Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​មាន​គោល​ដៅ​បញ្ចូល​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​បាន​៥%​បន្ថែម​ទៀត​ទៅ​ក្នុង​ប្រព័ន្ធ​នៅ​ត្រឹម​ឆ្នាំ​២០២៨

បានផុស

នៅ

រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​ការងារ​ លោកស្រី សុវណ្ណ វណ្ណារតន៍ បាន​ថ្លែង​ថា​រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​មាន​ការ​បញ្ចូល​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ៥%​បន្ថែម​ទៀត​​ចូល​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ត្រឹម​ឆ្នាំ​២០២៨​ខាង​មុខ​ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពេញ​លេញ​ពី​ប្រព័ន្ធ​គាំពារ​សង្គម​។ យ៉ាង​ណា​ក្ដី​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​ស្វែង​រក​ដំណោះស្រាយ​មួយ​ក្នុង​ពេល​អន្តរកាល​នេះ​ដើម្បី​ជួយ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខា​សាលា​ស្ដីពី​ ការ​ពង្រីក​វិសាល​ភាព​នៃ​ការ​អនុវត្ត​របប​សន្ដិសុខ​សង្គម និង​ការ​ជំរុញ​ឈាន​ចូល​ក្នុង​ប្រព័ន្ធ​របស់​កម្មករ​និយោជិក នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ បាន​ថ្លែង​ថា​ ការ​ដាក់​បញ្ចូល​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ក្នុង​ប្រព័ន្ធ​គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ ដោយ​បាន​រៀប​ចំ​គោល​នយោបាយ​ និង​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដើម្បី​ឱ្យ​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ទាំង​នោះ​ចូល​ក្នុង​ប្រព័ន្ធ​ត្រឹមត្រូវ​។ លោកស្រី​ថា​ បច្ចុប្បន្ន​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ដល់​ ៧៥​%​នៃ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស ហើយ​រដ្ឋាភិបាល​មាន​បំណង​ធ្វើ​យ៉ាង​កាល​បន្ថយ​នៅ​ត្រឹម​៧០​%​នៅ​ឆ្នាំ​២០២៨​ខាង​មុខ​។

លោកស្រី វណ្ណារតន៍៖ «%ហ្នឹង​បើ​និយាយ​ពី​ចំនួន​កម្មករ​និយោជិក​របស់​យើង​គឺ​មិន​តិច​ទេ។ ឃើញ​៥%​ភាគរយ​តែ​បើ​ជា​ចំនួន​គឺ​ជា​លាន​នាក់ នេះ​ជា​ចំណុច​មួយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា​នេះ​ជាការ​គិតគូរ​យ៉ាង​ហ្មត់​ចត់​របស់​រាជរដ្ឋាភិបាល​ហើយ​ត្រូវការ​ការ​គាំទ្រ​ពី​បងប្អូន​របស់​យើង​ទាំង​អស់​គ្នា»


​​​មន្ត្រី​បច្ចេកទេស​ផ្នែក​គាំពារ​សង្គម​ និង​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​លោកស្រី Helen Kirsch បាន​លើក​ឡើង​ថា ការ​ជំរុញ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឈាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គឺ​ជា​រឿង​មួយ​ដែល​ចាំ​បាច់ ដើម្បី​ពង្រីក​នូវ​ប្រព័ន្ធ​សន្តិសុខ​សង្គម​។ លោក​ស្រី​បាន​លើក​ឡើង​ថា​អ្នក​ដែល​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ការ​ប្រឈម​នឹង​ជីវភាព​ខ្លាំង​នៅ​ពេល​ដែល​គាត់​បាត់​បង់​ការងារ ធ្លាក់​ខ្លួន​ឈឺ ឬ​ពេល​ដែល​ជួប​នឹង​វិបត្តិ​ផ្សេង​ៗ។

លោក​ស្រី​ថា៖ «វា​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​ហើយ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​តម្រូវ​ឱ្យ​យើង​ទាំង​អស់​គ្នា​សហការ​ជាមួយ​គ្នា(រវាង​រដ្ឋាភិបាល សង្គមស៊ីវិល និង​វិស័យ​ឯកជន)​»

នាយិកា​អង្គការ​អុក​ស្វាម​​កម្ពុជា​លោកស្រី ភាណ សោភ័ណ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​កាល​ពី​ព្រឹក​នេះ​ផង​ដែរ​ថា​ គម្លាត​ដ៏​ធំ​​រវាង​កម្មករ​ក្រៅ​ប្រព័ន្ធ​ និង​ក្នុង​ប្រព័ន្ធ​ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​លទ្ធភាព​នៃ​ការ​ទទួល​បាន​ការពារ​សង្គម និង​ការ​ងារ​ស្របច្បាប់​។ លោកស្រី​បន្ថែម​ថា​ចំនួន​កម្មករ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ភាគ​ច្រើន​​នៃ​ពលកម្ម​ក្នុង​ប្រទេស គឺ​ជា​អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

លោកស្រីថា៖ «គម្លាត​នេះ​គឺ​ជា​សក្ដានុពល​ថា​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​​កិច្ច​គាំពារ​សង្គម​ទៅ​លើ​កម្មករ​ដែល​វិស័យ​ធំ​ៗ​របស់​យើង​ដូចជា​វិស័យ​កសិកម្ម​ និង​វិស័យ​ផ្លូវ​ការ​ដទៃ​ទៀត​ដែល​គាត់​ទៅ​បម្រើ​ការងារ​នៅ​​កន្លែង​ដែល​មិន​ទាន់​មាន​ការ​រៀបចំ​ការងារ​តាម​បែប​ផ្លូវ​ការ»


​​​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​បាន​ចូល​រួម​ត្រួតត្រាយ​ផ្លូវ​ លើ​គំនិត​ផ្ដួច​ផ្ដើម​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ កាតាលីករ​សកល​ស្ដីពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ និង​បាន​អនុម័ត​ផែនទី​បង្ហាញ​ផ្លូវ​របស់​កម្ពុជា នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​បង្ហាញ​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ច​គាំពារ​សង្គម​ដល់​ប្រជាជន​កម្ពុជា ខណៈ​គិត​មក​ដល់​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រហែល​៧លាននាក់ ស្មើ​នឹង​៤១% នៃ​ប្រជាជន​សរុប​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​ការ​ពារ​សង្គម៕



អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម