Connect with us

ព័ត៌មានជាតិ

នៅវេទិកាយូណេស្កូ កម្ពុជាអំពាវនាវឱ្យអន្តរជាតិបន្តការពារ និងស្តារប្រាសាទព្រះវិហារដែលរងការខូចខាតដោយយោធាថៃ

បានផុស

នៅ

កម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការការពារ និងស្តាររមណីយដ្ឋានប្រាសាទព្រះវិហារ ដោយលើកឡើងថា ការខូចខាតដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ មិនត្រឹមតែប៉ះពាល់ដល់សំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់តម្លៃលេចធ្លោជាសកល និងអត្តសញ្ញាណវប្បធម៌របស់មនុស្សជាតិផងដែរ។

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោករបស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានក្រសួងវប្បធម៌ ចុះថ្ងៃទី ២២ ខែកក្កដា បានឱ្យដឹងថា ក្នុងបទអន្តរាគមន៍ចំពោះអង្គប្រជុំ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌ ពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កម្ពុជាក៏បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះប្រាសាទ ព្រះវិហារ បន្ទាប់ពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ជាពិសេសការបញ្ជូនបេសកកម្ម ប្រឹក្សារួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងICOMOS ដែលបានអនុវត្តនៅខែមីនា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី បានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value – OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍មូលដ្ឋាននៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។

លោកស្រី ក៏បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្ត វិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀប​ចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។

ជាមួយគ្នានេះ លោកស្រីក៏បានគូសបញ្ជាក់បន្ថែមថាកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេច បានពេញលេញឡើយ ដរាបណាការគំរាមកំហែងចំពោះរមណីយដ្ឋាននៅតែបន្តមាន។ គណៈប្រតិភូកម្ពុជា បានទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត និងឆ្លុះបញ្ចាំងពីចេតនាបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី។

លោកស្រីបានអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ស្របតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានស្នើសុំឱ្យគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោកបន្ត តាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរមណីយដ្ឋាន បន្តគាំទ្រការងារអភិរក្ស និងស្តារឡើងវិញជាបន្ទាន់ និងបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការគោរពអនុសញ្ញាអន្តរជាតិ​ស្តីពីការការពារបេតិកភណ្ឌវប្បធម៌។

លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា សោកនាដកម្មដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម