គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត។ ជាពិសេសការផ្លាស់ប្ដូរឌីជីថល និងបច្ចេកវិជ្ជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងរៀបចំឡើងវិញនូវវិស័យធានារ៉ាប់រង។ សេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ត្រូវបានគេរំពឹងថា នឹងឈានដល់ប្រាក់ចំណូលប្រហែល ១៣៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។
លោក រស់ សីលវ៉ា បានសម្ដែងការស្វាគមន៍ចំពោះការចូលរួមរបស់និយ័តករ និងប្រតិបត្តិករអាស៊ានទាំងអស់ ជាពិសេសនិយ័តករធានារ៉ាប់រងរបស់ប្រទេសទីម័រខាងកើត ដែលជាសមាជិកវ័យក្មេងបំផុត នៃគ្រួសារអាស៊ាន ក៏ដូចជាអ្នកតំណាងមកពីអង្គការក្នុងតំបន់ និងអន្តរជាតិ ដែលបានចូលរួម ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការជំរុញវិស័យធានារ៉ាប់រងក្នុងសហគមន៍អាស៊ាន។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងដែរថា និយ័តករធានារ៉ាប់រង ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញស្ថិរភាព ការការពារម្ចាស់គោលនយោបាយ និងធានាថាប្រព័ន្ធហិរញ្ញវត្ថុនៅតែមានភាពរឹងមាំ និងរួមបញ្ចូល។ តាមរយៈការធ្វើការរួមគ្នា អាចពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ លើកកម្ពស់ការច្នៃប្រឌិត និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារធានារ៉ាប់រងដែលមានទាំងភាពធន់ និងឆ្លើយតបការផ្លាស់ប្ដូរតម្រូវការរបស់ប្រជាជនផងដែរ។

លោកបានបន្តថា កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាននេះ បានបម្រើការជាវេទិកាដ៏មានតម្លៃសម្រាប់ការសន្ទនា ការសហការ និងការផ្លាស់ប្ដូរការអនុវត្តល្អបំផុត ដើម្បីពង្រឹងចក្ខុវិស័យរួមឆ្ពោះទៅរកឧស្សាហកម្មធានារ៉ាប់រងអាស៊ានដ៏រឹងមាំ រួមបញ្ចូលគ្នា និងនិរន្តរភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា អាស៊ាន អាចបន្តកសាងទំនុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញរបៀបវារៈរួមឆ្ពោះទៅកាន់អនាគតកាន់តែមានសុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា៕
អត្ថបទ ៖ គឿនវេត




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


